ស៊ីរី

អាមេរិក​ថ្កោលទោស​កប៉ាល់​រុស្ស៊ី​ដែល​ដឹក​អាវុធ​ចូល​កំពង់ផែ​ស៊ីរី

លោក​ពូទីន ប្រធានាធិបតី​រុស្ស៊ី​ជួប​ជាមួយ​លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ នៅថ្ងៃ​សុក្រ​ទី ១​មិថុនា ២០១២
លោក​ពូទីន ប្រធានាធិបតី​រុស្ស៊ី​ជួប​ជាមួយ​លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ នៅថ្ងៃ​សុក្រ​ទី ១​មិថុនា ២០១២ © REUTERS

លោក Vladimir Poutine ប្រធានាធិបតី​រុស្ស៊ី កំពុង​ធ្វើ​ទស្សនកិច្ច នៅក្នុង​ប្រទេស​អាល្លឺម៉ង់ និង​ត្រូវ​មក​ដល់​ប្រទេស​បារាំង នៅល្ងាច​​ថ្ងៃ​សុក្រទី ១ មិថុនានេះ។ ប្រធានាធិបតី​បារាំង លោក​François Hollande​ធ្លាប់​និយាយ កាលពី​ថ្ងៃ​អង្គារ​ដើម សប្តាហ៍នេះ ​ថា លោក​នឹង​និយាយ​បញ្ចុះបញ្ចូល​លោក​ប្រធានាធិបតី រុស្ស៊ី​ឲ្យ​ដូរជំហរ ​ឈប់​គាំទ្រ​របបស៊ីរី​តទៅទៀត ព្រោះ​របប​នេះ​មិន​បាន​គោរព​បទឈប់​របស់​អង្គការ​សហប្រជាជាតិ និង​បន្ត​បាញ់សម្លាប់​ប្រជាជន​ស្លូតត្រង់​ជាង ១០០នាក់ ដូចជា​នៅខេត្ត​Houlaជាដើម។ 

ផ្សាយពាណិជ្ជកម្ម

 

ការបញ្ចុះបញ្ចូល​ប្រធានាធិបតី​រុស្ស៊ី​នឹង​មិន​អាច​ទៅរួច ព្រោះ នៅមុន​ដំណើរចាកចេញ​របស់​លោក​ពូទីន​មក​អាល្លឺម៉ង់ និង​បារាំង អ្នកនាំពាក្យ​របស់​វិមាន​ក្រេមឡាំង បាន​និយាយ​ប្រាប់​ទុកជាមុនថា នឹង​គ្មាន​សម្ពាធ​នយោបាយ​ណាមួយ​ដែល​ធ្វើ​ឲ្យ​រុស្ស៊ី​ដូរជំហរ ឈប់​គំាទ្រ​រដ្ឋាភិបាល​ស៊ីរីនោះទេ។ ទំនាក់ទំនង​រវាងរុស្ស៊ី​ ជាមួយ​ស៊ីរី គឺជាទំនាក់ទំនង​មិន​ផ្លាស់ប្តូរ។

ជំហរ​ចុងក្រោយ​របស់​រុស្ស៊ី​មើលទៅ​បាន​ពន្លត់​ក្តីសង្ឃឹម​ដែល​ថា លោក​ប្រធានាធិបតី​បារាំង​នឹង​អាច​បញ្ចុះបញ្ចូល​ឲ្យ​ឈប់​គាំទ្រ ស៊ីរី។ លោក​François Hollande កាលពីថ្ងៃ​អង្គារ បាន​ប្រកាស ​បារាំង​ចង់​ឲ្យ​មាន​អន្តរាគមន៍​យោធា​នៅស៊ីរី ប៉ុន្តែ វា​ធ្វើ​ទៅរួច ដរាបណា មាន​​សញ្ញា​ភ្លើងខៀវ​ពី​រុស្ស៊ី។

ប្រមុខការបរទេស​អាមេរិក លោកស្រី​ហ៊ីឡារី គ្លីនតុន​ដែល​បាន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅប្រទេស​ដាណឺម៉ាក បាន​និយាយ​នៅថ្ងៃ​ម្សិលមិញថា ជំហរ​ប្រឆាំង​របស់រុស្ស៊ី មិន​ឲ្យ​ អង្គការ​សហប្រជាជាតិ ដាក់ទណ្ឌកម្ម​ទៅលើ​ស៊ីរី នឹង​រឹតតែ​ជំរុញ​ឲ្យ​ស៊ីរី​ធ្លាក់​ចូល​ទៅក្នុង​វិបត្តិ​សង្រ្គាម​ស៊ីវិល។

ទាហាន​ស៊ីរី​សេរី រឹបអូស​បាន​រថក្រោះ​របស់​ទ័ព​រដ្ឋាភិបាល​ស៊ីរី
ទាហាន​ស៊ីរី​សេរី រឹបអូស​បាន​រថក្រោះ​របស់​ទ័ព​រដ្ឋាភិបាល​ស៊ីរី ©Reuters

រុស្ស៊ី​បន្តលក់​អាវុធ​ឲ្យ​ស៊ីរី
តាម​ក្រុមការពារ​សិទ្ធិមនុស្ស​នៅក្នុង​ស្រុក​ស៊ីរី កប៉ាល់​ដឹកអាវុធ​រុស្ស៊ី​បាន​ចូលចត​នៅកំពង់ផែ​ស៊ីរី។ ​រហូតមកដល់​ពេលនេះ អង្គការ​សហប្រជាជាតិ​មិន​ទាន់​បាន​ចេញ​សម្រេច​ណាមួយ​ដែល​ហាមឃាត់​មិន​ឲ្យ​គេ​លក់​អាវុធ​ទៅ​ឲ្យ​ស៊ីរីទេ។ គឺ​រុស្ស៊ី និង​ចិន​តែម្តង ដែល​ប្រឆាំង​មិន​ឲ្យ​មាន​គេ​ទណ្ឌកម្ម​នេះ។ មាន​តែ​អាមេរិក និង​ប្រទេស​នៅអឺរ៉ុប​មួយ​ចំនួន​ប៉ុណ្ណោះ​ដែល​បាន​ចេញ​ ទណ្ឌកម្ម​ហាម​មិន​ឲ្យ​លក់​អាវុធ​ទៅ​ឲ្យ​ស៊ីរី។ គឺ​ជា​ការសម្រេច​ចិត្ត​របស់​ប្រទេស​នីមួយៗ រៀងខ្លួន ប៉ុន្តែ មិន​មាន​ច្បាប់​ចែង​ជា​រួម​ទេ។

រុស្ស៊ី វិញ អះអាង​ថា ខ្លួន​នៅបន្ត​លក់​អាវុធ ឲ្យ​ស៊ីរី ទៅ​តាម​កិច្ច​សន្យា ទិញ​លក់​អាវុធដែល​ខ្លួន​បាន​ចុះ​ជាមួយ​ស៊ីរី​តាំងពី​យូរ។ អាវុធ​ដែល​ដឹក​ចូល​ទៅ​ស៊ីរី​ពេលនេះ គឺ​ស្ថិតនៅក្នុង​បញ្ជី​ទំនិញ​ដែល ស៊ីរី​ធ្លាប់​បាន​បញ្ជា​ទិញ កាលពី​អតីតកាល គឺ​នៅមុន​មាន​ផ្ទុះ​វិបត្តិ​នៅ​ស៊ីរី​ម្ល៉េះ។

ការលក់អាវុធ​ទៅ​ឲ្យ​រដ្ឋាភិបាល​ស៊ីរី​មិន​មែន​ជា​រឿង​ខុសច្បាប់​មែន ប៉ុន្តែ បើ​និយាយ​ពី​បញ្ហា​មនុស្ស​ធម៌វិញ គេ​អាច​ចាត់ទុក​ការលក់​អាវុធ​របស់រុស្ស៊ី​នៅពេលនេះ ជារឿង​មួយ​មិន​អាច​ទទួល​យកបាន និង​ខុសកាលៈទេសៈ។ អាមេរិក​មុន​គេ បាន​ថ្កោលទោស​រុស្ស៊ី ពីរឿង​លក់​អាវុធ ទៅ​ឲ្យ​ស៊ីរី ព្រោះ​ប្រាកដ​ណាស់ អាវុធ​ទាំងនោះ នឹង​ត្រូវ រដ្ឋាភិបាល​ស៊ីរី​យក​ទៅប្រើ​ដើម្បី​បាញ់​សម្លាប់​ប្រជាជន និង​ក្រុម​ប្រឆាំង។ ប៉ុន្តែ រុស្ស៊ី​វិញ​បាន​និយាយ​ការពារ​ខ្លួនថា អាវុធ​ដែល​រុស្ស៊ី​លក់​ទៅ​ឲ្យ​រដ្ឋាភិបាល​ស៊ីរី​គឺ​ដើម្បី​ឲ្យ​រដ្ឋាភិបាល​ស៊ីរី​​អាច​ទប់ទល់​នឹង​ក្រុមភេរវជន។

ក្រុមអ្នកប្រឆាំង​ស៊ីរី រួម​ជាមួយ​អ្នកជំនាញ​បស្ចិមបទេស នាំមុខ​ដោយ​អាមេរិក​បាន​ចោទ​ថា រុស្ស៊ី​ជាអ្នកលក់​អាវុធ​ឲ្យ​រដ្ឋាភិបាល​ស៊ីរី ចំណែក​អ៊ីរ៉ង់​បាន​លួច​ផ្គត់ផ្គង់ទៅ​ឲ្យ​រដ្ឋាភិបាល​របស់​លោក​Bachar Al Assad នូវ​​បច្ចេកវិទ្យា​ទំនើប​ក្នុង​ការតាមដាន​ក្រុមអ្នកប្រឆាំង រួម​ទាំង​អាវុធ និងគ្រាប់ផ្ទុះ។

រដ្ឋាភិបាល​ស៊ីរី​វិញ​បាន​ចោទ​ប្រទេស​កាតា ​ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត និង​ប្រទេស​លីបី​ថា ជាអ្នក​ផ្គត់ផ្គង់​អាវុធ​ឲ្យ​ក្រុមប្រឆាំង។ លោក​បាន គីមូន អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ បាន​និយាយ​ថា បើគេ​​នៅបន្ត​ផ្គត់ផ្គង់​អាវុធ​ទៅ​ឲ្យ​ភាគី​ម្ខាងៗ​ដើម្បី​វាយប្រយុទ្ធគ្នា នោះ​សង្រ្គាមស៊ីវិល​នឹង​ផ្ទុះ​ឡើង​ដោយ​ជៀសមិនផុត នៅស៊ីរី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI