ភេរវនិយម ៖ អាមេរិកធ្វើយុទ្ធនាការរក្សាសុវត្ថិភាពនៅតាមរថភ្លើង
ចុះផ្សាយនៅថ្ងៃ៖
នៅសប្តាហ៍នេះ ប៉ូលិសអាមេរិក នឹងចេញធ្វើយុទ្ធនាការ នៅតាមបណ្តាញមធ្យោបាយធ្វើតាមផ្លូវដែកសំខាន់ៗ ក្នុងក្របខ័ណ្ឌពង្រឹងសន្តិសុខ។ លំហាត់សុវត្ថិភាពនៅតាមស្ថានីយ៍រថភ្លើង និងក្នុងរថភ្លើង នេះធ្វើឡើងជួនចំពេលដែលអាជ្ញាធរអាមេរិកទើបបានប្រកាសណែនាំដល់ បណ្តាជនអាមេរិកឲ្យប្រុងប្រយ័ត្ន ពេលធ្វើដំណើរទៅអឺរ៉ុប ព្រោះការគំរាមកំហែងធ្វើភេរវកម្ម នៅទីនោះ មានកំរិតគួរឲ្យព្រួយបារម្ភ។
សេចក្តីរាយការណ៍របស់ អៀង សុខម៉ិញ
យុទ្ធនាការសុវត្ថិភាពផ្លូវដែក “Railsafe” នឹងត្រូវបានក្រុមហ៊ុនអយស្ម័យយាន អាមេរិក Amtrack រៀបចំធ្វើឡើង នៅថ្ងៃសុក្រខាងមុខនេះ ដោយមានប៉ូលិសពាក់ឯកសណ្ឋាន ល្បាតនៅតាមខ្សែរទេះភ្លើងសំខាន់ៗរបស់អាមេរិក។ បើយោងតាមអ្នកទទួលខុសត្រូវ អាមេរិកម្នាក់ ក្រុមហ៊ុនផ្លូវដែកអឺរ៉ុប មានជាអាទិ៍ក្រុមហ៊ុនអង់គ្លេស ក៏នឹងបើកយុទ្ធនាការដូចសហរដ្ឋអាមេរិក នៅថ្ងៃសុក្រសប្តាហ៍នេះដែរ។
អ្នកទទួលខុសត្រូវសុវត្ថិភាពផ្ទៃក្នុងអាមេរិក បានអះអាងថា គម្រោងធ្វើយុទ្ធនាការនេះមិនមានពាក់ព័ន្ធនឹងការគំរាមកំហែងធ្វើភេរវកម្មនៅអឺរ៉ុបទេ ព្រោះអាមេរិកមានផែនការបែបនេះជាយូរមកហើយ។
តើនេះពិតជាការចៃដន្យឬ ? សូមជម្រាបថា តាំងពីថ្ងៃអាទិត្យទី ៣តុលាមក អាជ្ញាធរអាមេរិកបានអំពាវនាវឲ្យប្រជាជនអាមេរិកទាំងអស់ ដែលមានចេតនាធ្វើដំណើរកំសាន្តមកអឺរ៉ុប ឲ្យរក្សាខ្ជាប់នូវភាពប្រុងប្រយ័ត្ន ជាពិសេសនៅតាមមណ្ឌលទេសចរណ៍សំខាន់ៗ ដូចជា Tour Eiffel, វិហារNotre Dame ឬទីប្រជុំជនមានមនុស្សច្រើន។ ប្រទេសជប៉ុន និងអង់គ្លេសក៏បានចេញសេចក្តីណែនាំនេះដល់ប្រជាជនខ្លួនដែរ។
អឺរ៉ុប ដែលកំពុងប្រឈមនឹងគំរាមភេរវកម្មនេះ បានចាត់វិធានការពង្រឹងសន្តិសុខ និងសុវត្ថិភាពគ្រប់ទីកន្លែង និងទទួលស្គាល់ថាគ្រោះភេរវកម្មពិតជាទំនងអាចកើតមានមែន។ ម្យ៉ាងវិញទៀត បើតាមរបាយការណ៍ថ្មីៗចុងក្រោយរបស់ភ្នាក់ងារស៊ើបការសម្ងាត់អាមេរិក និងអឺរ៉ុប ពួកភេរវជនអាល់កៃដា និងសម្ព័ន្ធមិត្ត ប៉ុនប៉ងធ្វើភេរវកម្មនៅតាមទីក្រុងធំៗរបស់អឺរ៉ុប ដែលមានលក្ខណៈស្រដៀងនឹងភេរវកម្មនៅទីក្រុងប៊ុមបេ ប្រទេសឥណ្ឌាកាលពីឆ្នាំ២០០៨ ពោលគឺក្រុមភេរវជនចង់ប្រើយុទ្ធវិធីណាដែលធ្វើឲ្យមានការបាត់បង់ជាអតិបរិមាណ និងគួរឲ្យភ័យរន្ធត់បំផុត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ