ស៊ីរី អ.ស.ប

អ.ស.ប​ បើក​ការ​ស៊ើបអង្កត​ជុំវិញ​ការ​ប្រើ​អាវុធ​គីមី​នៅ​ក្នុង​ប្រទេស​ស៊ីរី​

អ្នកនាំពាក្យ​នៃក្រសួងការបរទេសស៊ីរី Jihad Makdissi​នៅឱកាស​សន្និសីទកាសែតនៅ​ក្រុង​ Damas ពន្យល់ពីជំហរស៊ីរី​ស្តីពីអាវុធគីមី
អ្នកនាំពាក្យ​នៃក្រសួងការបរទេសស៊ីរី Jihad Makdissi​នៅឱកាស​សន្និសីទកាសែតនៅ​ក្រុង​ Damas ពន្យល់ពីជំហរស៊ីរី​ស្តីពីអាវុធគីមី REUTERS/Stringer

អង្គការ​សហ​ប្រជាជាតិ​ បាន​សម្រេចចិត្ត​​បើក​​ការ​​ស៊ើបអង្កេត​​ជុំវិញ​​ការ​​ប្រើ​ប្រាស់​អាវុធ​គីមី​ជាយថាហេតុ​នៅ​ក្នុង​ប្រទេស​ស៊ីរី។ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ រដ្ឋាភិបាល​ទីក្រុង​ដាម៉ាស​និង​ក្រុម​ឧទ្ទាម បាន​ធ្វើ​ការ​ចោទ​គ្នា​ទៅ​វិញ ទៅ​មក ពី​ការ​ប្រើប្រាស់​អាវុធ​គីមី។ លោក​អគ្គលេខាធិការ អ.ស.ប បាន​សម្រេច​បញ្ជូន​ក្រុម​អ្នក​ស៊ើប​អង្កេត​របស់ អ.ស.ប​ទៅ​កាន់​ប្រទេស​ស៊ីរី តាម​សំណើ​របស់​រដ្ឋាភិបាល​ស៊ីរី ប្រទេស​បារំាង​និង​ប្រទេស​អង់គ្លេស។ យ៉ាងណាក៏​ដោយ បេសកកម្ម​របស់​ អ.ស.ប​នេះ ត្រូវ​បាន​គេ​ដឹង​ជា​មុន​ថា មិន​មែន​ងាយស្រួល​ឡើយ។ 

ផ្សាយពាណិជ្ជកម្ម

តាម​ពិត​ទៅ ការ​ស៊ើបអង្កេត​របស់​ អ.ស.ប​នឹង​ត្រូវ​ផ្តោត​ជា​ដំបូង លើ​ព្រឹត្តិការណ៍​នៃ​ការ​ទម្លាក់​គ្រាប់បែក​ដែល​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​អង្គារទី១៩មីនា​កន្លង​ទៅនៅ​ក្នុង​ស្រុក Khan al Assal ស្ថិត​ក្បែរ​ទីក្រុង Alep។ ព្រឹត្តិការណ៍​ដែល​កាល​ណោះ រដ្ឋាភិបាល​ទីក្រុង​ដាម៉ាស​បាន​ទម្លាក់​កំហុស​ដាក់​ក្រុមឧទ្ទាម ព្រម​ទំាង​ចោទ​ក្រុមឧទ្ទាម​ថា​បាន​ប្រើប្រាស់​អាវុធគីមី​ទៀត​ផង។ ការ​ចោទ​យ៉ាង​ដូច្នេះ​ដោយ​របបក្រុង​ដាម៉ាស​សំអាង​ថា មាន​ការ​សាយភាយ​ក្លិន Chlore យ៉ាង​ខ្លំាង​នៅ​ក្រោយ​ការ​ទម្លាក់​គ្រាប់​បែក​នោះ។ ក្រុមឧទ្ទាម​បាន​បដិសេធ និង​បាន​ទម្លាក់​កំហុស​ដាក់​ទាហាន​រដ្ឋាភិបាល​វិញ។

ក្រៅ​ពី​ការ​ស៊ើបអង្កេត​ដំបូង​នៅ​ស្រុក Khan al Assal ស្ថិត​ក្បែរ​ទីក្រុង Alep បេសកកម្ម​របស់ អ.ស.ប ក៏​នឹង​ផ្តោត​លើ​ព្រឹត្តិការណ៍​ចំនួន​ពីរ​ទៀត​ដែល​បាន​កើត​មាន​នៅ​ក្បែរ​ទីក្រុង​ដាម៉ាស និង​ទីក្រុង Homs ដែរ។

ព្រឹត្តិការណ៍​ដែល​លើក​នេះ​ត្រូវ​បាន​ក្រុមឧទ្ទាម​ចោទ​ទាហាន​រដ្ឋាភិបាល​ពី​ការ​ប្រើប្រាស់​អាវុធ​គីមី​​វិញ​ម្តង។ យ៉ាង​ណា​ក៏​ដោយ បេសសកម្ម​របស់​ អ.ស.ប​ត្រូវ​បាន​គេ​មើល​ឃើញ​ទុក​ជា​មុន​ថា នឹង​ពិបាក​ទទួល​ចម្លើយ​ជាក់ច្បាស់​ណា​មួយ​ពី​ភាគី​ណា​មួយ​នោះ។

ម្យ៉ាង​ទៀត​នៅ​ពេល​នេះ លោក​អគ្គលេខាធិការ​ អ.ស.ប បាន គីមូន​នៅ​មិន​បាន​បញ្ជាក់​អំពី​ថ្ងៃខែ​ពិតប្រាកដ​នៃ​ការ​ទៅ​ដល់​ប្រទេស​ស៊ីរី​របស់​ក្រុម​អ្នកស៊ើបអង្កេត​ អ.ស.ប​នៅ​ឡើយ​ទេ។ មូលហេតុ មក​ពី​លោក​បាន គីមូន​ត្រូវ​ការ ការធានា​ពី​រដ្ឋាភិបាល​ស៊ីរី​ជាមុនសិន រួមមាន ធានា​សន្តិសុខនិង​សុវត្ថិភាព​ចំពោះ​ក្រុមអ្នកស៊ើបអង្កេត​របស់​ អ.ស.ប ដោយ​ធ្វើ​យ៉ាង​ណា ឲ្យ​ពួក​គេ​មាន​សិទ្ធិសេរីភាព​ពេញលេញ​ក្នុង​ការ​បំពេញ​ការងារ​របស់​ខ្លួន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI