អានតួអត្ថបទ
កម្ពុជា

លោក ស៊ូប៊ែឌី មក​បំពេញ​បេសកកម្ម​សិទ្ធិមនុស្ស​លើកទី៥ នៅ​កម្ពុជា

លោក ស៊ូយ៉ា ប្រាសាទ ស៊ូប៊ែឌី អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា
លោក ស៊ូយ៉ា ប្រាសាទ ស៊ូប៊ែឌី អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា ©
ដោយ៖ ប៉ែន បូណា
១៧ នាទី

អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​ ​លោក​ ស៊ូយ៉ា ​ប្រាសាទ ស៊ូប៊ែឌី ​នឹង​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​លើក​ទី​៥ នៅ​កម្ពុជា​ចាប់ពី​ថ្ងៃ​ទី​៣០​ខែ​ឧសភា ដល់​ថ្ងៃ​ទី​៣​ខែ​មិថុនា​ឆ្នាំ​២០១១​នេះ។ នេះ​បើ​យោង​តាម​ការប្រកាស​ឲ្យដឹង​របស់​ឧត្តម​ស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ។​ នេះ​ជា​ដំណើរ​ទស្សនកិច្ច​ការងារ​លើក​ទី៥​របស់​លោក​ស៊ូប៊ែឌី តាំងពី​លោក​ត្រូវ​បាន​តែងតាំង​ជា​អ្នករាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា កាលពី​ខែ​មីនា​ឆ្នាំ២០០៩។ ​ទស្សនកិច្ច​របស់​លោក ​ស៊ូប៊ែឌី ​ពេល​នេះ​បាន​ធ្វើ​ឡើង ចំពេល​ដែល​អតីត​សហការី​របស់​លោក គឺ​លោក Christophe Peschoux ​ទើប​បាន​លា​ឈប់​ដោយសារ​បញ្ហា​ចម្រូងចម្រាស់​ជាមួយ​រដ្ឋាភិបាល​កម្ពុជា។

ផ្សាយពាណិជ្ជកម្ម

 

ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​៥​ថ្ងៃ​នៅ​កម្ពុជា ​លោក​ស៊ូយ៉ា ប្រាសាទ ​ស៊ូប៊ែឌី​ មាន​គំរោង​ជួប​សន្ទនា​ជាច្រើន ជាមួយ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា និង​ដៃគូ​ពាក់​ព័ន្ធ​នានា​ដើម្បី​បន្ត​ការសិក្សា​លើ​ការងារ​របស់​រដ្ឋាភិបាល ​រដ្ឋសភា​ និង​ព្រឹទ្ធសភា ក្នុង​គោលដៅ​ស្វែងរក​មធ្យោ​បាយ​ពង្រឹង​ការលើក​ស្ទួយ​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ នេះ​បើ​យោង​តាម​ការប្រកាស​ឲ្យ​ដឹង​របស់​ឧត្តម​ស្នងការ​សិទ្ធិ​មនុស្ស​សហប្រជាជាតិ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហ្សឺណែវ។

ទស្សនកិច្ច​របស់​លោក​ស៊ូប៊ែឌី នៅ​ពេល​នេះ​គឺជា​ការបន្ត​បេសកកម្ម​សិទ្ធិ​មនុស្ស​របស់​លោក​ពី​ទស្សនកិច្ច លើក​មុន ចាប់​ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​២៤​ខែ​កុម្ភៈ​ឆ្នាំ២០១១។ អ្នករាយការណ៍​ពិសេស​ខាង​សិទ្ធិ​មនុស្ស​សហប្រជាជាតិ​នឹង​បន្ត​តាមដាន​មើល​ការអនុវត្តន៍​នានា​ដែល​លោក​បាន​ផ្តល់​អនុសាសន៍​ដល់​រដ្ឋាភិបាល​កម្ពុជា។ លោក​ក៏​នឹង​ផ្តោត​ទៅ​លើ​ការពិនិត្យ​មើល​ប្រព័ន្ធ​តុលាការ​កម្ពុជា​ផងដែរ។ នៅ​ក្នុង​អំឡុង​ពេល​ស្នាក់នៅ​កម្ពុជា ​លោក​ស៊ូប៊ែឌី​ក៏គ្រោង​នឹង​ជួប​ជាមួយ​មេដឹកនាំ​សង្គម​ស៊ីវិល ​តំណាង​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​នានា ​និង​ក្រុម​ម្ចាស់​ជំនួយ​ ព្រមទាំង​ក្រុម​អ្នកការទូត​នានា ប្រចាំ​នៅ​កម្ពុជា​ផងដែរ​ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ ​ការពិនិត្យ​អង្កេត​ទាំង​នោះ​នឹង​ត្រូវ​សរសេរ​ចូល​ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​ដើម្បី​ជំរាប​ជូន​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ។

ដំណើរ​ទស្សនកិច្ច​របស់​លោក ​ស៊ូប៊ែឌី ​នៅ​ពេល​នេះ​បាន​ធ្វើ​ឡើង ចំពេល​ដែល​អតីត​ប្រធាន​ការិយាល័យ​ឧត្តម​ស្នងការ​សិទ្ធិមនុស្ស​សហប្រជាជាតិ​នៅ​កម្ពុជា​លោក Christophe Peschoux បាន​ចាកចេញ​ទៅ​កាន់​ការងារ​ថ្មី នៅ​ឯ​ទីស្នាក់ការ​ធំ​ក្រុង​ហ្សឺណែវ​វិញ កាល​ពី​ដើម​ខែ​ឧសភា​នេះ។ ​លោក ​ Christophe Peschoux ​ដែល​ហ៊ាន​រិះគន់​បញ្ហា​សិទ្ធិមនុស្ស​មិន​សូវ​សំចៃមាត់​បាន​លាលែង​ពី​ការងារ​នៅ​កម្ពុជា បន្ទាប់​ពី​មាន​បញ្ហា​ចម្រូង​ចម្រាស់​ជាមួយ​រដ្ឋាភិបាល​នៅ​ក្នុង​ការវាយ​តម្លៃ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​បាន​គំរាម​ថា នឹង​បិទ​ការិយាល័យ​សិទ្ធិមនុស្ស​របស់​សហប្រជាជាតិ ប្រសិន​បើ​ការិយាល័យ​នេះ​មិន​ព្រម​ប្តូរ​លោក​ Christophe Peschoux ​ចេញ​ទេ​នោះ។​ គេ​មិន​ទាន់​ដឹង​ថា ​ការ​មក​ដល់​របស់​លោក​ស៊ូប៊ែឌី​នៅ​ចុង​ខែ​ឧសភា​នេះ​នឹង​ជា​ពេលវេលា​សម្រាប់​តែងតាំង​ប្រធាន​ការិយាល័យ​ថ្មី​ដែរ ឬ​ក៏​អត់​នោះ​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ