អង្គការសហប្រជាជាតិ៖ ស៊ីរីនៅមាត់ជ្រោះសង្រ្គាមស៊ីវិល
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ផែនការសន្តិភាពរបស់អង្គការសហប្រជាជាតិបានបរាជ័យ ព្រោះវាមិនបានជួបទបស្កាត់អំពើហិង្សា ដូចដែលគេបានគ្រោងទុកនោះឡើយ។ នៅពីរថ្ងៃក្រោយការសម្លាប់រង្គាលជាថ្មី ទៅលើប្រជាជនស៊ីរី ៧៨នាក់ នៅខេត្តHama ទាំងលោកបាន គីមូន អគ្គលេខាធិការ អង្គការសហប្រជាជាតិ និងលោកកូហ្វី អាណាន់ប្រេសិតសម្រាប់ដោះស្រាយវិបត្តិនៅស៊ីរីបានអំពាវនាវឲ្យសហគមន៍អន្តរជាតិអន្តរាគមន៍ជាបន្ទាន់ ដើម្បីដាក់គំនាបលើរដ្ឋាភិបាលក្រុងដាម៉ាសដើម្បីបញ្ចប់អំពើហិង្សា នៅស៊ីរី។
អ្វីៗបានឈានមកដល់ដំណាក់កាលមួយដែលគេមិនអាចរកច្រកផ្លូវចេញរួច។ មើលទៅលោកកូហ្វី អាណាន់ ហាក់ដូចជាអស់សមត្ថភាពដើម្បីសម្របសម្រួលឲ្យគូភាគីប្រឆាំងឈប់បង្កអំពើហិង្សា។ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ នៅក្នុងសន្និសីទកាសែត នៅក្រោយសេចក្តីថ្លែងការណ៍ ទៅកាន់ក្រុមប្រឹក្សាសន្តិសុខ លោកកូហ្វីអាណាន់ផ្ទាល់បានទទួលស្គាល់ ថា រដ្ឋាភិបាលស៊ីរីមិនបានអនុវត្តផែនការសន្តិភាពរបស់លោកទេ។ ចំណែកលោកបាន គីមូនវិញ បាននិយាយជាលើកទីមួយ ពីលទ្ធភាពបញ្ចប់បេសកកម្មរបស់ក្រុមអ្នកសង្កេតការណ៍ជិត ៣០០នាក់របស់អង្គការសហប្រជាជាតិ នៅប្រទេសស៊ីរី។
វត្តមានរបស់ក្រុមមួកខៀវ ក្នុងប្រទេសស៊ីរីធ្លាប់បានធ្វើឲ្យគេមានជំនឿទុកចិត្តថា នឹងជួយកាត់បន្ថយអំពើហិង្សា នៅស៊ីរី ប៉ុន្តែ បើតាមលោកបាន គីមូន បេសកកម្មរបស់ក្រុមអ្នកសង្កេតការណ៍ដែលគ្មានអាវុធនៅក្នុងដៃ មិនត្រូវបានគេគោរពទេ នៅស៊ីរី។ ក្រុមមួកខៀវ ត្រូវទ័ពរដ្ឋាភិបាលស៊ីរីរារាំងមិនឲ្យចូលទៅកាន់ភូមិដែលមានការសម្លាប់រង្គាល កាលពីថ្ងៃអង្គារ។ ហើយសឹងជារៀងរាល់ថ្ងៃ រថយន្តរបស់ក្រុមអ្នកសង្កេតការណ៍ត្រូវរងការបាញ់ប្រហារ ទាំងដោយកាំភ្លើងខ្លី និងកាំភ្លើងធុនធ្ងន់។
ដោយសារការរារាំងពីទាហានរដ្ឋាភិបាលស៊ីរី ក្រុមអ្នកសង្កេតការណ៍មិនអាចអង្កេតដឹងការពិតទេ តើក្រុមណាជាឧក្រិដ្ឋជនសម្លាប់រង្គាល ប្រជាជន។ ក្រុមប្រឆាំងតែងចោទក្រុមទាហានស្ម័គ្ររដ្ឋាភិបាលលោកBachar Al Assad ថា ជាជនដៃដល់សម្លាប់ប្រជាជនស៊ីវិល ចំណែករដ្ឋាភិបាលវិញ ដូចលើកមុនៗ បានឆ្លើយដាក់ក្រុមភេរវជនដែលបង្កប់ខ្លួននៅក្នុងក្រុមប្រឆាំង។
មើលទៅ បេសកកម្មរបស់ក្រុមមួកខៀវលែងមានប្រសិទ្ធិភាពជួយទប់ស្កាត់អំពើហិង្សានៅស៊ីរី។ ដូច្នេះ បើតាមសាររបស់លោកបាន គីមូន និងលោកកូហ្វី អាណាន់ គឺវាដល់ពេលហើយដែលសហគមន៍អន្តរជាតិឈប់បែកបាក់គ្នា ប៉ុន្តែ ត្រូវរួមគ្នាតែមួយ ដើម្បីដាក់គំនាបលើរដ្ឋាភិបាលរបស់លោកBachar Al Assad តាមរយៈការដាក់ទណ្ឌកម្ម។
ក្នុងន័យនេះ លោកកូហ្វី អាណាន់បានបញ្ជាក់ពីផែនការថ្មីដែលគាត់គ្រោងនឹងស្នើទៅក្រុមប្រឹក្សាសន្តិសុខ នោះ គឺការបង្កើតក្រុមប្រទេសដែលជួយដោះស្រាយវិបត្តិស៊ីរី។ ក្នុងក្រុមនេះ នឹងមានប្រទេសសមាជិកអចិន្រ្តៃយ៍ទាំងប្រាំរបស់ក្រុមប្រឹក្សាសន្តិសុខ និងក្រុមប្រទេសអារ៉ាប់ ពោលគឺក្រុមប្រទេសដែលគំាទ្រគូភាគីជម្លោះ ទាំងពីរ។ នៅភាគីគាំទ្រគឺរដ្ឋាភិបាលស៊ីរីមានប្រទេសរុស្ស៊ី ចិន និងអ៊ីរ៉ង់ ចំណែកប្រទេសដែលគាំទ្រក្រុមប្រឆាំងស៊ីរី មានប្រទេសកាតា អារ៉ាប៊ី សាអ៊ូឌីត និងតួកគី។ ប៉ុន្តែ បញ្ហានៅចោទត្រង់ថា អាមេរិក អង់គ្លេស និងបារាំងបានបដិសេធ ប្រឆាំងមិនឲ្យអ៊ីរ៉ង់ចូលរួមក្នុងក្រុមប្រទេសដោះស្រាយវិបត្តិនៅស៊ីរីទេ ព្រោះគេចាត់ទុកថា អ៊ីរ៉ង់ដែលកំពុងជាប់សង្ស័យនឹងរឿងអាវុធនុយក្លេអ៊ែរ ក៏ជាអ្នកចូលរួមផ្គត់ផ្គង់អាវុធដល់រដ្ឋាភិបាលស៊ីរីដើម្បីវាយប្រហារទៅលើក្រុមប្រឆាំង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ