អាមេរិក បារម្ភពីសេចក្តីព្រាងច្បាប់អង្គការ នៅកម្ពុជា
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ក្រសួងការបរទេសអាមេរិក បានសម្តែងការព្រួយបារម្ភ ចំពោះសេចក្តីព្រាង ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល នៅក្នុងប្រទេសកម្ពុជា។ ក្រសួងការបរទេសអាមេរិក បានជំរុញដល់រដ្ឋាភិបាលកម្ពុជាឲ្យធានានូវសេរីភាពសម្រាប់សង្គមស៊ីវិល ព្រោះអាមេរិកយល់ថា សេចក្តីព្រាងច្បាប់ថ្មីនោះ នឹងដាក់កំហិតលើសកម្មភាពរបស់សមាគម និងអង្គការក្រៅរដ្ឋាភិបាល នៅកម្ពុជា។
សេចក្តីរាយការណ៍របស់ លី ម៉េងហួរ ពីទីក្រុងភ្នំពេញ
សហរដ្ឋអាមេរិក មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសេចក្តីព្រាងច្បាប់ ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល នៅកម្ពុជា។ សហរដ្ឋអាមេរិក នឹងជំទាស់យ៉ាងខ្លាំងចំពោះការអនុម័តច្បាប់ណាមួយ ដែលមានលក្ខណៈបង្ខិតបង្ខំ និងកំហិតសកម្មភាពស្របច្បាប់របស់អង្គការ សមាគម។ នេះបើតាមសេចក្តីថ្លែងការណ៍ ចុះថ្ងៃ១២មករា របស់ការិយាល័យអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក។
ក្រសួងការបរទេសអាមេរិក ក៏បានអំពាវនាវ ដោយជម្រុញដល់រដ្ឋាភិបាលកម្ពុជា ឲ្យធ្វើការប្រឹក្សាយោបល់យ៉ាងដិតដល់ជាមួយអង្គការសមាគម និងដៃគូដទៃទៀតលើពង្រាងច្បាប់ថ្មីនោះ ដើម្បីពិចារណា ថាតើវិធានការដូច្នេះ វាចាំបាច់ឬទេ ?
សេចក្តីព្រាងច្បាប់ដំបូង របស់រដ្ឋាភិបាល ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល មាន ១១ ជំពូក និង ៥៨ មាត្រា ត្រូវបានលើកយកទៅពិគ្រោះយោបល់លើកដំបូងរវាងក្រសួងមហាផ្ទៃ ក្រសួងការបរទេស អង្គការជាតិ និងអន្តរជាតិ កាលពីថ្ងៃ១០មករា។
ក្រុមអង្គការសង្គមស៊ីវិល បានចូលរួមផ្តល់មតិយោបល់ ដើម្បីកែប្រែមាត្រាមួយចំនួន ក្នុងសេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាស់។ តាមក្រុមអង្គការសង្គមស៊ីវិល ខ្លឹមសារនៃសេចក្តីព្រាងច្បាប់អង្គការ បានកំណត់ពីការរឹតបន្តឹងដល់ការងាររបស់អង្គការមិនមែនរដ្ឋាភិបាលទាំងអស់ ពីព្រោះ ច្បាប់នោះ បានបង្កើតជាឧបសគ្គចំបង នៅក្នុងការចុះបញ្ជី និងការអនុវត្តន៍សកម្មភាព។ ផលវិបាក ដែលកើតចេញពីច្បាប់ថ្មីនេះ បានធ្វើឱ្យថយចុះនូវការផ្តល់មូលនិធិ សម្រាប់ការអភិវឌ្ឍន៍គម្រោងសំខាន់ៗជាច្រើន ដែលបាននិងកំពុងអនុវត្តដោយសហការជាមួយរាជរដ្ឋាភិបាលនៅពេលបច្ចុប្បន្ន ហើយកាត់បន្ថយប្រភពមូលនិធិ ដែលគ្រោងនឹងផ្តល់ឱ្យថ្មីទៀត សម្រាប់ការអភិវឌ្ឍន៍រយៈពេលយូរអង្វែងផងដែរ។
យ៉ាងណាក៏ដោយ ចំពោះការលើកឡើងរបស់ក្រសួងការបរទេសអាមេរិកខាងលើ មិនត្រូវបានលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបញ្ចេញប្រតិកម្មតបតបែបណាឡើយ នៅថ្ងៃព្រហស្បតិ៍នេះ ដោយលោកអះអាងថា ជំហររបស់ក្រសួងការបរទេសកម្ពុជា មិនខុសពីជំហររបស់ក្រសួងមហាផ្ទៃ ចំពោះការតាក់តែងសេចក្តីព្រាងច្បាប់ ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាលនោះឡើយ។
ក្នុងវេទិកាពិគ្រោះយោបល់ កាលពីថ្ងៃ១០មករា លោកឧបនាយករដ្ឋមន្ត្រី ស ខេង បានលើកឡើងថា ការបង្កើតច្បាប់អង្គការថ្មីនេះ មិនមែនដើម្បីគំរាមកំហែង និងរឹតត្បិតសិទ្ធិសេរីភាព ក៏ដូចជា ការកំហិតសកម្មភាពរបស់អង្គការសមាគមនៅកម្ពុជាឡើយ។ តាមលោក ស ខេង ច្បាប់អង្គការ ត្រូវបានតាក់តែងឡើង ដើម្បីការពារកុំឲ្យកើតមានអំពើភេរវកម្មនៅកម្ពុជា ជ្រកក្រោមស្លាកអង្គការសមាគម ដូចករណី ចលនា CFF និងមេភេរវករ ហាំ បាលី ជាដើម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ