ស.រ.អា.

លោកស្រី មីឆែល អូបាម៉ា​ យក​ប្រជាប្រិយភាព​របស់​លោកស្រី​មកជួយ​គាំទ្រ​ស្វាមី​​​

នៅថ្ងៃ​អង្គារ​ទី៤​កញ្ញា​ម្សិលមិញ​ លោកស្រី​ មីឆែល អូបាម៉ា​ នាឱកាស​ថ្ងៃទី​មួយ​នៃ​សមាជ​ជាតិ​នៃ​បក្ស​ប្រជាធិបតេយ្យ​នៅ​ទីក្រុង​ ឆារឡុត​ បាន​បង្កើត​ឲ្យមាន​ថាមពល​ដ៏មាន​ប្រសិទ្ធភាព​មក​ជួយ​គាំទ្រ​បេក្ខជន​ប្រធានាធិបតី​បារ៉ាក់​អូបាម៉ា​ជាស្វាមី​ ​ ដោយបាន​ថ្លែងថា​ “៤ឆ្នាំ​នៅ​សេតវិមាន​​ពុំបាន​ប្តូរប្រែ​លោក​អូបាម៉ា​ឡើយ​ ​ ហើយលោក​អូបាម៉ា​គឺជា​មនុស្ស​តែ​ម្នាក់គត់​ដែលអាច​ជំរុញ​ឲ្យ​ស.រ.អា.​ដើរលឿន​ទៅមុខ​និង​បាន​ប្រសើរ​ជាងគេ”។  

លោកស្រី​ មីឆែល អូបាម៉ា​ ​ថ្ងៃ​ទី​៤​កញ្ញា​​២០១២​​ នា​ថ្ងៃទី​មួយ​​នៃ​សមាជ​​នៃ​​បក្ស​​ប្រជាធិបតេយ្យ​​នៅ​ទីក្រុង​​ ឆារឡុត​​ ​ជួយ​​គាំទ្រ​​បេក្ខជន​​ប្រធានាធិបតី​​បារ៉ាក់​​អូបាម៉ា​​
លោកស្រី​ មីឆែល អូបាម៉ា​ ​ថ្ងៃ​ទី​៤​កញ្ញា​​២០១២​​ នា​ថ្ងៃទី​មួយ​​នៃ​សមាជ​​នៃ​​បក្ស​​ប្រជាធិបតេយ្យ​​នៅ​ទីក្រុង​​ ឆារឡុត​​ ​ជួយ​​គាំទ្រ​​បេក្ខជន​​ប្រធានាធិបតី​​បារ៉ាក់​​អូបាម៉ា​​ © RFI
ផ្សាយពាណិជ្ជកម្ម

សកម្មជន​នៃ​បក្ស​ប្រជាធិបតេយ្យ​បាន​នាំគ្នា​ទះដៃ​អបអរ​ទទួល​ស្វាគមន៍​នៅ​យប់​ថ្ងៃ​អង្គារ​ម្សិលមិញ​លោកស្រី​ មីឆែល​អូបាម៉ា​ ​ នាឱកាស​ថ្ងៃទី​មួយ​នៃ​សមាជ​ជាតិ​នៃ​បក្ស​ប្រជាធិបតេយ្យ​នៅ​ទីក្រុង​ ឆារឡុត​ នៃ​រដ្ឋ​ការ៉ូលីន​ខាងជើង។​ លោកស្រី​ភរិយា​របស់​លោក​ប្រធានាធិបតី​បារ៉ាក់​អូបាម៉ា​បាន​​ថ្លែង​ជាអាទិ៍ថា​ ​ “ក្រោយពី​បួនឆ្នាំ​នៅ​សេតវិមាន​ ​ លោក​អូបាម៉ា​នៅតែ​ជា​មនុស្សដដែល​ ​ លោកពុំបាន​ប្តូរប្រែ​អ្វីឡើយ​ ​ ហើយលោក​គឺជា​មនុស្ស​ដែល​ចេះ​គោរព​និង​ស្រឡាញ់​ឧត្តមគតិ​ដ៏​ថ្លៃថ្លា​ដូចជា​ “ការងារ”​ “ការអប់រំ”​ “ភាពសុចរិត”​ ដូចប្រជាជន​អាមេរិកាំង​ជាច្រើន​ផងទៀត”។

 
ក្នុង​រយៈពេល​ប្រមាណ​៣០ប្លាយ​នាទី​ ​ ភរិយា​របស់​លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់​អូបាម៉ា​បាន​និយាយ​និង​សង្កត់​ធ្ងន់​ទៅលើ​បញ្ហា​គ្រួសារ​ ​ ដោយបាន​ថ្លែងថា​ “គ្រួសារ​របស់​លោកស្រី​និង​គ្រួសារ​របស់​ស្វាមី​លោកស្រី​ ​ ជាអ្នក​គ្មាន​ប្រាក់កាស​ ​ គ្មាន​សម្បត្តិទ្រព្យ​ច្រើន​ ​ ក៏​ប៉ុន្តែ​លោកស្រី​និង​ស្វាមី​ទទួល​បាន​មកវិញ​នូវ​សេចក្តី​ស្នេហា​គ្មាន​ព្រំដែន​ពី​គ្រួសារ​របស់​ខ្លួន”។

សុន្ទរកថា​របស់​លោកស្រី​មីឆែល​អូបាម៉ា​មាន​គោលបំណង​ទាក់ទាញ​ស្ត្រី​អាមេរិកាំង​ ​ ហើយ​នៅទី​បំផុត​ ក៏​បាន​ទាក់ទាញ​ប្រជាជន​អាមេរិកាំង​ថ្នាក់​កណ្តាល​ផងដែរ​ ​ ដោយហេតុថា​ គូស្វាមី​ភរិយា​អូបាម៉ា​ចេះយល់ដឹង​ពី​បញ្ហា​របស់​ប្រជាជន​អាមេរិក​ថ្នាក់​កណ្តាល​ ​ ពីព្រោះ​មីឆែល​និង​បារ៉ាក់​អូបាម៉ា​ក៏​ជា​អ្នក​ចេញពី​ថ្នាក់​កណ្តាល​ផងដែរ។

ហើយ​ម្យ៉ាងទៀត​ ជាទម្លាប់​របស់​លោកស្រី​មីឆែល​អូបាម៉ា​ ​ លោកស្រី​ពុំដែល​ពាក្យ​សម្តី​បោះបោក​ធ្វើឲ្យ​ប៉ះទង្គិច​​ដល់​គណបក្ស​សាធារណរដ្ឋ​ដែល​ជា​គូ​ប្រជែង​ឡើយ។​ នេះហើយ​ដែលនាំ​ឲ្យ​ប្រជាប្រិយភាព​របស់​លោក​ស្រី​អូបាម៉ា​រឹតតែ​កើនឡើង​ខ្ពស់។​ ហើយបើ​ប្រសិនជា​លោកស្រី​មីឆែល​អូបាម៉ា​ជា​បេក្ខនារី​ប្រធានាធិបតី​អាមេរិក​នៅពេល​នេះ​ ​ លោកស្រី​ប្រាកដជា​នឹង​ត្រូវ​ប្រជាជន​អាមេរិក​បោះឆ្នោត​ជ្រើស​តែងតាំង​ជា​ប្រធានាធិបតី​របស់ខ្លួន​នៅ​យប់មិញ​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI