មន្រ្តីយោធាអាមេរិកជួបចរចាជាមួយមេទ័ពចិន ក្នុងពេលកំពុងមានភាពតានតឹង
ចុះផ្សាយនៅថ្ងៃ៖
អនុរដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក និងអគ្គមេបញ្ជាការរងកងទ័ពចិន បានជួបចរចាគ្នា នៅក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃពុធ មួយថ្ងៃក្រោយពីលោកប្រធានាធិបតី ហ៊ូ ជិនតាវប្រកាសឲ្យកងទ័ពជើងទឹកចិនបង្កើនការពង្រឹងកម្លាំង ដើម្បីត្រៀមប្រយុទ្ធ។ ចិនសង្ស័យថា អាមេរិកកំពុងមានគម្រោងដាក់ពង្រាយកងទ័ពនៅអាស៊ី ដើម្បីឡោមព័ទ្ធចិន។
ជំនួបកាលពីថ្ងៃពុធ ម្សិលមិញនេះ គឺជាជំនួបដែលគ្រោងទុកជាយូរមកហើយ មិនមែនដោយសារតែការប្រកាសរបស់លោកប្រធានាធិបតី ហ៊ូ ជិនតាវ នោះទេ។ ទោះជាយ៉ាងណា អគ្គបញ្ជាការរងកងទ័ពចិនបានលើកឡើងថា ជំនួបរវាងមន្រ្តីយោធាជាន់ខ្ពស់ចិន-អាមេរិក នៅពេលនេះ គឺជាសញ្ញាបង្ហាញថា ប្រទេសទាំងពីរមានចេតនារក្សាទំនាក់ទំនងយោធាជាមួយគ្នា ទោះបីជាស្ថិតក្នុងស្ថានភាពតានតឹងក៏ដោយ។
ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួ បានផ្សាយថា នៅក្នុងជំនួបនេះ មន្រ្តីយោធាចិន និងអាមេរិក គ្រោងជជែកគ្នាអំពីទំនាក់ទំនងយោធាទ្វេភាគី, បញ្ហានៅឧបទ្វីបកូរ៉េ, ជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង និងការលក់គ្រឿងសព្វាវុធទៅឲ្យតៃវ៉ាន់។
គួររំឭកថា កន្លងទៅថ្មីៗនេះ ចិនបានកាត់ផ្តាច់ទំនាក់ទំនងយោធាជាមួយអាមេរិកអស់មួយរយៈ ក្រោយពីអាមេរិកបានសម្រេចលក់គ្រឿងសព្វាវុធទៅឲ្យកោះតៃវ៉ាន់។ ការណ៍ដែលអាមេរិកលូកដៃចូលក្នុងជម្លោះនៅសមុទ្រចិនខាងត្បូង ក៏បានធ្វើឲ្យចិនខឹងសម្បារមិនតិចដែរ។
ថ្មីៗនេះទៀត លោកអូបាម៉ាបានប្រកាសអំពីគម្រោងដាក់តាំងមូលដ្ឋានទ័ព នៅប្រទេសអូស្រ្តាលី ដោយគ្រោងនឹងដាក់ពង្រាយកងម៉ារីនចំនួន ២ពាន់ ៥រយនាក់ ដោយមានអមទាំងយន្តហោះ និងនាវាចម្បាំងជាច្រើនគ្រឿងនៅទីនោះផងដែរ។ ចិនបានរិះគន់ថា ការដាក់មូលដ្ឋានទ័ពអាមេរិកនៅអូស្រ្តាលីនេះ គឺដូចជាការវិលត្រឡប់ទៅរកសម័យសង្រ្គាមត្រជាក់ឡើងវិញ។
នៅក្នុងជំនួប កាលពីម្សិលមិញនេះ អគ្គបញ្ជាការរងកងទ័ពចិនបានសួរបញ្ជាក់ អំពីចេតនាពិតប្រាកដរបស់អាមេរិក ជុំវិញការដាក់មូលដ្ឋានទ័ពនៅអូស្រ្តាលី។ អនុរដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកបានឆ្លើយទៅវិញថា ការចុះកិច្ចព្រមព្រៀងជាមួយអូស្រ្តាលីនេះ មិនមែនធ្វើឡើង ក្នុងគោលដៅឡោមព័ទ្ធចិននោះទេ។ ទោះជាយ៉ាងណា ចម្លើយនេះទំនងជានឹងមិនធ្វើឲ្យចិនស្ងប់ចិត្តនោះទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ