កម្ពុជា

កម្ពុជា-អាមេរិក​ បន្ត​ពង្រឹង​ទំនាក់ទំនង​ទ្វេ​ភាគី​

លោក William E.Todd ​ឯកអក្គរដ្ឋទូត​អាមេរិក​ថ្មីប្រចាំប្រទេសកម្ពុជា ជួបសន្ទនា​ជាមួយលោក​នាយករដ្ឋមន្ត្រី ហ៊ុន​សែន
លោក William E.Todd ​ឯកអក្គរដ្ឋទូត​អាមេរិក​ថ្មីប្រចាំប្រទេសកម្ពុជា ជួបសន្ទនា​ជាមួយលោក​នាយករដ្ឋមន្ត្រី ហ៊ុន​សែន RFI/Siv Channa

ក្នុង​​កិច្ច​ប្រជុំ​​ជាមួយ​នឹង​​ប្រមុខ​​រដ្ឋាភិបាល​​កម្ពុជា​នា​​ព្រឹក​​ថ្ងៃ​ទី​​៣​​កក្កដា​ លោក​ William E. Todd​ ឯក​អគ្គរដ្ឋទូត​​អាមេរិក​ទើប​​តែងតាំង​​ថ្មី​​ប្រចាំ​​កម្ពុជា​ បាន​លើក​ឡើង​​ពី​​ការ​​បន្ត​​ពង្រីក​និង​​ពង្រឹង​​​ទំនាក់​ទំនង​​រវាង​​សហរដ្ឋអាមេរិក​និង​​កម្ពុជា​ការ​ជំរុញ​​ការ​អភិវឌ្ឍន៍​​លើ​​វិស័យ​​វិនិយោគ​ជា​ដើម​​។ ដំណើរ​​​ទស្សនកិច្ច​​របស់​​លោកស្រី​ ហ៊ីល​ឡា​រី​ គ្លី​ន​តុ​ន​រដ្ឋមន្ត្រី​ការបរទេស​​អាមេរិក​ មក​​ចូល​រួម​​កិច្ចប្រជុំ​ក្នុង​​វេទិកា​​តំបន់​​អាស៊ាន​នៅ​​ភ្នំពេញ​នា​​ថ្ងៃ​​ទី​​១១​​កក្កដា​សប្តាហ៍​​ក្រោយ​ក៏​​ត្រូវ​​បាន​​លើក​ឡើង​​ផង​ដែរ​។​​

ផ្សាយពាណិជ្ជកម្ម

ឯកអគ្គរដ្ឋទូត​ថ្មី​របស់​អាមេរិក​ប្រចាំ​កម្ពុជា​លោក William E. Todd ​បាន​​ជម្រាប​​លោក​​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​នៅ​ក្នុង​​កិច្ចប្រជុំ​នៅ​​ព្រឹក​មិញ​​ថា ​​ក្នុង​​បេសកកម្ម​ការទូតប្រចាំ​នៅ​កម្ពុជា ពេល​នេះ លោក​មាន​ទិសដៅ​បួន គឺ​ទី​១. ពង្រីក និង​ពង្រឹង​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា​, ទី​២. ជំរុញ​ការអភិវឌ្ឍ​លើ​វិស័យ​វិនិយោគ ដោយ​ជំរុញ​អ្នកវិនិយោគ​សហរដ្ឋអាមេរិក ឲ្យមក​វិនិយោគ​នៅ​កម្ពុជា ឲ្យបាន​ច្រើន​, ទី​៣. សហការនិង​ផ្ដល់​ព័ត៌មាន​រវាង​ក្រសួង​ស្ថាប័ន​នា​នា ​ដែល​ពាក់ព័ន្ធ​នឹង​អត្ថប្រយោជន៍ ក្នុង​ការអភិវឌ្ឍ​នៅ​កម្ពុជា និង​ទី​៤. ធ្វើឲ្យ​មាន​ទំនាក់ទំនង​ល្អ​រវាង​យុវជន​កម្ពុជា និង​យុវជន​អាមេរិក​។​

​ដោយ​សម្តែង​នូវ​សេចក្តី​រីករាយ​ចំពោះ​វត្តមាន​របស់​ទូត​អាមេរិក​ថ្មី លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឆ្លើយតប​ថា វា​ជា​កត្តា​មាន​សារៈសំខាន់​ខ្លាំងណាស់ ដែល​ធ្វើឲ្យ​ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា និង​អាមេរិក មាន​ដំណើរការ​ល្អ​។ ចំពោះ​ការយកចិត្តទុកដាក់ លើ​ការជំរុញ​អ្នកវិនិយោគ​អាមេរិក ឲ្យមក​កម្ពុជា ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី លើកឡើងថា គប្បី​ជំរុញ​វិនិយោគ​​លើ​វិស័យ​កសិកម្ម ពាណិជ្ជកម្ម និង​ទេសចរណ៍ ។​ល​។ និង​។​ល​។

​លោកនាយក​រដ្ឋមន្ត្រី ក៏​បាន​សម្ដែង​ការរីករាយ​ផងដែរ ចំពោះ​ការយកចិត្តទុកដាក់​ពង្រឹង​ទំនាក់​ទំនង​រវាង​យុវជន និង​យុវជនដែល​នេះ​ជា​ស្ពាន​ទំនាក់ទំនង ហើយ​គប្បី​កសាង​ឡើង សម្រាប់​ថ្ងៃ​អនាគត​។

​លោកនាយក​រដ្ឋមន្ត្រីហ៊ុន សែនក៏​បាន​ថ្លែងអំណរគុណចំពោះ​ប្រជាជននិង​រដ្ឋាភិបាល​អាមេរិក​​ដែល​បាន​ផ្ដល់​ជំនួយ​អភិវឌ្ឍន៍ ដល់​កម្ពុជា​។ ​ក្នុង​កិច្ចប្រជុំ​ដោយ​បិទទ្វារកាលពី​ព្រឹក​មិញ​ក៏​ត្រូវ​បាន​​មន្ត្រី​កិច្ចការ​សាធារណៈ​របស់​ស្ថានទូត​អាមេរិក ប្រាប់​អ្នកកាសែត​ថានៅ​ថ្ងៃ​១១​កក្កដា​ខាង​មុខ លោកស្រី​ប្រមុខ​ការទូត​អាមេរិក ហ៊ីល​ឡា​រី គ្លី​ន​តុ​ននឹង​ដឹកនាំ​អ្នកវិនិយោគ​អាមេរិក​ប្រមាណ​​ ១០០ នាក់ ដើម្បី​ចូលរួម​ក្នុង​វេទិកា​តំបន់​អាស៊ាន នៅ​ទីក្រុង​ភ្នំពេញ​។ វេទិកា​តំបន់​អាស៊ានលើក​ទី​៤៥នឹង​មាន​រដ្ឋមន្ត្រីការបរទេសមកពី២៧ ប្រទេស ចូលរួម នា​ថ្ងៃ​ទី​១២​កក្កដា​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI