ស្ថានទូតអាមេរិកត្រៀមធ្វើការជាមួយកម្ពុជាលើសំណុំរឿងWikileaks
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោកស្រីCarole Rodley បានជួបជាមួយអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោកខៀវ កាញារីទ្ធ ដើម្បីពិភាក្សាអំពីការធានាទំនាក់ទំនងការទូតអាមេរិកកម្ពុជា ដោយមិនអោយមានការរំខានពីរឿងអាស្រូវ Wikileaks។ វិបសៃត៍Wikileaks បានចុះផ្សាយឯកសារកំណត់ហេតុជាច្រើនម៉ឺនទំព័រ ដែលសុទ្ធសឹងជាឯកសារសម្ងាត់របស់រដ្ឋាភិបាលអាមេរិក នៅក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងជាមួយបរទេស គោលនយោបាយ និងសកម្មភាពរបស់រដ្ឋាភិបាលអាមេរិកដូចជា សង្គ្រាម នៅ អាហ្វហ្កានីស្តង់ និងការសន្ទនាគ្នារវាងថ្នាក់ដឹកនាំអាមេរិកជាមួយរដ្ឋាភិបាល សម្ព័ន្ធមិត្តរបស់គេមួយចំនួន។
សេចក្តីរាយការណ៍របស់លាង ដឺលុចពីទីក្រុងភ្នំពេញ
ការសម្ងាត់យោធារបស់ក្រសួងការពារជាតិអាមេរិក ការសម្ងាត់ការទូតរបស់រដ្ឋាភិបាលអាមេរិកជាច្រើនម៉ឺនទំព័រ ដែលបង្ហាញឡើងក្នុងការឆ្លងឆ្លើយគ្នារវាងមន្ត្រីទូតអាមេរិក ជាមួយក្រសួងការបរទេសអាមេរិក ស្រាប់តែបានលេចធ្លាយទៅដល់វិបសៃត៍Wikileaks ហើយដែលម្ចាស់វែបសៃត៍នេះ បានផ្សព្វផ្សាយក្នុងរយៈពេលចុងក្រោយនេះ។ រឿងសម្ងាត់ទាក់ទងនឹងការធ្វើសង្គ្រាមនៅអាហ្វហ្កានីស្តង់ក៏បានស្ថិតនៅក្នុងការទម្លាយ និងផ្សព្វផ្សាយឯកសារនោះដែរ។
ប៉ុន្មានថ្ងៃចុងក្រោយនេះ កាសែតក្នុងស្រុកមួយចំនួនក៏បានផ្សព្វផ្សាយអោយដឹងថា ការទម្លាយឯកសារសម្ងាត់របស់រដ្ឋាភិបាលអាមេរិក ដោយWikileaksនោះ ក៏មានផ្នែកខ្លះនិយាយពាក់ព័ន្ធដល់កម្ពុជាផងដែរ ដែលរបាយការណ៍ ត្រូវបានធ្វើឡើងដោយស្ថានទូតអាមេរិកនៅកម្ពុជា។ ក្រោយមានការផ្សព្វផ្សាយយ៉ាងដូច្នេះ ជំនួបរវាងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោកស្រីCarole Rodley និងអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោកខៀវ កាញារីទ្ធ ដែលជារដ្ឋមន្ត្រីក្រសួងព័ត៌មានផងដែរនោះ ត្រូវបានរៀបចំឡើង នៅព្រឹកថ្ងៃទី៣ធ្នូនេះ។ ការពិភាក្សារវាងមន្ត្រីជាន់ខ្ពស់ទាំងពីរបានផ្តោតទៅលើការធានារក្សាជំហរទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ប្រឈមនឹងការគំរាមកំហែងនៃការទម្លាយឯកសារសម្ងាត់របស់វិបសៃត៍ Wikileaks។
លោកខៀវ កាញារីទ្ធបានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិថា រដ្ឋាភិបាលអាមេរិកបានចាត់ទុក អំពើទម្លាយឯកសារសម្ងាត់នេះ ថាជាករណីឧក្រិដ្ឋមួយ ហើយដែលរដ្ឋាភិបាលអាមេរិកកំពុងកសាងសំណុំរឿងទៅតុលាការ។ បើតាមការបញ្ជាក់របស់លោកខៀវ កាញារីទ្ធដដែល លោកស្រីឯកអគ្គរដ្ឋទូតអាមេរិកបានជម្រាបលោកថា អាមេរិកត្រៀមខ្លួនធ្វើការជាមួយមន្ត្រីកម្ពុជាជានិច្ច ក្នុងករណីដែលមានការផ្សព្វផ្សាយណាទាក់ទងនឹងកម្ពុជា នៅក្នុងការទម្លាយឯកសារសម្ងាត់នៅក្នុងវិបសៃត៍ Wikileaksនោះ។ លោកខៀវ កាញារីទ្ធថ្លែងថា លោកស្វាគមន៍ការត្រៀមខ្លួនរបស់អាមេរិកបែបនេះ ចំពោះការទម្លាយឯកសារដែលអាចធ្វើអោយប៉ះពាល់ដល់ទំនាក់ទំនងរវាងវ៉ាស៊ីនតោន និងភ្នំពេញ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ