កម្ពុជា

អាមេរិក​ត្រៀម​ពង្រីក​សហ​ប្រតិបត្តិការ​ជាមួយ​អាស៊ាន​ក្នុង​អាណត្តិ​កម្ពុជា​ជា​ម្ចាស់ផ្ទះ​

លោក ហោ ណាំហុង និង​តំណាង​សហរដ្ឋ​​​អាមេរិក
លោក ហោ ណាំហុង និង​តំណាង​សហរដ្ឋ​​​អាមេរិក © ចាន់ណា/rfi

ឯកអគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​អាស៊ាន​បាន​ជួប​ជាមួយ​ប្រមុខ​ការទូត​កម្ពុជា​លោក​ឧបនាយក​​រដ្ឋមន្ត្រី​ហោ ណាំហុង​នៅ​ថ្ងៃ​ចន្ទ​នេះ ដើម្បី​ផ្លាស់ប្តូរ​យោបល់​អំពី​ការ​ពង្រីក​សហ​ប្រតិបត្តិការ​​រវាង​អាមេរិក​និង​អាស៊ាន។ ឯកអគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំ​អាស៊ាន​លោក​David Cardan បាន​មក​ជួប​រដ្ឋមន្ត្រីការបរទេស​កម្ពុជា​នៅ​ខណៈពេល​ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​អាស៊ាន​នៅ​ឆ្នាំ​ក្រោយ​នេះ។ ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក​បាន​ប្រាប់​លោក​ហោ ណាំហុង​ថា​លោក​ប្រធានាធិបតី​អាមេរិក​បារ៉ា់ក់ អូបាម៉ា​គ្រោង​នឹង​មក​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ផងដែរ។

ផ្សាយពាណិជ្ជកម្ម

មិនមែន​មាន​តែ​ប្រទេស​ចិន​ទេ​ដែល​បាន​​ចូល​កៀក​មក​ជិត​កម្ពុជា​ ខណៈពេល​ដែល​កម្ពុជា​​កំពុង​ត្រៀម​ខ្លួន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ផ្លាស់​វេន​របស់​អាស៊ាន​នៅ​ឆ្នាំ​ក្រោយ ​បន្ត​ពី​ប្រទេស​ឥណ្ឌូនេស៊ី។ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ឯក​អគ្គ​រដ្ឋទូត​ចិន​បាន​នាំយក​ជំនួយ​ជា​សម្ភារៈ​ការិយាល័យ​ផ្តល់​អោយ​កម្ពុជា​តាម​រយៈ​រដ្ឋមន្ត្រី​ការបរទេស​លោក​ ហោ ណាំហុង​ ដើម្បី​ប្រើប្រាស់​ក្នុង​ពេល​ដែល​កម្ពុជា​នឹង​ក្លាយ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ពេញ​មួយ​ឆ្នាំ​ក្រោយ។

 
ប៉ុន្តែ​មុន​​ជួប​ទទួល​ជំនួយ​ពី​ប្រទេស​ចិន លោក​ឧបនាយក​រដ្ឋមន្ត្រី​ ហោ ណាំហុង​ ក៏​បាន​ទទួល​ជួប​ឯក​អគ្គ​រដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​អាស៊ាន​លោក David Cardan។ អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​អាស៊ាន​កំពុង​ទស្សនកិច្ច​នៅ​កម្ពុជា​ដោយ​ជួប​សវនាការ​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​ជាច្រើន​របស់​ប្រទេស​នេះ​ដើម្បី​ចង់​ដឹង​ថា​តើ​វា​នឹង​មាន​កិច្ចការ​ជា​អាទិភាព​អ្វី​ខ្លះ​ដែល​អាមេរិក​អាច​ជួយ​អាស៊ាន​បាន។ អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​បន្ត​ថា តំណាង​រដ្ឋាភិបាល​អាមេរិក​ប្រចាំអាស៊ាន​ត្រូវ​មក​ជួប​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​នៅ​ពេល​នេះ គឺ​នៅ​ពេល​ដែល​កម្ពុជា​កំពុង​ត្រៀម​រៀបចំ​ខ្លួន​ដើម្បី​ធ្វើ​ជា​ម្ចាស់ផ្ទះ​ផ្លាស់វេន​ចាប់ពី​ដើមឆ្នាំ​ក្រោយ​នេះ​ទៅ។

កម្ពុជា​នឹង​ទទួល​តំណែង​ផ្លាស់​វេន​ជា​ម្ចាស់ផ្ទះ​អាស៊ាន​នេះ ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ចុង​ក្រោយ​នៅ​កោះបាលី​ប្រទេស​ឥណ្ឌូនេស៊ី​នៅ​ក្នុង​ខែ​វិច្ឆិកា​ក្រោយ​នេះ។ បើ​តាម​ការ​អះអាង​របស់​លោក​ David Cardan ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក​ បារ៉ាក់ អូបាម៉ា​ នឹង​ចូលរូម​ក្នុង​ព្រឹត្តិការណ៍​នេះ​ដែរ។

គួរ​បញ្ជាក់​ថា អាស៊ាន​មាន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ជាច្រើន​ដូចជា អាមេរិក ជប៉ុន ឥណ្ឌា កូរ៉េ និងចិន​ជាដើម៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI