អានតួអត្ថបទ
កម្ពុជា

ទីប្រឹក្សា​សាលាក្តី​ខ្មែរក្រហម​ជួប​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​កម្ពុជា

លោក​បាន គីមូន ក្នុង​ពេល​ទស្សនកិច្ច​នៅសាលា​ក្តី​ខ្មែរក្រហម (បណ្ណាសា)
លោក​បាន គីមូន ក្នុង​ពេល​ទស្សនកិច្ច​នៅសាលា​ក្តី​ខ្មែរក្រហម (បណ្ណាសា) ©ECCC
ដោយ៖ លាង ដឺលុច
១១ នាទី

ទីប្រឹក្សា​សាលាក្តី​ខ្មែរ​ក្រហម​លោក​David Sheffer​ដែល​តែងតាំង​ដោយ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បានជួប​ ពិភាក្សា​ការងារ​ជាមួយ​លោក​សុខ អាន​រដ្ឋមន្ត្រី​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ទទួលបន្ទុក​សាលាក្តី​ខ្មែរ​ក្រហម ​នៅ ល្ងាច​ថ្ងៃ​អង្គារ​ទី​២៤ មករា ២០១២។ អ្នកកាសែត​មិន​ត្រូវ​បាន​អនុញ្ញាត​អោយ​នៅ​រង់ចាំ​យក​ព័ត៌មាន​ស្តី​ពី​ជំនួប​ នេះ​ឡើយ។

ផ្សាយពាណិជ្ជកម្ម

 

អ្នកកាសែត​ត្រូវ​បាន​ស្នើ​អោយ​ចេញ​ពី​អាគារ​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី នៅ​ពេល​ដែល​លោក​ឧបនាយក​រដ្ឋមន្ត្រី​សុខ អាន​ត្រូវ​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​David Scheffer ទីប្រឹក្សា​របស់​សាលាក្តី​ខ្មែរ​ក្រហម​ដែល​ទទួល​បាន​ការតែងតាំង​ពី​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក​បាន គីមូន។ ភាគី​ទាំង​ពីរ​ត្រូវ​គេ​រំពឹង​ថា ត្រូវ​ជជែក​អំពី​តំណើរការ និង​តម្រូវការ​របស់​សាលាក្តី​ខ្មែរក្រហម ហើយ​ជា​ពិសេស គឺ​អាច​និយាយ​អំពី​សំណុំរឿង​ដ៏​រសើប​ទាក់ទង​នឹង​ការតែងតាំង​បេក្ខភាព​សហចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ។

មន្ត្រី​អ្នក​នាំពាក្យ​អង្គភាព​ព័ត៌មាន​និង​ប្រតិកម្មរហ័ស​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​បង្ហើប​អោយ​ដឹង​ថា ភាគី​ទាំង​ពីរ​នឹង​ចេញ​ផ្សាយ​សេចក្តីប្រកាស​ព័ត៌មាន​រួម​មួយ នៅ​ក្រោយ​ជំនួប​នៃ​ភាគី​ទាំងពីរ។

ព័ត៌មាន​ស្តី​ពី​ជំនួប​រវាង​ភាគី​ទាំង​ពីរ​ត្រូវ​បាន​មន្ត្រី​រដ្ឋាភិបាល​ប្រកាស​អោយ​ដឹង​កាល​ពី​ចុង​សប្តាហ៍​កន្លងទៅ ដែល​ធ្វើ​អោយ​អ្នក​ដែល​ចាប់​អារម្មណ៍​លើ​តំណើរការ​សាលាក្តី​ខ្មែរ​ក្រហម​រង់ចាំ​តាមដាន​មើ​ជំនួប​នេះ។

លោក David Scheffer គឺ​ជា​អតីត​ឯកអគ្គ​រដ្ឋ​ទូត​ពិសេស​ទទួល​បន្ទុក​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដែល​មាន​ពិសោធន៍​ការងារ​នៅ​ក្នុង​តុលាការ​អន្តរជាតិ​ជា​ច្រើន ហើយ​ក៏​ជា​អ្នក​ចូលរួម​បង្កើត​តុលាការ​ពិសេស​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ផងដែរ។

ការតែងតាំង​លោក​ David Scheffer​ជា​ទីប្រឹក្សា​សាលាក្តី​ខ្មែរ​ក្រហម​ធ្វើ​ឡើង ចំ​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា និង​អង្គការ​សហប្រជាជាតិ​កំពុង​ខ្វែង​គំនិត​គ្នា​ខ្លាំង​ចំពោះ​ការតែងតាំង​បេក្ខភាព​លោក​Laurent Kasper Ansermet ដែល​ជា​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​បម្រុង ជា​សហចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​ពេញសិទ្ធ។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ