អាមេរិក

អាមេរិក​ជំរះ​បញ្ជី​នាយ​ទាហាន​ដែល​លួច​បញ្ចេញ​ឯកសារ​យោធាសម្ងាត់

អ្នកគាំទ្រ​អាមេរិក​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​នាយទាហាន​Manningដែល​ត្រូវ​គេ​ជំនុំជម្រះ​ពីបទ​លួច​បញ្ចេញ​ឯកសារ​សម្ងាត់​របស់​ក្រសួងការពារជាតិ​អាមេរិក
អ្នកគាំទ្រ​អាមេរិក​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​នាយទាហាន​Manningដែល​ត្រូវ​គេ​ជំនុំជម្រះ​ពីបទ​លួច​បញ្ចេញ​ឯកសារ​សម្ងាត់​របស់​ក្រសួងការពារជាតិ​អាមេរិក ©Reuters

តុលាការ​យោធា​អាមេរិក​ត្រូវ​ចាប់​បើក​សវនាការ នៅថ្ងៃ​ចន្ទ​នេះ ដើម្បី​ជំនុំជម្រះ​លើ​នាយទាហាន​ម្នាក់ ដែល​បាន​លួច​បញ្ចេញ​ឯកសារ​សម្ងាត់​របស់​យោធា​អាមេរិក​ទៅ​ឲ្យ​វិបសៃត៍​Wikileak។ យុវជន​Bradley Manning អាយុ​២៥​ឆ្នាំ ត្រូវ​បាន​គេ​ចាប់ខ្លួន កាលពី​៣​ឆ្នាំ​មុន នៅ​ប្រទេស​អ៊ីរ៉ាក់ បន្ទាប់ពី​មាន​រឿង​លេចធ្លាយ​ព័ត៌មាន​សម្ងាត់​រដ្ឋាភិបាល​ចេញ​ទៅ​ក្រៅ។

ផ្សាយពាណិជ្ជកម្ម

 

ជាសវនាការ​ដែល​គេ​ទន្ទឹង​រង់ចាំ ជាយូរ​មកហើយ ព្រោះ​នេះ​ជា​លើក​ទីមួយ ក្នុង​ប្រវត្តិសាស្រ្ត​អាមេរិក ដែល​ព័ត៌មាន​ដែល​រដ្ឋាភិបាល​ចាត់ទុក​ថា សម្ងាត់ណាស់ ត្រូវ​បែកលេចធ្លាយ​ចេញ​ទៅក្រៅ ហើយ​ជា​ពិសេស​ទៅក្នុង​ដៃ​របស់​វិបសៃត៍​Wikileak។

Bradley Manning ត្រូវ​បាន​គេ​ចាប់ខ្លួន នៅក្នុង​ពេល​កំពុង​បម្រើការ ជាអ្នកវិភាគ​ឯកសារ​ព័ត៌មាន​អាមេរិក នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ ។ អាជ្ញាធរ​អាមេរិក​បាន​ចោទប្រកាន់​នាយទាហាន​រូបនេះ ពី​បទ​បទ​លួច​បញ្ចេញ​ឯកសារ​សម្ងាត់​យោធា ជាង ៧សែន​ទំព័រ ទៅ​ឲ្យវិបសៃត៍​Wikileak ។ នាយទាហាន​ Manning​បាន​ទទួលស្គាល់​ថា ខ្លួន​បាន​លួចថត​ទុក​របាយការណ៍​ស្តីពី​សង្រ្គាម​នៅអ៊ីរ៉ាក់ និង​បាន​បញ្ជូន​ទៅ​ឲ្យ​វិបសៃត៍ Wikileak គឺ​ក្នុង​គោលបំណង​ជំរុញ​ឲ្យ​មាន​ការពិភាក្សា​ជា​សាធារណៈ​ស្តីពី​សង្រ្គាម​នៅអ៊ីរ៉ាក់ តែប៉ុណ្ណោះ ប៉ុន្តែ ​គ្មាន​បំណង​បំផ្លិចបំផ្លាញ​ជាតិ​អាមេរិក ដូច​ការចោទប្រកាន់ទេ។

រដ្ឋាភិបាល​អាមេរិក​បាន​ចោទប្រកាន់​អតីត​នាយទាហាន​ Manning​ពី​បទគប់គិត​ជាមួយ​សត្រូវ ជាពិសេស ក្រុមបណ្តាញ​អាល់កៃដា។ រហូតមកដល់ពេលនេះ ភាគី​រដ្ឋាភិបាល​បាន​ខិតខំ​រក​ភស្តុតាង និង​សាក្សី​ដែល​បញ្ជាក់ថា ឯកសារ​សម្ងាត់​ដែល​យុវជន​ Manning​បញ្ចេញ​ទៅក្រៅ​នោះ បាន​ធ្លាក់​ទៅក្នុង​ដៃ​របស់បណ្តាញ​ក្រុមភេរវនិយម។

បើសិន​ជា​មាន​ភស្តុតាង​បង្ហាញ​ថា Manning​ធ្វើការ​ ជួយ​ក្រុមភេរវនិយម ដែល​ជា​សត្រូវ​អាមេរិកមែន នោះ​តុលាការ​យោធា នឹង​អាច​ប្រកាស​ផ្តន្ទាទោស​នាយទាហាន​ Manning​ឲ្យ​ចាប់គុក​អស់មួយជីវិត។

នាយទាហាន​ Manning​អាច​ត្រូវ​រដ្ឋាភិបាល​ចាត់ទុក​ជា​ជនក្បត់ជាតិ ប៉ុន្តែ សម្រាប់​ប្រជាជន​អាមេរិកាំង​ជាច្រើន​រយនាក់ ដែល​បាន​ឈរ នៅមុខ​តុលាការ នាយទាហាន​រូបនេះ ជា​វីរជន។ ដូច្នេះ គេ​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​នាយទាហាន​រូបនេះ ដែល​ មាន​សេចក្តីក្លាហាន ហ៊ាន​បកអាក្រាត នយោបាយ​រំលោភបំពាន​របស់​អាមេរិក នៅ​បរទេស។

សវនាការ​លើ​នាយទាហាន​ Manning​ធ្វើឡើង ក្នុងពេល​ដែល​មាន​ការរិះគន់​លើ​ផែនការ​ប្រឆាំង​នឹង​ការលេចធ្លាយ​ព័ត៌មាន​សម្ងាត់​របស់​លោក​អូបាម៉ា។ ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​អាមេរិក ត្រូវ​គេ​ចោទថា បាន​លួច​ស្តាប់​ទូរស័ព្ទ​របស់​អ្នកកាសែត បន្ទាប់ពីមាន​ការបែកខ្ចរខ្ចាយ​ព័ត៌មាន​ស្តី​ពី​នយោបាយ​របស់​អាមេរិក​ទៅលើ​សំណុំរឿង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI