សហរដ្ឋអាមេរិក-អ៊ីរ៉ង់​

សហរដ្ឋអាមេរិក​ពង្រឹង​ទណ្ឌកម្ម​សេដ្ឋកិច្ច​ប្រឆាំង​នឹងអ៊ីរ៉ង់​

លោកស្រី​​រដ្ឋមន្ត្រី​​ក្រសួង​​ការបរទេស​​អាមេរិក​​ហ៊ីឡារី​​គ្លីនតុន​នៅ​ពេល​ធ្វើ​សន្និសីទ​​កាសែត​​នៅថ្ងៃទី​២១​វិច្ឆិកា​​ឆ្នាំ២០១១​​ de la conférence de presse de ce lundi 21 novembre 2011.
លោកស្រី​​រដ្ឋមន្ត្រី​​ក្រសួង​​ការបរទេស​​អាមេរិក​​ហ៊ីឡារី​​គ្លីនតុន​នៅ​ពេល​ធ្វើ​សន្និសីទ​​កាសែត​​នៅថ្ងៃទី​២១​វិច្ឆិកា​​ឆ្នាំ២០១១​​ de la conférence de presse de ce lundi 21 novembre 2011. Reuters/Hyungwon Kang

ឆ្លើយតប​ទៅនឹង​របាយការណ៍​របស់​ទីភ្នាក់ងារ​អន្តរជាតិ​ខាង​ថាមពល​បរមាណូ​(AIEA)​ ​ ទីក្រុង​វ៉ាស៊ីនតោន​បាន​ប្រកាស​ឲ្យ​ដឹង​នូវ​វិធានការ​ថ្មី​មួយ​ចំនួន​ដើម្បី​ពង្រឹង​ទណ្ឌកម្ម​ដាក់​ប្រឆាំង​នឹង​អ៊ីរ៉ង់​នៅ​ថ្ងៃចន្ទ​ទី២១​វិច្ឆិកា​ឆ្នាំ២០១១​ម្សិលមិញ​។​ ទណ្ឌកម្ម​នឹង​ដាក់​ទៅលើ​ជនណា​ដែល​ផ្តល់​ជំនួយ​សម្ភារៈ​សម្រាប់​ជួយ​វិស័យ​ប្រេងកាត​និង​វិស័យ​គីមី​​អ៊ីរ៉ង់។

ផ្សាយពាណិជ្ជកម្ម

ក្រិត្យ​ប្រធានាធិបតី​អាមេរិក​បានចេញ​ផ្សព្វផ្សាយ​ឲ្យដឹង​នៅ​ថ្ងៃចន្ទ​ទី២១​វិច្ឆិកា​ឆ្នាំ២០១១​ម្សិលមិញ។​ លោក​ប្រធានាធិបតី​បារ៉ាក់​អូបាម៉ា​បាន​ពង្រឹង​ទណ្ឌកម្ម​ដាក់​ទៅលើ​ជនណា​ដែល​ផ្តល់​ជំនួយ​គាំទ្រ​ការអភិវឌ្ឍន៍​ក្នុង​វិស័យ​ប្រេងកាត​របស់​ប្រទេស​អ៊ីរ៉ង់។​ ដូច្នេះ​ រាល់​សហគ្រាស​និង​រាល់​ធនាគារ​នៅលើ​លោក​ត្រូវ​ឋិត​នៅ​ក្រោម​ការគំរាម​នៃ​ទណ្ឌកម្ម​អាមេរិកាំង។

 
លោកស្រី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​ហ៊ីឡារី​គ្លីនតុន​បាន​ថ្លែង​បញ្ជាក់​ទៀតថា​ ​ “​ភ្ជាប់​មក​ជាមួយ​នូវ​ទណ្ឌកម្ម​អាមេរិក​ ​ នៅមាន​វិធានការ​បន្ថែម​ទៀត​របស់​ប្រទេស​កាណាដា​និង​ប្រទេស​អង់គ្លេស​ ​ ហើយ​ទីក្រុង​វ៉ាស៊ីនតោន​នៅ​រង់ចាំ​ទណ្ឌកម្ម​ដាក់​ទៅលើ​អ៊ីរ៉ង់​ចេញពី​ប្រទេស​ដទៃទៀត​ជាដៃគូ​នៅ​ពេល​ខាងមុខនេះ”។

ចំណែកឯ​លោក​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​ Timothy Geithner ​បាន​ប្រកាស​ថា​ “​ប្រទេស​អ៊ីរ៉ង់​បាន​ក្លាយ​ទៅជា​ប្រភព​នៃ​ក្តីបារម្ភ​មួយ​ដ៏ធំ​ទាក់ទិន​នឹង​ការ​លាង​សម្អាត​ប្រាក់​កខ្វក់”។​ ទាំងនេះ​ បាន​សេចក្តីថា​ ​ អ្នកដែល​មាន​ទំនាក់​ទំនង​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ជាមួយ​ប្រទេស​អ៊ីរ៉ង់​អាច​រង​ទទួល​ទណ្ឌកម្ម​អាមេរិកាំង។​ ហើយ​លោក​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​ Timothy Geithner ​បាន​ថ្លែង​បន្ថែម​ទៀតថា​ ​ “​នៅមាន​វិធានការ​ជាច្រើន​ទៀត​ដែល​អាចឈាន​ដល់​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៅលើ​ធនាគារ​កណ្តាល​អ៊ីរ៉ង់”។

គួរបញ្ជាក់ថា​ ​ ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​បាន​ចារឈ្មោះ​ជន​១១នាក់​ដាក់​ក្នុង​បញ្ជីខ្មៅ​របស់​ខ្លួន​ ​ ពោលគឺ​ឈ្មោះជន​១១នាក់​ដែលបាន​ជួយ​ផ្តល់​ជំនួយ​គាំទ្រ​ “កម្មវិធី​អាវុធ​ប្រល័យលោក​”​របស់​ប្រទេស​អ៊ីរ៉ង់។​ ចាប់ពី​ពេលនេះ​តទៅ​ ​ ទ្រព្យសម្បត្តិ​ឬ​ប្រាក់​ដែល​អ្នក​ទាំងនោះ​មាន​នៅ​ក្នុង​ធនាគារ​អាមេរិកាំង​នឹងត្រូវ​ឃាត់​ផ្អាប់ទុក។

រីឯ​ប្រទេស​រុស្ស៊ីវិញ​ ​ នៅ​ថ្ងៃអង្គារ​នេះ​គេបាន​បរិហារ​ពី​វិធានការ​ថ្មី​របស់​អាមេរិកាំង​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​ទៅលើ​ប្រទេស​អ៊ីរ៉ង់​ទាក់ទិន​នឹង​កម្មវិធី​នុយក្លេអ៊ែរ​ ​ ដោយ​ទីក្រុង​ម៉ូស្គូ​យល់ថា​ ​ ជាវិធានការ​ “ពុំអាច​ទទួល​យកបាន​ឡើយ”​ ​ ជាវិធានការ​ខុសផ្ទុយ​ពី​ច្បាប់​អន្តរជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI