អាមេរិក-អាហ្វហ្កានិស្ថាន

សហរដ្ឋ​អាមេរិក​ផ្ទេរ​គុក​ទៅ​ឱ្យ​អាហ្វហ្កានិស្ថានគ្រប់គ្រង

គឺ​នៅ​ថ្ងៃ​ចន្ទ​ទី ១០ កញ្ញា ឆ្នាំ​២០១២ ​នេះ ដែល​ពន្ធនាគារ Bagram ត្រូវ​ផ្ទេរ​​ការ​គ្រប់​គ្រង​ពី​សហរដ្ឋ​អាមេរិក​ទៅ​ឱ្យ​អាជ្ញាធរ​អាហ្វហ្កានិស្ថាន។ នេះ​ជា​សេចក្តី​សម្រេច​ ដែល​​បាន​ព្រម​ព្រៀង​គ្នា​តាំង​ពី​ខែ​មីនា​។ ឯ​ពិធី​ជា​ផ្លូវការ​អាច​ប្រព្រឹត្ត​ទៅ​នៅ​បាន​នៅ​ថ្ងៃ​នេះ និង​នៅ ផ្ទាល់​នឹង​កន្លែង​។ Bagram ត្រូវ​បាន​គេ​ចាត់​ទុក​ជា​គុក​អាមេរិក​នៅ​អាហ្វហ្កានិស្ថាន ដែល​មាន​ការ​ធ្វើ​ទារុណកម្ម​ និង​គ្មាន​និយាយ​ពី​ការ​គោរព​ច្បាប់សិទ្ធិមនុស្ស​អ្វី​ទេ។ ​

ពន្ធនាគារ​ Bagram ស្ថិត​នៅ​ក្នុង​បន្ទាយ​អាមេរិក ខាង​ជើង​ក្រុង​កាប៊ូល
ពន្ធនាគារ​ Bagram ស្ថិត​នៅ​ក្នុង​បន្ទាយ​អាមេរិក ខាង​ជើង​ក្រុង​កាប៊ូល AFP / Massoud Hossaini
ផ្សាយពាណិជ្ជកម្ម

 

សហ​រដ្ឋ​អាមេរិក​រង់​ចាំ​រហូត​ដល់​នាទី​ចុង​ក្រោយ។ កាលពី​ថ្ងៃ​ទី ៩ មីនា ឆ្នាំ​២០១២ ក្រុង​វ៉ាស៊ីនតោន បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ ផ្ទេរ​ការ​គ្រប់គ្រង​គុក​ដ៏​ចម្រូងចម្រាស​បំផុត​មួយ​ជាមួយ​នឹង​អាជ្ញាធរ​អាហ្វហ្កានិស្ថាន។ គុក Bagram ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​ Parwan ភាគ​ខាង​ជើង​ក្រុង​កាប៊ូល។

កិច្ច​ព្រមព្រៀង​នោះ​កំណត់​ឱ្យ​អាមេរិក មាន​ពេល​​៦​ខែ យ៉ាងយូរ ត្រូវ​​​ប្រគល់​អំណាច​ទៅ​ឱ្យភាគី​​អាហ្វហ្កានិស្ថានទាំង​ស្រុង។ ៦ខែ គត់​ គ្មាន​ខ្វះ​មួយ​ថ្ងៃ ពន្ធនាគារ Bagram ក្លាយ​ជា​របស់​អាហ្វហ្កានិស្ថាន។

ពន្ធនាគារ Bagram ដែល​មាន​អ្នក​ទោស​ភាគ​ច្រើន​ជា ពួក​តាលីបង់ ឬ​សកម្មជន​អាល់កៃដា ល្បី​ខាង​ធ្វើ​ទារុណកម្ម​ និង​ត្រូវបាន​គេ​ចាត់​ទុក​ថា​ជា​គុក Guantanamo អាហ្វហ្កានិស្ថាន។ ក្រុម​អង្គការ​សិទ្ធិមនុស្ស​ធ្លាប់​បាន​បរិហារ​សកម្មភាព​ប្រតិបត្តិ​ក្នុង​គុក​នេះ​ជា​ច្រើន​លើក​ច្រើន​សា។ អ្នក​ទោស​ជា​ច្រើន​នាក់ (គ្មាន​តួលេខ​​ពិត​ប្រាកដ)​ ​បាន​ថែម​ទាំង​ស្លាប់​បាត់​បង់​ជីវិត​ក្នុង​គុក និង​ជិត​បួន​ពាន់​នាក់ស្ថិត​នៅ​ក្រោយ​ចំរ៉ឹង​ដែក​រង់​ចាំ​ការ​កាត់​ទោស។

ប៉ុន្តែ​អ្វី​ដែល​ធ្ងន់ធ្ងរ​ជាង​នេះ​ទៀត ​គឺអ្នក​ទោស​៦០០​នាក់​ចុង​ក្រោយ​ដែល​ចាប់​ខ្លួន​បាន​ក្រោយ​ការ​ចុះ​ហត្ថលេខា​ផ្ទេរ​អំណាច​។ មាន​៥០​នាក់​មិន​មែន​ជា​ជនជាតិ​អាហ្វហ្កានិស្ថាន ហើយ​ដែល​អាមេរិក​ចង់​ចង​ឱ្យ​ជាប់​ក្នុង​ដៃ​របស់​ខ្លួន។ ប្រការ​នេះ​ត្រូវ​បានអាហ្វហ្កានិស្ថាន​​មើល​ឃើញ​ថា​ជា​ការ​បដិសេធ​មិន​គោរព​បូរណភាព​។

សូម​បញ្ជាក់​ថា​អាមេរិក​សុខ​ចិត្ត​ចុះ​ហត្ថលេខា​និង​ប្រគល់​ការ​គ្រប់​គ្រង​គុក​ដ៏​សំខាន់​មួយ​នេះ ជា​លក្ខខណ្ឌ​​ថ្នូរ​នឹង​កិច្ច​ព្រមព្រៀង​យុទ្ធសាស្ត្រ​យូរអង្វែង​រវាង​សហរដ្ឋ​អាមេរិក​និង​អាហ្វហ្កានិស្ថាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI