កម្ពុជា

តំណាង UN ជំរុញ​ឲ្យ​កម្ពុជា កុំ​ជ្រៀតជ្រែក​តុលាការ​ខ្មែរ​ក្រហម

លោកស្រី Patricia O’Brien ​អគ្គលេខាធិការរង​អង្គការ​សហប្រជាជាតិ
លោកស្រី Patricia O’Brien ​អគ្គលេខាធិការរង​អង្គការ​សហប្រជាជាតិ © UN

បន្ទាប់ពី​កិច្ចប្រជុំ កាលពី​ព្រលប់​ថ្ងៃទី​២០​តុលា​ម្សិលមិញ ភាគី​អង្គការ​សហប្រជាជាតិ បាន​ប្រកាស​ថា លោកស្រី Patricia O’Brien អគ្គលេខាធិការរង​អង្គការ​សហប្រជាជាតិ ទទួលប​ន្ទុក​កិច្ចការ​ច្បាប់ បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ឈប់​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​សាលាក្តី​ខ្មែរក្រហម។ ចំណែក​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា នៅ​តែ​ប្រកាន់​ជំហរ​ថា ខ្លួន​មិន​បាន​ជ្រៀតជ្រែក លើ​ដំណើរ​តុលាការ​ខ្មែរក្រហម​ទេ។

ផ្សាយពាណិជ្ជកម្ម

លោកស្រី Paticia O’Brien អគ្គលេខាធិការរង​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​កិច្ចការ ច្បាប់ បាន​ជួបប្រជុំ​ជាមួយ​លោក​ឧបនាយក​រដ្ឋមន្ត្រី សុខ អាន តំណាង​រដ្ឋាភិបាល​កម្ពុជា ទទួល​បន្ទុក​តុលាការ​ខ្មែរក្រហម កាលពី​ព្រលប់​ថ្ងៃទី​២០​តុលា ឆ្នាំ​២០១១។ កិច្ចពិភាក្សា​ដោយ​បិទទ្វារ​រយៈពេល​១ ម៉ោង និង ៣០ នាទី​នោះ លើក​ឡើង​ពី​ការវិវឌ្ឍន៍​ថ្មីៗ នៅ​សាលាក្តី​ខ្មែរក្រហម។

 
លោកស្រី​អគ្គលេខាធិការរង​អង្គការ​សហប្រជាជាតិ មក​កាន់​កម្ពុជា​ពេល​នេះ បន្ទាប់ពី​លោក Sigfried Blunk សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ បាន​ដាក់​ពាក្យ​លាលែង កាលពី​ថ្ងៃ​៩​តុលា។ លោក Blunk បាន​ភ្ជាប់​ការ​លា​ឈប់​របស់​លោក​ទៅ​នឹង​សេចក្តី​ថ្លែងការណ៍​ជា​បន្តបន្ទាប់​របស់​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា ប្រឆាំង​នឹង​ដំណើរការ សំណុំ​រឿង ០០៣ និង ០០៤។​

សេចក្តីប្រកាស​របស់​ភាគី​អង្គការ​សហ​ប្រជាជាតិ នៅ​ក្រោយ​កិច្ចប្រជុំ កាល​ពី​យប់មិញ បង្ហាញថា លោកស្រី Paticia O’Brien បាន​ជំរុញ​យ៉ាង​ខ្លាំង​ដល់​រដ្ឋាភិបាល​កម្ពុជា ឱ្យ​ឈប់​ចេញ​សេចក្តី​ថ្លែងការណ៍​ទាំងឡាយ ដែល​ប្រឆាំង​នឹង​ដំណើរការ​សំណុំ​រឿង​០០៣ និង ០០៤។ រដ្ឋាភិបាល ក៏​ត្រូវ​ឈប់​ជ្រៀតជ្រែក​តាម​វិធី​ណា​ក៏​ដោយ ជាមួយ​នឹង​ដំណើរការ​កាត់ទោស​មេ​ខ្មែរក្រហម។

តាម​សេចក្តី​ថ្លែង​ការណ៍ លោកស្រី​អគ្គលេខាធិការរង​អង្គការ​សហប្រជាជាតិ ក៏​បាន​គូស​បញ្ជាក់​នូវ​កាតព្វកិច្ច​របស់​រដ្ឋាភិបាល​កម្ពុជា លើ​សហប្រតិបត្តិការ​យ៉ាង​ពេញលេញ ជាមួយ​នឹង​តុលាការ​ខ្មែរក្រហម។ លោកស្រី Paticia ក៏បាន​លើក​ឡើង​នូវ​ការអំពាវនាវ​យ៉ាង​ម៉ឺងម៉ាត់​របស់​អង្គការ​សហប្រជាជាតិ ចំពោះ​គ្រប់​ភាគី​ឱ្យ​គោរព និង​គាំទ្រ​សេចក្តី​សុចរិត និង​ឯករាជភាព នៃ​ដំណើរការ​តុលាការ​ខ្មែរក្រហម។

​កាលពី​ព្រលប់​ថ្ងៃ​ម្សិលមិញ គណៈរដ្ឋមន្ត្រី​របស់​រដ្ឋាភិបាល​កម្ពុជា ក៏​បាន​ចេញ​ផ្សាយ​សេចក្តី​ថ្លែងការណ៍ ដោយ​លើកឡើង​ថា ក្នុង​កិច្ចប្រជុំ ក្រៅពី​បដិសេធ​ការចោទ​ប្រកាន់​ពី​ការជ្រៀតជ្រែក​លើ​តុលាការ​ខ្មែរក្រហម លោក សុខ អាន បាន​សង្កត់ធ្ងន់​អំពី​ភាពចាំបាច់​របស់​អ្នក​ធ្វើ​ការសម្រេចចិត្ត​នៃ​ភាគី​ទាំងពីរ ដើម្បី​បំពេញ​ការទទួល​ខុសត្រូវ​របស់​ខ្លួន ដោយ​មិន​អនុញ្ញាត​ឱ្យ​មាន​ការរំខាន​ពី​ការ​បំប៉ោង​ព័ត៌មាន ការដាក់​គំនាប និង​ការជ្រៀតជ្រែក​ដ៏​ខ្លាំង​ពី​សំណាក់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ពី​សំណាក់​ភាគី​ខាងក្រៅ​ដទៃៗ​ទៀត។

​តាម​សេចក្តីប្រកាស​របស់​រដ្ឋាភិបាល ភាគី​ទាំងពីរ​ក៏​បាន​ស្វាគម​ផង​ដែរ នូវ​សាលដីកា​ស្ថាពរ​នៃ​សំណុំ​រឿង​០០១ ដែល​នឹង​ប្រកាស​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ និង​សេចក្តី​ប្រកាស​ ស្តីពី​ដំណើរការ​សវនាការ​លើ​អង្គ​សេចក្តី​នៃ​សំណុំ​រឿង​០០២ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០១១។ ភាគី​ទាំងពីរ​បាន​សំដែង​នូវ​ឆន្ទៈ​ឱ្យ​ដំណើរការ​តុលាការ​បន្ត​ទៅ​មុខ​យ៉ាង​ឆាប់រហ័ស និង​ដោយ​រលូន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI