កម្ពុជា

អាមេរិក​ពង្រីក​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​អាស៊ាន

លោក ចម ប្រាសិទ្ធ​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​
លោក ចម ប្រាសិទ្ធ​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​

អាមេរិក​​កំពុង​​ខិតខំ​​​ពង្រីក​​ទំនាក់​​ទំនង​​អោយ​​កាន់តែ​​ស៊ី​​ជម្រៅ​​ជាមួយ​​អាស៊ាន​​ក្នុង​​វិស័យ​​ផ្លាស់​​ប្តូរ​​ពាណិជ្ជកម្ម។​​ នៅ​​ក្នុង​​ជំនួប​​ជាមួយ​​លោក​ចម​ ប្រសិទ្ធ​ រដ្ឋមន្ត្រី​​ក្រសួង​​ពាណិជ្ជកម្ម​​កម្ពុជា​ មន្ត្រី​​ជាន់​​ខ្ពស់​​របស់​​រដ្ឋាភិបាល​​អាមេរិក​​ទទួល​​បន្ទុក​​ផ្នែក​​ពាណិជ្ជកម្ម​ លោក រ៉ុន ឃើក ​Ron Kirk ​​បាន​​ថ្លែង​​ថា​ លោក​​បាន​​មើល​ឃើញ​​ពី​​ការ​​រីក​ចម្រើន​​ខ្លាំង​​នៃ​​សហប្រតិបត្តិ​ការ​​ពាណិជ្ជកម្ម​​រវាង​​អាមេរិក​​និង​​អាស៊ាន។​

ផ្សាយពាណិជ្ជកម្ម

ប្រទេស​អាស៊ាន​ទាំង១០ គឺ​ជា​ដៃគូ​សេដ្ឋកិច្ច​ និងដៃគូ​យុទ្ធសាស្ត្រ​សម្រាប់​អាមេរិក។ ហើយ​យើងកំពុង​ធ្វើការ​ជាប្រចាំ​ដើម្បី​ពង្រឹងភាព​ជាដៃ​គូ​រវាង​អាមេរិក​និង​អាស៊ាន​នៅលើរាល់គ្រប់​ទិដ្ឋភាព។ ឧទាហរណ៍ បច្ចុប្បន្ន​នេះ យើងកំពុង​ធ្វើ​សហប្រតិបត្តិការ​ក្នុង​វិស័យ​មួយ​ចំនួន​ដូច​ជា ​ការ​​គ្រប់គ្រង​គ្រោះមហន្តរាយ និង សន្តិសុខស្បៀង ជាដើម។

នេះគឺជាការ​លើកឡើង​នៅក្នុង​សន្ទរកថារបស់ លោក រ៉ុន ឃើក Ron Kirk  មន្ត្រីជាន់​ខ្ពស់​រដ្ឋាភិបាល​​​អាមេរិក​ទទួលបន្ទុក​ផ្នែកពាណិជ្ជកម្ម ដែល​ត្រូវ​បាន​អាន​ដោយ​ឯកអគ្គរដ្ឋទូត​អាមេរិក​​​​ប្រចាំ​​អាស៊ាន លោកដេវី ខាដិន David Carden នៅក្នុង​ពិធីបើក​កិច្ច​ប្រជុំ​កំពូល​ផ្នែក​សេដ្ឋកិច្ច អាមេរិក-អាស៊ាន កាលពីថ្ងៃម្សិលមិញ​នៅ​ខេត្តសៀមរាប។

នៅឯខេត្ត​ទេសចរណ៍​វប្បធម៌​សៀមរាបនោះ លោក រ៉ុន ឃើកបានជួបពិភាក្សា​ទ្វេភាគី​ជាមួយ​លោកចម ប្រាសិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​របស់​កម្ពុជា​ផងដែរ។ នៅក្នុង​ជំនួប​នោះ លោក​រ៉ុន ឃើក ​បាន​បញ្ជាក់ថា វាមាន​កន្លែងនៃ​ការ​រីកលូតលាស់ផ្នែក​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម និង​វិនិយោគ សម្រាប់​អាស៊ាននិងអាមេរិក។

នៅឆ្នាំ​២០១១កន្លងទៅ ទំហំ​នៃ​ការ​ផ្លាស់ប្តូរ​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​អាស៊ាន​បាន​ឡើង​ដល់ ១៩៨ពាន់លានដុល្លារ។ តួលេខនេះ​បាន​បង្ហាញ​ពីកំណើន​ពី​ឆ្នាំ​២០១០​ដែល​មាន​១៨៦​ពាន់លានដុល្លារ។

អាមេរិក និង​ចិន​កំពុង​តែ​ប្រណាំង​ប្រជែង​គ្នា​ដើម្បី​ទាញ​យក​ប្រយោជន៍​ផ្នែក​ពាណិជ្ជកម្ម និង​វិនិយោគ​ពី​អាស៊ាន​ដែលមានប្រជាពលរដ្ឋសរុប​ជាង​៦០០លាន​នាក់។ អាស៊ានវិញ​ក៏​មាន​ប្រយោជន៍​ក្នុង​ការ​ពង្រីក​ទំនាក់ទំនងជាមួយ​មហាអំណាចសេដ្ឋកិច្ច​ទាំងពីរ​នេះដែរ។

នៅក្នុង​សប្តាហ៍​នេះ មិន​មែន​​មាន​តែ​ជំនួប​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អាស៊ាននិង​អាមេរិក​ទេ វាក៏​មាន​ដែរ ជំនួប​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អាស៊ាន​ចិន។

បើតាម​ការអះអាង​របស់​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ចិន ទំហំ​នៃ​ការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​ចិន​អាស៊ាន​ក្នុង​រយៈពេល​៧ខែ​ដើម​ឆ្នាំ២០១២​នេះ​បាន​ហក់​ឡើង​ដល់ ២០០ពាន់​លាន​ដុល្លារហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI