អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ស.រ.អា.​​ទាមទារ​​ឲ្យប៉េកាំង​​កាត់​​បន្ថយ​​ភាព​តានតឹង​​នៅ​​តំបន់​​សមុទ្រចិន​​

សំឡេង ០២:៤៨
រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​ លោកស្រី​ ហ៊ីលឡារី​ គ្លីនតុន​ ​បាន​​ទាមទារ​​ឲ្យ​​ប្រទេសចិន​​ចរចា​​ជាមួយ​​ប្រទេស​​នៅ​តំបន់​​អាស៊ី-អាគ្នេយ៍​​
រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​ លោកស្រី​ ហ៊ីលឡារី​ គ្លីនតុន​ ​បាន​​ទាមទារ​​ឲ្យ​​ប្រទេសចិន​​ចរចា​​ជាមួយ​​ប្រទេស​​នៅ​តំបន់​​អាស៊ី-អាគ្នេយ៍​​ REUTERS/Feng Li/Pool
ដោយ៖ សៀក សារិន

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​ លោកស្រី​ ហ៊ីលឡារី​ គ្លីនតុន​ បាន​ទាមទារ​ឲ្យ​ប្រទេសចិន​ចរចា​ជាមួយ​ប្រទេស​នៅ​តំបន់​អាស៊ី-អាគ្នេយ៍​ ​ ក្នុង​គោលបំណង​បង្កើត​ឲ្យមាន​ “ក្របខណ្ឌ​ការទូត”​ មួយ​សម្រាប់​ជួយ​ដោះស្រាយ​វិបត្តិ​នៅ​សមុទ្រ​ចិន​ ​ ដែលជា​ផ្លូវ​សមុទ្រ​យុទ្ធសាស្ត្រ​មួយ​ដ៏​សំខាន់។

ផ្សាយពាណិជ្ជកម្ម

ភាពតានតឹង​ថ្មីៗ​នៅសមុទ្រចិន​ខាងត្បូង​ឋិតនៅជា​ចំណាប់​អារម្មណ៍​មួយ​ដ៏​សំខាន់​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ដែលមាន​រយៈកាល​១០ថ្ងៃ​ របស់​លោកស្រី​ ហ៊ីលឡារី​ គ្លីនតុន​ នៅតំបន់​អាស៊ី-ប៉ាស៊ីហ្វិក។

ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​ដែល​គេ​ចាត់ទុកថា​ ​ ជាការ​ឆ្លើយតប​ទៅនឹង​មហិច្ឆតា​ដ៏​ខ្លាំងក្លា​របស់​ទីក្រុង​ប៉េកាំង។

“យើងយល់ថា​ ​ ការ​កាត់​បន្ថយ​ភាព​តានតឹង​នៅ​តំបន់​សមុទ្រចិន​ខាងត្បូង​ ពិតជា​ផលប្រយោជន៍​រួម​របស់​ប្រទេសចិន​និង​ប្រទេស​នៃ​សមាគម​ប្រជាជាតិ​អាស៊ី-អាគ្នេយ៍​ Asean​​ ក្នុងការ​បង្កើត​ឲ្យមាន​ “អភិក្រម​ការទូត”​ ​ ដើម្បី​ឈាន​ទៅរក​ “ក្រមប្រតិបត្តិ”​ code de bonne conduite ​។​ នេះជា​សេចក្តី​ប្រកាស​របស់​លោកស្រី​ប្រមុខ​ការទូត​អាមេរិក។

គួរកត់​សម្គាល់ថា​ ​ ក្នុងរយៈកាល​ដែល​លោកស្រី​គ្លីនតុន​បាន​ត្រូវ​ទទួល​ដោយ​លោកប្រធានាធិបតី​ចិន​ ហ៊ូ​ ជិនតាវ​ ​ សារព័ត៌មាន​ផ្លូវការ​ចិន​ឯណោះ​បែរជា​សរសេរថា​ ​ “ទស្សនកិច្ច​របស់​លោកស្រី​ប្រមុខ​ការទូត​អាមេរិក​ ​ ឋិត​នៅ​ក្នុង​បរិបទ​នៃ​ការ​ប្រឈមមុខ​ដាក់គ្នា​រវាង​ទីក្រុង​ប៉េកាំង​និង​ទីក្រុង​វ៉ាស៊ីនតោន”។

ហើយជំនួបសន្ទនា​រវាង​លោកស្រី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​ជាមួយ​លោក​អនុ​ប្រធានាធិបតី​ Xi Jinping ​ដែល​ត្រូវ​ឡើងមក​តស្នង​តំណែង​ពី​លោក​ប្រធានាធិបតី​ ហ៊ូ​ ជិនតាវ​ ​ ក៏បាន​ត្រូវ​ភាគីចិន​លុបចោល។​ អ្នកទទួល​ខុសត្រូវ​អាមេរិក​ពុំបាន​ថ្លែង​បញ្ជាក់​ប្រាប់​ពី​ “មូលហេតុ”​ នៃ​ការ​លុបចោល​នូវ​ជំនួប​សន្ទនា​រវាង​លោក​អនុ​ប្រធានាធិបតី​ Xi Jinping​ និង​លោកស្រី​ប្រមុខ​ការទូត​អាមេរិក​ ហ៊ីលឡារី​ គ្លីនតុន​ឡើយ។​ ក៏​ប៉ុន្តែ​ ជាញឹកញយ​នៅពេល​ដែល​ទំនាក់ទំនង​រវាង​គូភាគី​ទាំងពីរ​ មាន​កង្វះ​ទំនុកចិត្ត​កក់ក្តៅ​ម្តងៗ​ ​ ទីក្រុង​ប៉េកាំង​តែងតែ​មាន​ឥរិយាបថ​បែបនេះ។

ទោះជា​យ៉ាងណា​ក៏​ដោយ​ ​​ ក៏​លោក​ប្រធានាធិបតី​ ហ៊ូ​ ជិនតាវ​ បាន​ថ្លែង​សរសើរ​ពី​ការខិតខំ​របស់​លោកស្រី​គ្លីនតុន​ក្នុងការ​ជួយ​ជំរុញ​ឲ្យ​ទំនាក់​ទំនង​ចិន-អាមេរិក​មាន​ការ​ជឿនលឿន​ទៅមុខ។

រីឯ​លោកស្រី​ប្រមុខ​ការទូត​អាមេរិកវិញ​បាន​ថ្លែង​រំលឹកថា​ ​ ជំនួប​សន្ទនា​រវាង​លោក​ប្រធានាធិបតី​ចិន​និង​លោក​ប្រមុខរដ្ឋ​អាមេរិក​ដែលមាន​ដល់ទៅ​១២លើក​តែង​ឈរ​នៅលើ​ “មូលដ្ឋាន​មួយ​ដ៏​រឹងមាំ”។

ដូច្នេះ​ឃើញថា​ ​ សេចក្តី​ថ្លែងការណ៍​របស់​លោកស្រី​គ្លីនតុន​មាន​លក្ខណៈ​ខុសផ្ទុយ​ពី​ “ទិនានុប្បវត្តិ​​ប្រជាជន” ​ ដែលជា​សារព័ត៌មាន​ផ្លូវការ​របស់​បក្សកុម្មុនិស្តចិន​ដែលបាន​ធ្វើការ​ព្រមាន​ទីក្រុង​វ៉ាស៊ីនតោនថា​ ​ កុំឲ្យ​មាន​សកម្មភាព​ធ្វើឲ្យ​ប៉ះពាល់​ដល់​ “ផលប្រយោជន៍​មូលដ្ឋាន”​ របស់​ប្រទេសចិន​ ​ ហើយនិង​កុំឲ្យ​សហរដ្ឋ​អាមេរិក​មាន​គំនិត​ផ្តួចផ្តើម​ធ្វើការ​បំបែក​បំបាក់​ប្រទេស​មួយ​ចំនួន​ក្នុងតំបន់។

គួរបញ្ជាក់ថា​ ​ ទីក្រុង​ប៉េកាំង​ប្រកាស​ទាមទារ​ដែន​សមុទ្រ​ទាំងមូល​នៅ​តំបន់​សមុទ្រចិន​ខាងត្បូង​ថា​ ឋិត​នៅ​ក្រោម​អធិបតេយ្យ​របស់​ខ្លួន។​ ក៏​ដូចគ្នា​អ៊ីចឹងដែរ​សម្រាប់​តំបន់​ឋិត​នៅ​ជិត​ឆ្នេរសមុទ្រ​នៃ​ប្រទេស​ដូចជា​ប្រទេស​វៀតណាម​ ​ ហ្វីលីពីន​ ​ ម៉ាឡេស៊ី​ ​ ឬ​ព្រុយណេ។​ អធិករណ៍​នៅ​ក្នុង​តំបន់​សមុទ្រចិន​ខាងត្បូង​នេះ​អាច​បង្ក​ឲ្យ​មាន​ផលវិបាក​យ៉ាង​សែន​ធ្ងន់ធ្ងរ​ដល់​ពាណិជ្ជកម្ម​ពិភពលោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ