អានតួអត្ថបទ
អាមេរិក-ចិន

ទីក្រុងវ៉ាស៊ីនតោន​ទិតៀន​គម្រោង​ការ​ប៉េកាំង​នៅទី​ប្រជុំកោះ​ប៉ារ៉ាសែល​

លោកស្រី៏​ ​Hillary Clinton ប្រមុខការទូត​អាមេរិក
លោកស្រី៏​ ​Hillary Clinton ប្រមុខការទូត​អាមេរិក REUTERS/Luong Thai Linh
ដោយ៖ សៀក សារិន
១៣ នាទី

សហរដ្ឋ​អាមេរិក​បាន​ធ្វើការ​ទិតៀន​នៅ​ថ្ងៃសុក្រ​ម្សិលមិញ​ ពី​សេចក្តី​សម្រេចចិត្ត​របស់​ទីក្រុង​ប៉េកាំង​ដែល​គ្រោង​យក​ទ័ព​ទៅដាក់​នៅ​លើ​ទីប្រជុំកោះ​ប៉ារ៉ាសែល​ ឋិត​នៅក្នុង​សមុទ្រចិន​ខាងត្បូង​ ​ ដែលជា​ទីកន្លែង​ឈ្លោះ​ដណ្តើមគ្នា​រវាង​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់។

ផ្សាយពាណិជ្ជកម្ម

 

ទីក្រុង​ប៉េកាំង​បាន​ប្រកាស​កាលពី​ថ្ងៃចន្ទ​កន្លងទៅ​ ដោយពុំ​បាន​ថ្លែង​ប្រាប់​ឲ្យ​ដឹង​ពី​ប្រតិទិន​ជាក់ច្បាស់​ ​ ថា​ប្រទេសចិន​គ្រោង​យកទ័ព​ទៅដាក់​នៅលើ​ទីប្រជុំកោះ​ប៉ារ៉ាសែល​ ​ ដែលឋិត​នៅក្នុង​សមុទ្រចិន​ខាងត្បូង។​ សេចក្តី​សម្រេចចិត្ត​នេះ​បាន​បង្ក​ឲ្យ​កើតមាន​កំហឹង​ក្រេវក្រោធ​យ៉ាងខ្លាំង​នៅ​ប្រទេស​វៀតណាម​និង​នៅ​ប្រទេស​ហ្វីលីពីន​ ​ ដែលបាន​ចោទ​ប្រទេសចិន​ថា​ បាន​ប៉ុនប៉ង​ធ្វើការ​គំរាម​កំហែង។

ទាំងនេះ​បាន​នាំឲ្យ​អ្នកនាំពាក្យ​នៃ​ក្រសួង​ការបរទេស​អាមេរិក​ លោក​ Patrick Ventrell ​ប្រកាស​នៅក្នុង​សេចក្តី​ថ្លែងការណ៍​ថា​ ​ “យើងបារម្ភ​យ៉ាងខ្លាំង​ពី​កំណើន​នៃ​ភាព​តានតឹង​ដែល​កើតមាន​នៅ​សមុទ្រចិន​ខាងត្បូង​ ​ ហើយយើង​នឹង​តាម​ឃ្លាំមើល​ស្ថានការណ៍​ទាំងនេះ​យ៉ាង​ល្អិតល្អន់”។

បន្ថែម​ពីលើនេះ​ ​ ​ លោក​ Patrick Ventrell ​បាន​ថ្លែង​បញ្ជាក់ទៀតថា​ ​ “ការយកទ័ព​ទៅដាក់​នៅទីក្រុង​សានស្ហារ​នៃ​ទីប្រជុំកោះ​ប៉ារ៉ាសែល​ដោយ​ទីក្រុង​ប៉េកាំង​ ​ គឺពិតជា​ខុសផ្ទុយ​ពី​ការខិតខំ​ក្នុង​វិស័យ​ការទូត​ ​ ដើម្បី​ជួយ​បន្ធូរ​បន្ថយ​ភាពតានតឹង​ក្នុង​តំបន់ »។

ចំណែកឯ​ប្រទេសចិន​វិញ​បាន​ប្រកាស​ប្រាប់ថា​ ​ គេ​ក្តោបក្តាប់​បាន​មួយ​ចំណែកធំ​នៃ​តំបន់​សមុទ្រចិន​ខាងត្បូង​ ​ ក៏ប៉ុន្តែ​ប្រទេស​ព្រុយណេ​ ​ ម៉ាឡេស៊ី​ ​ តៃវ៉ាន់​ ​ ហ្វីលីពីន​ ​ និង​ប្រទេស​វៀតណាម​ក៏​ទាមទារ​ចង់បាន​មួយ​ចំណែក​នៃ​តំបន់​សមុទ្រចិន​ខាងត្បូង​នេះដែរ។

រីឯព្រឹទ្ធសភា​អាមេរិកវិញ​ ​ បាន​គាំទ្រ​សេចក្តី​សម្រេចចិត្ត​ដែល​ជំរុញ​ឲ្យ​ប្រទេស​ក្នុងតំបន់​រក្សា​ភាព​ស្ងប់ស្ងៀម​និង​ចៀសវាង​កុំឲ្យ​យកទ័ព​ទៅដាក់​នៅ​តំបន់​សមុទ្រចិន​ខាងត្បូង។​ ទាំង​សមាជិក​ព្រឹទ្ធសភា​មកពី​បក្ស​ប្រជាធិបតេយ្យ​ ក៏​ដូចជា​មកពី​បក្ស​សាធារណរដ្ឋ​ ​ បាន​ថ្លែង​គាំទ្រ​ “​ឲ្យមាន​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ខ្លាំង​និង​ឯករាជ្យ”។

គួរបញ្ជាក់ថា​ ​ ទីក្រុង​ប៉េកាំង​​ក៏មាន​ជម្លោះ​ដែនសមុទ្រ​នៅតំបន់​សមុទ្រចិន​ខាងកើត​ជាមួយ​ប្រទេស​ជប៉ុន​ ​ ដែលជា​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋ​អាមេរិក។​ ហើយ​នៅ​ថ្ងៃសុក្រ​ម្សិលមិញ​ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ជប៉ុន​ ​ លោក​ Satoshi Morimoto ​មាន​វត្តមាន​នៅទីក្រុង​វ៉ាស៊ីនតោន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ