ហេតុអ្វីបានជាអាមេរិកបារម្ភខ្លាំងពីសន្តិសុខតាមអ៊ិនធ័រណេត
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
មន្ទីរប៉ង់តាហ្គោន តាមរយៈ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោកChuck Hagel បានចោទទីក្រុងប៉េកាំងដោយត្រង់ៗថា ជាអ្នកនៅពីក្រោយក្រុមចោរ អ៊ិនធ័រណេតដែលបានចូលលួចយកព័ត៌មានសម្ងាត់របស់យោធាអាមេរិក។ រដ្ឋមន្រ្តីការបរទេសអាមេរិកបានថ្លែងខ្លាំងបែបនេះ កាលពីថ្ងៃសៅរ៍ទី ១ មិថុនា នៅក្នុងវេទិកាសន្តិសុខអាស៊ី ដែលមាន មេដឹកនាំយោធាជាន់ខ្ពស់របស់ចិន ចូលរួម។ ប្រមុខការបរទេសអាមេរិកចោទខ្លាំងៗ ទីក្រុងប៉េកាំង បន្ទាប់ពីរបាយការណ៍បានបង្ហាញថា ចោរ អ៊ិនធ័រណេតបានចូលលួចយកការណ៍សម្ងាត់ស្តីពីកម្មវិធីផលិតគ្រឿងសព្វាវុធរបស់អាមេរិក
អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលមន្រ្តីសន្តិសុខអាមេរិកបានព្រមានឲ្យដឹងពីចារកម្មព័ត៌មានវិទ្យា ដែលចិនកំពុងធ្វើ ដើម្បីលួចយកការណ៍ សម្ងាត់ពី ក្រសួងយោធាអាមេរិក និង លួចយកកម្មវិធីបច្ចេកវិទ្យាទំនើប របស់អាមេរិក។ ការវាយប្រហារ ទៅលើប្រព័ន្ធព័ត៌មានវិទ្យា និងការចូលលួចយកព័ត៌មានសម្ងាត់អាមេរិក តាមអ៊ិនធ័រណេត មានជាប្រចាំ។ កាលពីខែកុម្ភៈកន្លងទៅ ក្រុមហ៊ុនអាមេរិកាំងខាងផ្នែកសន្តិសុខព័ត៌មានវិទ្យា មួយដែលបម្រើការឲ្យរដ្ឋាភិបាលអាមេរិកបានបើកការស៊ើបអង្កេត និងរកឃើញថា ប្រភពចារកម្មព័ត៌មានវិទ្យាមានចេញមកពីអគារមួយដែលស្ថិតនៅក្នុងសង្កាត់យោធាក្នុងទីក្រុងសៀងហៃ។
នៅក្រោយការស្រែកព្រមានដោយប្រយោលរបស់អាមេរិក ថា ចិនជាអ្នកធ្វើចារកម្មព័ត៌មានវិទ្យា សកម្មភាពលួចព័ត៌មានសម្ងាត់ពីរដ្ឋាភិបាល និងក្រុមហ៊ុនអាមេរិកបានផ្អាកមួយរយៈ។ ប៉ុន្តែ ទើបរយៈពេល២ខែចុងក្រោយនេះ ដែលចោរអ៊ិនធ័រណេតចាប់ផ្តើមសកម្មភាពខ្លួន ឡើងវិញ និងចូលលួចទិន្ន័យរបស់ក្រុមហ៊ុនឯកជនអាមេរិកដែលស៊ីឈ្នួលផលិតសព្វាវុធឲ្យរដ្ឋាភិបាលអាមេរិក។
នៅពេលនេះ អាមេរិកបានចេញមុខចោទប្រកាន់ ត្រង់ ថា រដ្ឋាភិបាល និងស្ថាប័នយោធាចិន ជាអ្នកនៅពីក្រោយក្រុមចោរលួច អ៊ិនធ័រណេត។ ការដែលអាមេរិកហ៊ានចោទចិន នៅពេលនេះ អាចមានន័យថា អាមេរិកក្តៅស្លឹកត្រចៀក លែងមានការអត់ធ្មត់ និងអនុគ្រោះដល់ចារកម្មអ៊ិនធ័រណេត របស់ចិនទៀតហើយ ព្រោះពេលនេះ ចោរ អ៊ិនធ័រណេត ហ៊ានដល់ទៅចូលលួចយកព័ត៌មានសម្ងាត់ ដែលទាក់ទងនឹងកម្មវិធីផលិតគ្រឿងសព្វាវុធទំនើបៗ ដែលនេះវាប៉ះពាល់ខ្លាំងដល់ យុទ្ធសាស្រ្តយោធាអាមេរិក និងផលប្រយោជន៍របស់ក្រុមហ៊ុនអាមេរិកាំង ដែលរកស៊ីខាងផលិតគ្រឿងសព្វាវុធ។
តាមកាសែតWashington Post ដែលបានដកស្រង់ខ្លឹមសាររបាយការណ៍របស់ក្រុមប្រឹក្សាភិបាលវិទ្យាសាស្រ្តយោធាអាមេរិក ចោរ អ៊ិនធ័រណេតបានចូលលួចយកកម្មវិធីផលិតសព្វាវុធ ជិត ៤០ប្រភេទ និងប្រព័ន្ធបច្ចេកវិទ្យាយោធាអាមេរិក ជាង ៣០ ផ្សេងទៀត។ គំរូកម្មវិធីសព្វាវុធទំនើបៗ ដែលចោរ អ៊ិនធ័រណេតចូលលួចយកបាន មានតាំងពីយន្តហោះចម្បាំង ធុន F ៣៥ ដែលមានតម្លៃថ្លៃជាងគេក្នុងពិភពលោក និងដែលអាមេរិកកំពុងចូលរួមផលិតជាមួយអង់គ្លេស និងកាណាដា។ ក្រៅពីនោះ ចោរ អ៊ិនធ័រណេត នៅលួចយកបានកម្មវិធីផលិតឧទ្ធម្ភាគចក្រBlack Hawk ដ៏ទំនើប នាវាចម្បាំងសម្រាប់វាយប្រហារតាមឆ្នេរ និងយន្តហោះយោធាដ៏ទំនើបOsprey ដែលមានសមត្ថភាពហោះលឿនដូចយន្តហោះ ប៉ុន្តែ អាចចុះចតភ្លាមៗ ដូចឧទ្ធម្ភាគចក្រ។ ក្រៅពីយន្តហោះចម្បាំង ចោរ អ៊ិនធ័រណេតលួចយកបានផងដែរ កម្មវិធីផលិតប្រព័ន្ធខែលមីស៊ីល។ សូម្បីតែ ខែលមីស៊ីលឈ្មោះ PAC ៣ដែលអាមេរិក បានដំឡើងប្រចាំការ នៅកោះ Guam ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដើម្បីទុកប្រឆាំងមីស៊ីលបាញ់ចេញពីកូរ៉េខាងជើង ក៏ត្រូវចោរព័ត៌មានវិទ្យាចិនលួចយកកម្មវិធីផលិតបានដែរ។
ចិនតែងតែត្រូវអាមេរិក ឬរុស្ស៊ីចោទប្រកាន់ថា មានភាពមិនស្មោះត្រង់ ក្នុងមុខជំនួញ ដោយលួចយកបច្ចេកវិទ្យា ទៅលួចផលិតយកគំរូតាម ដោយមិនខ្វល់ពីអាមេរិក និងរុស្ស៊ី ដែលខំប្រឹងចំណាយលុយ និងថាមពលដើម្បីផលិតសព្វាវុធមួយៗ។ ការលួចយកកម្មវិធីផលិតសព្វាវុធអាមេរិក ដើម្បីយកទៅចម្លងតាមជារឿងមួយ ប៉ុន្តែ អ្វីដែលធ្វើឲ្យ អាមេរិកនៅមិនសុខ នៅពេលនេះ គឺចិនមិនត្រឹមអាចលួចចម្លងបច្ចេកវិទ្យាអាមេរិក ប៉ុន្តែ ចិននឹងដឹងរាល់ចំណុចខ្សោយរបស់សព្វាវុធនីមួយៗ ហើយប្រើព័ត៌មានទាំងនេះដើម្បីវាយប្រហារអាមេរិក ក្នុងករណីមានជម្លោះជាមួយគ្នា។ ឧទាហរណ៍ជាក់ស្តែង ការលួចយកបានព័ត៌មានសម្ងាត់ទាក់ទងនឹងសព្វាវុធអាមេរិក គឺជាគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់យុទ្ធសាស្រ្ត និងប្រតិបត្តិការយោធា របស់អាមេរិក នៅអាស៊ីប៉ាស៊ីហ្វិក។
មន្ទីរប៉ង់តាហ្គោនវិញបានអះអាងថា អាមេរិកនៅមានភាពជឿជាក់លើកម្មវិធីប្រយុទ្ធប្រឆាំងនឹងចារកម្មព័ត៌មានវិទ្យារបស់ខ្លួន និងថា សកម្មភាពលួចរបស់ចោរព័ត៌មានវិទ្យាមិនបានធ្វើឲ្យប៉ះពាល់ដល់កម្មវិធីផលិតសព្វាវុធទេ។ គួររំលឹកដែរថា កន្លងទៅថ្មីៗនេះ រដ្ឋបាលលោកអូបាម៉ា បានសម្រេចបង្កើនថវិកាប្រមាណ ៤៤លានដុល្លារសម្រាប់ផ្នែកព័ត៌មានវិទ្យារបស់ក្រសួងការពារជាតិ សម្រាប់ឆ្នាំ ២០១៤ គឺដើម្បីទប់ទល់នឹងសកម្មភាពរបស់ចោរលួចអ៊ិនធ័រណេតនេះឯង។
ជាទូទៅ ចោរអ៊ិនធ័រណេត តែងតែលួចប្រើប្រព័ន្ធអ៊ិនធ័រណេតរបស់ក្រុមហ៊ុនឯកជន ដើម្បីវាយប្រហារទៅលើផលប្រយោជន៍ អាមេរិក។ ជាទ្រឹស្តី គេគ្មានភស្តុតាងណាមួយដើម្បីចោទប្រកាន់ចោរអ៊ិនធ័រណេតចិនតាមផ្លូវច្បាប់ទេ។ ប៉ុន្តែ យ៉ាងណាក៏ដោយ ក្រសួងការពារជាតិអាមេរិកបានចាត់ទុក ចារកម្មព័ត៌មានវិទ្យាជាកង្វល់ចម្បង ដែលគេត្រូវតែដោះស្រាយ ជាមួយចិន។ ប៉ុន្តែ តាមមន្រ្តីអាមេរិក វាច្បាស់ណាស់ថា សន្តិសុខក្នុងប្រព័ន្ធព័ត៌មានវិទ្យា និងកង្វល់អាមេរិក ទៅលើចារកម្មព័ត៌មានវិទ្យារបស់ចិន ជាប្រធានបទសំខាន់ ដែលលោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា មិនភ្លេចនឹងលើកយកទៅ ជជែក ជាមួយប្រធានាធិបតីចិន លោកស៊ី ជីនពីង នៅក្នុងជំនួប នៅចុងសប្តាហ៍ក្រោយនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ