អាមេរិកកាត់បន្ថយចំនួនទ័ពនៅក្នុងគម្រោងធ្វើសមយុទ្ធជាមួយអ៊ីស្រាអែល
នៅសរទរដូវខាងមុខ ទាហានអាមេរិកំាងនឹងត្រូវចូលរួមធ្វើសមយុទ្ធជាមួយទាហានអ៊ីស្រាអែល។ ប៉ុន្តែបើយោងតាមទស្សនាវដ្តី Time សហរដ្ឋអាមេរិកបានសម្រេចកាត់បន្ថយចំនួនទ័ពរបស់ខ្លួនដែលត្រូវចូលរួម។ នេះជាទង្វើមួយដែលត្រូវបានមន្រ្តីអ៊ីស្រាអែលម្នាក់មើលឃើញថា អាមេរិកបាននិងកំពុងដកខ្លួនបន្តិចពីសម្ព័ន្ធមិត្តអ៊ីស្រាអែល។ តែយ៉ាងណាក៏ដោយ ទីក្រុងវ៉ាស៊ីនតោនបានបដិសេធនូវការយល់ឃើញរបៀបនេះ និងបានផ្តល់មូលហេតុថា មកពីទ័ពមួយចំនួនរបស់ខ្លួនកំពុងជាប់រវល់នៅប្រតិបត្តិការផ្សេង។
ចុះផ្សាយនៅថ្ងៃ៖
វរសេនីយទោនៃទ័ពជើងអាកាសអាមេរិកំាង និងជាអ្នកនំាពាក្យមន្ទីរ Pentagone លោក Jack Miller បានបញ្ជាក់ថា ចំនួនទ័ពអាមេរិកំាងដែលត្រូវចូលរួមធ្វើសមយុទ្ធជាមួយទ័ពអ៊ីស្រាអែលនឹងមានចំនួនតិចជាងចំនួនដែលបានគ្រោងទុកពីពេលមុន។ យោងតាមទស្សនាវដ្តី Time ចំនួនទ័ពអាមេរិកំានឹងត្រូវកាត់បន្ថយពី ៥ ០០០នាក់ មកនៅត្រឹម ១ ៥០០នាក់ ឬមួយក៏ ១ ២០០នាក់។ តែមន្រ្តីអាមេរិកំាងម្នាក់មិនព្រមបញ្ចេញឈ្មោះបានបដិសេធនូវតួលេខនេះ និងថា ពិតជាមានការកាត់បន្ថយចំនួនទ័ពអាមេរិកំាងមែន តែមិនជាច្រើនប៉ុន្មានទេ។ សម្រាប់លោកវរសេនីយទោ Jack Miller វិញបានពន្យល់ថា ការកាត់បន្ថយមកពីមូលហេតុប្រក្រតិទិន។
គួរជម្រាបជូនថា តាមការគ្រោងទុក សមយុទ្ធរវាងអាមេរិក និងអ៊ីស្រាអែលត្រូវធ្វើតំាងពីខែឧសភាកន្លងទៅម្ល៉េះ តែត្រូវបានភាគីអ៊ីស្រាអែលសុំលើកទៅធ្វើនៅដំណាច់សរទរដូវខាងមុខវិញ។ គឺក្នុងពេលជាមួយគ្នានោះឯងដែលអ្នកនំាពាក្យមន្ទីរ Pentagone បានគូសបញ្ជាក់ថា មានទ័ពអាមេរិកំាងមួយចំនួននឹងត្រូវចេញទៅបំពេញបេសកកម្មនៅកន្លែងផ្សេង និងមិនអាចផ្តាច់ខ្លួនទៅចូលរួមសមយុទ្ធជាមួយទ័ពអ៊ីស្រាអែលទំាងអស់គ្នាបានទេ។ អ្នកនំាពាក្យមន្ទីរ Pentagone រូបនេះដដែលបានបន្ថែមថា បញ្ហានេះនឹងមិនធ្វើឲ្យប៉ះពាល់ដល់ប្រសិទ្ធិភាពនៃការធ្វើសមយុទ្ធឡើយ។
យ៉ាងណាក៏ដោយ អ៊ីស្រាអែលហាក់ដូចជាមិនសូវយល់ស្របតាមការសម្រេចចិត្តរបស់អាមេរិកទេ។ សម្រាប់អ្នកធ្វើអាត្ថាធិប្បាយមួយចំនួនបានចោទសួរថា តើអ្វីដែលទីក្រុងវ៉ាស៊ីតោនបានសម្រេចនាពេលនេះ មិនមែនមកពីអាមេរិកចង់ដកខ្លួនបន្តិច ពីសម្ព័ន្ធមិត្តអ៊ីស្រាអែលរបស់ខ្លួនទេ ឬ ព្រោះថាទន្ទឹមគ្នានេះ លោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែល Benyamin Netanyahu និងរដ្ឋមន្រ្តីក្រសួងការពារជាតិរបស់គាត់ គឺលោក Ehud Barak កំពុងបន្តជជែកគ្នាពីលទ្ធភាពវាយប្រហារប្រទេសអៀរ៉ង់ជាយថាហេតុ គម្រោងវាយប្រហារអៀរ៉ង់ដែលរដ្ឋបាលអាមេរិកំាងបានបដិសេធ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ