អាមេរិក៖ អត្រាអ្នកអត់ការងារធ្វើធ្លាក់ចុះខ្លាំង តែក៏មិនត្រូវសប្បាយចិត្តពេកដែរ
ចុះផ្សាយនៅថ្ងៃ៖
នៅក្នុងពេលដែលអឺរ៉ុបកំពុងប្រឈមមុខនឹងវិបត្តិប្រាក់បំណុល តំបន់មជ្ឈិមបូព៌ា ដែលជាជង្រុកប្រេងកំពុងឆ្លងកាត់អស្ថិរភាព ហើយសូម្បីតែចិនក៏កំពុងបារម្ភអំពីស្ថានភាពសេដ្ឋកិច្ចរបស់ខ្លួនដែរនោះ ស្រាប់តែនៅអាមេរិកឯណោះវិញ អត្រាអ្នកអត់ការងារធ្វើបានធ្លាក់ចុះដល់កម្រិតមួយទាបបំផុតមិនធ្លាប់ឃើញមាន ក្នុងរយៈពេលជាងពីរឆ្នាំកន្លងទៅនេះ។
យោងតាមតួលេខរបស់ក្រសួងការងារអាមេរិក អត្រាអ្នកអត់ការងារធ្វើនៅអាមេរិក នៅក្នុងខែវិច្ឆិកាកន្លងទៅនេះបានធ្លាក់ចុះមកនៅត្រឹម ៨,៦% ដែលជាអត្រាទាបបំផុតមិនធ្លាប់មាន ចាប់តាំងពីខែមីនា ឆ្នាំ២០០៩មក។ កាលពីខែតុលា ២០១១ អត្រាអ្នកអត់ការងារធ្វើនៅអាមេរិកមានរហូតដល់ទៅ ៩%។ ដូច្នេះ ក្នុងរយៈពេលតែមួយខែសោះ អត្រាអ្នកអត់ការងារធ្វើបានធ្លាក់ចុះរហូតដល់ទៅ ០,៤%។
តើសេដ្ឋកិច្ចរបស់អាមេរិកកំពុងតែស្ទុះឡើងវិញឬ? មិនប្រាកដទេ! តាមការពិត ការធ្លាក់ចុះដ៏ខ្លាំងខ្លានៃអត្រាអ្នកអត់ការងារធ្វើនេះ ភាគច្រើនបានមកដោយសារតែអ្នកអត់ការងារធ្វើលែងរកការធ្វើតទៅទៀត។ ក្នុងចន្លោះពីខែតុលាការ ដល់ខែវិច្ឆិកា អ្នកអត់ការងារធ្វើរហូតដល់ទៅ ៣១៥ ០០០នាក់ បានសម្រេចចិត្តឈប់ស្វែងរកការងារតទៅទៀត។ អ្នកដែលមិនស្វែងរកការងារធ្វើ មិនត្រូវបានគេចាត់បញ្ចូលក្នុងកម្លាំងពលករសកម្មនោះទេ ដូច្នេះ គេក៏មិនរាប់បញ្ចូលក្នុងតួលេខនៃអ្នកអត់ការងារធ្វើដែរ។
និយាយបែបនេះមិនមែនមានន័យថា ស្ថានភាពសេដ្ឋកិច្ចអាមេរិកមិនរីកចម្រើនទៅមុខសោះនោះទេ។ ចំនួនការងារដែលបង្កើតថ្មីក៏បានកើនឡើងរហូតដល់ទៅ ១២០ ០០០នាក់ ពោលគឺ កើនឡើងហួសពីការព្យាកររបស់អ្នកសេដ្ឋកិច្ចភាគច្រើនផង។ ក៏ប៉ុន្តែ បើពឹងតែទៅលើចំនួនអ្នករកការងារបានធ្វើ ហើយមិនមានអ្នកអស់សង្ឃឹមឈប់រវីរវល់ស្វែងរកការងារធ្វើដ៏ច្រើនសន្ធឹកសន្ធាប់ទេនោះ អត្រាអ្នកអត់ការងារធ្វើនៅអាមេរិកធ្លាក់ចុះតិចតួចប៉ុណ្ណោះ (ពោលគឺ ពី៩% មកនៅត្រឹម ៨,៩% ប៉ុណ្ណោះ មិនដល់ ៨,៦% ទេ)។
ដើម្បីឲ្យទីផ្សារការងារនៅអាមេរិកងើបឡើងមកដល់កម្រិតមុនពេលផ្ទុះវិបត្តិសេដ្ឋកិច្ចវិញ គេចាំបាច់ត្រូវបង្កើតការងារឲ្យបានរហូតដល់ទៅ ជិត ១១លាននាក់ឯណោះ ដើម្បីបំពេញតម្រូវការរបស់អ្នកដែលបាត់បង់ការងារដោយសារវិបត្តិផង និងយុវជនដែលទើបនឹងដល់អាយុធ្វើការផង។ ដូច្នេះ បើសិនអាមេរិកបង្កើតការងារថ្មីបានត្រឹមតែ ១២០ ០០០នាក់ ក្នុងមួយខែ ដូចជាពេលនេះ ទោះបីជា ១០ឆ្នាំទៀត ក៏អត្រាអ្នកអត់ការងារធ្វើមិនធ្លាក់ចុះមកដល់កម្រិតដើមវិញដែរ។
ទោះជាយ៉ាងណា តួលេខស្តីពីការធ្លាក់ចុះនៃអត្រាអ្នកអត់ការងារធ្វើ នៅខែវិច្ឆិកានេះ ប្រាកដជាធ្វើឲ្យលោកអូបាម៉ា និងគណបក្សប្រជាធិបតេយ្យបានធូរចិត្តមិនតិចទេ ពីព្រោះការបោះឆ្នោតអាណត្តិថ្មីកំពុងតែជិតឈានចូលមកដល់។ បើសិនជាអត្រាអ្នកអត់ការងារធ្វើមិនធ្លាក់ចុះទេ លោកអូបាម៉ាប្រាកដជានឹងមិនងាយរកសំឡេងឆ្នោត សម្រាប់អាណត្តិទីពីរនោះទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ