អ.ស.ប បានសំរេចថ្កោលទោសឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅស៊ីរី
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
គណៈកម្មាធិការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានប្រកាសណែនាំ នៅថ្ងៃសុក្រ ទី២ ធ្នូនេះ អោយរាល់បណ្តាអង្គការដែលស្ថិតនៅក្រោមស្ថាប័នរបស់ខ្លួន ដាក់ចេញវិធានការទាំងឡាយណា ដើម្បីទប់ទល់ និងបញ្ឈប់ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលកំពុងកើតមាននៅទីក្រុងដាម៉ាស់។
ដោយទទួលបានសំឡេងគាំទ្រ ៣៧ អនុបវាទ ៦ ឈ្នះសំឡេងប្រឆាំងតែ៤ ពីចិន រុស្ស៊ី និងប្រទេសពីរទៀត គណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានសំរេចថ្កោលទោសស៊ីរី ដោយចោទប្រកាន់ថា អំពើហិង្សា “ស្តែងៗ” ដែលប្រព្រឹត្តឡើងដោយរដ្ឋាភិបាលលោក Bachar Al Assad នាពេលបច្ចុប្បន្នគឺជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
សេចក្តីសំរេចជាផ្លូវការនេះដែលបានអនុម័តនៅទីក្រុង Genève នឹងអនុញ្ញាតផងដែរអោយ គេអាចចាត់តាំងអ្នកនាំពាក្យ ពិសេសរបស់អង្គការសហប្រជាជាតិម្នាក់ ដើម្បីឃ្លាំមើលយ៉ាងប្រកៀកប្រកិត ស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសដែលប្រកបដោយភាពច្របូកច្របល់មួយនេះ។
ប៉ុន្តែឯកអគ្គរដ្ឋទូតស៊ីរី លោក Faysal Khabbaz Hamoui បានរិៈគន់តបតទៅវិញថា សេចក្តីសំរេចនេះមានលក្ខណៈនយោបាយ និងជាការបិទផ្លូវមិនអោយមានការសហការក្នុងន័យស្ថាបនា។
“ទោះបីជាយ៉ាងណាក៏ដោយ សំរាប់សហរដ្ឋអាមេរិក ដំណោះស្រាយមួយនេះ ដែលបានបោះឆ្នោតគាំទ្រដោយរដ្ឋអារ៉ាប់ចំនួន៥ ផងដែរ នឹងជួយអោយអង្គការសហប្រជាជាតិមានជំហររឹងមាំនៅក្នុងការដោះស្រាយវិបត្តិនៅស៊ីរី ” នេះជាការអះអាងរបស់ ឯកអគ្គរដ្ឋទូតអាមេរិកាំង លោកស្រី Eileen Chamberlain Donahoe។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្រ្តីក្រសួងការបរទេសបារាំង លោក Alain Juppé ក៏បានអបអរសាទរចំពោះសេចក្តីសំរេចនេះដែរ ដោយលោកបានថ្លែងថា “វាជាការបញ្ជាក់សាជាថ្មី ពីភាពឯកោរបស់រដ្ឋាភិបាលលោក Bachar Al Assad”។ រីឯនៅស៊ីរីវិញមនុស្សរាប់ម៉ឺននាក់នៅតែបន្តបាតុកម្មទាមទារអោយមេដឹកនាំផ្តាច់ការខាងលើ ចេញពីតំណែង។ គួររំលឹកដែរថា អំពើហិង្សានៅក្នុងប្រទេសស៊ីរីបានធ្វើអោយមនុស្ស ៤ពាន់នាក់ហើយបាត់បង់ជីវិត ក្នុងនោះ ៣០០នាក់ជាកុមារ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ