អាមេរិក

លោក​អូបាម៉ា​បង្ហាញ​យុទ្ធសាស្រ្ត​យោធា​ថ្មី ដែល​ផ្តល់​អាទិភាព​លើ​តំបន់​អាស៊ី

លោក​អូបាម៉ា ពេល​ប្រកាស​អំពី​យុទ្ធសាស្រ្ត​យោធា​ថ្មី​របស់​អាមេរិក ថ្ងៃទី៥ មករា ២០១២
លោក​អូបាម៉ា ពេល​ប្រកាស​អំពី​យុទ្ធសាស្រ្ត​យោធា​ថ្មី​របស់​អាមេរិក ថ្ងៃទី៥ មករា ២០១២ Reuters

យុទ្ធសាស្រ្ត​យោធា​ថ្មី​របស់​អាមេរិក​ ត្រូវ​បាន​លោក​អូបាម៉ា​បង្ហាញ​ជា​សាធារណៈ​ នៅថ្ងៃ​ព្រហស្បតិ៍ ៥ មករា ម្សិលមិញ នៅ​ក្រសួងការពារជាតិ​អាមេរិក។ នៅ​ក្នុង​យុទ្ធសាស្រ្ត​ថ្មី​នេះ លោក​អូបាម៉ា​គ្រោង​នឹង​កាត់បន្ថយ​ចំនួន​កងទ័ព​អាមេរិក ក៏ប៉ុន្តែ នឹង​បង្កើន​អាទិភាព​​ទៅ​តំបន់​អាស៊ី ដើម្បី​ទប់ជាមួយ​ចិន រក្សា​វត្តមាន​នៅ​តំបន់​ដើមបូព៌ា ដើម្បី​ទប់​ជាមួយ​អ៊ីរ៉ង់។

ផ្សាយពាណិជ្ជកម្ម

វិបត្តិ​សេដ្ឋកិច្ច​តម្រូវ​ឲ្យ​អាមេរិក​កាត់បន្ថយ​ការ​ចំណាយ​​សាធារណៈ ក្នុង​នោះ ក៏​មាន​​ការចំណាយ​ក្នុង​វិស័យ​យោធា​ផងដែរ។ លោក​អូបាម៉ា​មាន​គម្រោង​កាត់បន្ថយ​ការចំណាយ​ផ្នែក​យោធា​ឲ្យ​បាន​ចំនួន ៤៥០​ពាន់​លាន​ដុល្លារ សម្រាប់​រយៈពេល ១០​ឆ្នាំ​ខាងមុខ។

នៅ​ក្នុង​យុទ្ធសាស្រ្ត​យោធា​ថ្មី ដែល​លោក​អូបាម៉ា​​ប្រកាស​ឲ្យដឹង កាលពី​ម្សិលមិញ​នេះ អាមេរិក​គ្រោង​នឹង​កាត់បន្ថយ​ចំនួន​កងទ័ព​ជើងគោក និង​កងម៉ារីន ប្រមាណ​ជា ១០% ទៅ ១៥% ក្នុងរយៈពេល ១០​ឆ្នាំ​ខាងមុខ។ ក៏ប៉ុន្តែ អាមេរិក​នឹង​ផ្តោត​ទៅលើ​ការ​ពង្រឹង​កងទ័ព​ជើងទឹក នៅ​តំបន់​ប៉ាស៊ីហ្វ៊ិក អភិវឌ្ឍ​បច្ចេកវិទ្យា​​ខាង​រ៉ាដា យន្តហោះចម្បាំង ប្រព័ន្ធ​ខែលការពារមីស៊ីល​ប្រឆាំង​នាវា ផ្កាយរណប​ស៊ើបការណ៍ និង​ប្រព័ន្ធ​ការពារ​ការវាយប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធ័រណិត។ ទាំងអស់​នេះ គឺ​ដើម្បី​ពង្រឹង​សមត្ថភាព​កងទ័ព​អាមេរិក នៅ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក ដើម្បី​ទប់​ជាមួយ​ចិន ដែល​កំពុង​តែ​បង្កើន​កម្លាំង​កងទ័ព​ជើងទឹក។

មូលដ្ឋាន​ទ័ព​អាមេរិក នៅ​ជប៉ុន (៥០ ០០០​នាក់) និង​នៅ​កូរ៉េ​ខាង​ត្បូង (២៨ ០០០​នាក់) នឹង​ត្រូវ​រក្សា​ទុក​ដដែល។ ចំណែក​គម្រោង​បង្កើត​មូលដ្ឋាន​ទ័ព​នៅ​អូស្រ្តាលី (២ ៥០០នាក់) នៅ​ឆ្នាំ​២០១២​នេះ ក៏​នឹង​មិនផ្លាស់ប្តូរ​ដែរ។

ថ្វីដ្បិត​តែ សង្រ្គាម​នៅអ៊ីរ៉ាក់ និង​អាហ្វហ្កានីស្ថាន កំពុង​តែ​ឈាន​ដល់​ទី​បញ្ចប់ ក៏​អាមេរិក​នឹង​បន្ត​រក្សា​វត្តមាន​កងទ័ព​របស់​ខ្លួន​​ដដែល នៅ​តំបន់​មជ្ឈិមបូព៌ា ដើម្បី​​ទប់ទល់​នឹង​អ៊ីរ៉ង់ និង​ដើម្បី​ធានា​​ប្រភព​ធនធាន​ប្រេងកាត។ ផ្ទុយទៅវិញ អាមេរិក​នឹង​កាត់បន្ថយ​ចំនួន​កងទ័ព នៅ​អឺរ៉ុប ដែល​ធ្លាប់​ជា​អាទិភាព​ចម្បងរបស់​អាមេរិក តាំង​ពី​សម័យ​សង្រ្គាម​ត្រជាក់​មក។

យុទ្ធសាស្រ្ត “សង្រ្គាម​ពីរ​ក្នុងពេល​តែមួយ” ក៏​នឹង​ត្រូវ​លុបចោលវិញ​ដែរ។ យោងតាម​យុទ្ធសាស្រ្ត​នេះ អាមេរិក​ត្រូវ​រក្សា​កម្លាំង​ទ័ព​ឲ្យ​បាន​គ្រប់គ្រាន់ ​ដើម្បី​ធ្វើ​សង្រ្គាម​ នៅ​ក​ន្លែង​ពីរ​ក្នុង​ពេល​តែមួយ។ នៅ​ក្នុង​យុទ្ធសាស្រ្ត​ថ្មី​របស់​លោក​អូបាម៉ា អាមេរិក​នឹង​រក្សា​កម្លាំង​ សម្រាប់​​ត្រៀមធ្វើ​សង្រ្គាម​តែ​មួយ​កន្លែង​ប៉ុណ្ណោះ ក្នុង​ពេល​តែមួយ។ តាមរយៈ​​ការ​លុប​យុទ្ធសាស្រ្ត “សង្រ្គាម​ពីរ​ក្នុង​ពេល​តែមួយ” នេះ​ហើយ ដែល​អាច​ឲ្យ​អាមេរិក​កាត់បន្ថយ​ចំនួន​កងទ័ព​ជើងគោក និង​កងម៉ារីន បាន​រហូតដល់​ទៅ​រាប់ម៉ឺន​នាក់ ក្នុង​ពេល​ ១០​ឆ្នាំ​ខាងមុខ ដើម្បី​កាត់បន្ថយ​ការ​ចំណាយ​ទៅ​លើ​ប្រាក់ខែ​បុគ្គលិក​ទ័ព។

បើទោះជា​អាមេរិក​គ្រោងកាត់បន្ថយ​ការចំណាយ​ផ្នែក​យោធា ក៏ប៉ុន្តែ ថវិកា​ការពារជាតិ​របស់​អាមេរិក នៅតែ​មាន​​​ចំនួន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ដែរ ធៀប​នឹង​​ប្រទេស​មហាអំណាច​យោធា​ផ្សេងៗ​ទៀត។ នៅ​ឆ្នាំ​២០១២​ខាងមុខនេះ ថវិកា​ការពារជាតិ​អាមេរិក​ មាន​រហូតដល់​ទៅ ៥៣០​ពាន់​លាន​ដុល្លារ។ នេះ​នៅ​​​មិនទាន់​រាប់​ការចំណាយ​ទៅលើ​សង្រ្គាម​នៅ​អាហ្វហ្កានីស្ថាន​ផង។

ថវិកា​ការពារ​ជាតិ​ចិន ដែល​​​ជាប់​ចំណាត់ថ្នាក់​លេខ​២ មាន​​ចំនួន​តែ​ជាង ៩០​ពាន់លាន​ដុល្លារ​តែ​ប៉ុណ្ណោះ (យោងតាម​តួលេខ​ផ្លូវការ​របស់​រដ្ឋាភិបាល​ចិន)។ ក្នុង​ចំណោម​ប្រទេស​ទាំង​១០ ដែល​មាន​ថវិកា​ការពារជាតិ​ច្រើន​ជាង​គេ​បំផុត​ ក្នុង​ពិភពលោក ថវិកា​​ការពារជាតិ​របស់​ប្រទេស​ពីលេខ​២ ដល់​លេខ​១០ (ចិន អង់គ្លេស បារាំង រុស្ស៊ី ជប៉ុន អារ៉ាប៊ីសាអ៊ូឌីត អាល្លឺម៉ង់ ឥណ្ឌា និង​អ៊ីតាលី) បូក​បញ្ចូល​គ្នា​​ក៏​នៅ​មិនទាន់​ស្មើ​ថវិកា​ការពារជាតិ​របស់​អាមេរិក​​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI