រុស្ស៊ី-អាមេរិក

ម៉ូស្គូ ទិតៀន​រឿង​រំលោភ​សិទ្ធិមនុស្ស​នៅ​អាមេរិក វ៉ាស៊ីនតោន​ប្រតិកម្ម​វិញ

©RFI-ឆាយា

ក្រសួង​ការបរទេស​រុស្ស៊ី ក្នុង​របាយការណ៍​ចេញ​ម្សិលមិញ ស្តី​អំពី “ស្ថានការណ៍​សិទ្ធិមនុស្ស​នៅ​តាម​ប្រទេស​បស្ចិមលោក បាន​និយាយ​ច្រើន​ជាង​គេ គឺ​ប៉ះ​ទៅ​លើ​ការរំលោភ​សិទ្ធិមនុស្ស ដោយ​ស.រ.អា.​តែ​ម្តង ហេតុ​ដែល​ញ៉ាំង​ឲ្យ​មាន​ប្រតិកម្ម​បក​វិញ​ភ្លាមភ្លែត ពីខាង​ក្រុង​វ៉ាស៊ីនតោន។ របាយការណ៍នេះ ជា​សក្ខីកម្ម​ត្រង់​ផ្ទាល់​នៃ​នយោបាយ​ក្រៅ​ប្រទេស​រុស្ស៊ី ​ដែល​រង​ការផ្លាស់ប្តូរ ក្រោយពី​លោក ពូទីន បាន​ប្រកាស​ឈរ​ឈ្មោះ ជា​បេក្ខជន​ប្រធានាធិបតី​រុស្ស៊ី ជា​ថ្មី។

ផ្សាយពាណិជ្ជកម្ម

ក្រសួងការបរទេសរុស្ស៊ី គូស​បញ្ជាក់​ថា របាយការណ៍​នេះ តាក់តែង​ឡើង ដោយ​គ្មាន “ការ​ប្រឌិត​អ្វី​​ណា”​ទេ តែ​គឺ​ដោយ​យោង​ទៅ​លើ អង្គការ​អន្តរជាតិ​ខាង​ការពារ​សិទ្ធិ​មនុស្ស បែប​យ៉ាង Human Rights Watch , Reporters sans Frontières , Freedom House ជាដើម។

 
របាយការណ៍នេះ ដែល​មាន​ដល់​៩០​ទំព័រ លើក​ឡើង​អំពី​ការរំលោភ លើ​សិទ្ធិមនុស្ស​នៅ​តាម​ប្រទេស​មួយ​ចំនួន​ទ្វីប​អឺរ៉ុប នៅ​កាណាដា។ល។ ប៉ុន្តែ​ច្រើន​បំផុត គឺ​ដល់​ការបំពាន​លើ សិទ្ធិ​មនុស្ស ដោយ​ស.រ.អា. ជាពិសេស សិទ្ធិ​អ្នក​ដែល​ត្រូវ​អាមេរិក​សង្ស័យ​ថា ពាក់ព័ន្ធ​នឹង​ភេរវកម្ម ហើយ​ញាត់​គេ​ទៅ​ក្នុង​គុក នៅ​មូលដ្ឋាន Guantanamo មូលដ្ឋាន​ម៉ារីន លើ​ដែនដី​គុយបា ដែល​តាំងពី ឆ្នាំ​១៩០៣​មក បាន​ឆ្លង​ទៅ​នៅ​ក្រោម​អំណាច​អាមេរិក។ ម៉ូស្គូ​រិះគន់ ប្រធានាធិបតី​អូបាម៉ា ដែល​ទោះបី​បាន​សន្យា​បិទ​ពន្ធនាគារ​នោះ​ក្តី ក៏​រហូត​មក​ទល់​ឥឡូវ វា​នៅ​តែ​ដំណើរការ​ដដែល។ ពួក​អ្នកទោស​នៅ​ទីនោះ តែង​ត្រូវ​ឆ្មាំ​គុក​អាមេរិក ធ្វើ​បាប​គ្មាន​ប្រណី​ទេ។

មិនតែប៉ុណ្ណោះ ម៉ូស្គូ ក៏ទិតៀន​បណ្តាញ​ពន្ធនាគារ​នៅ​អាមេរិក​ផ្ទាល់ ដែល​ពេញ​ណែន​ក្តន់​ទៅ​ដោយ​ពួក​អ្នកទោស ទាំង​លើក​យក​តួលេខ​មក​បង្ហាញ​ផង ថា ១/១៣២ នៃ​បណ្តាជន​អាមេរិក ពោល​គឺ​ប្រមាណ​២​លាន​៣​សែន​នាក់​ឯណោះ សព្វ​ថ្ងៃ​ជាប់​នៅ​ក្នុង​គុក ដែល​ពី​ក្នុង​នោះ ១​សែន​៤​ម៉ឺន​នាក់ គឺ​ជាប់​មួយ​ជីវិត។ រីឯ​ការប្រហារ​ជីវិត​វិញ ជួនកាល​ធ្វើ​ដោយ​មិន​សមហេតុផល ទៅ​លើ​អ្នក​ដែល​គ្មាន​ទោស​ពៃរ៍​អ្វី​សោះ។ តាម​ម៉ូស្គូ ក្នុង​ចំណោមការ​បំពាន​លើ​សិទ្ធិមនុស្ស​នៅ​អាមេរិក ក៏​មាន​ទាំង ការរើសអើង​ជា​ពូជសាសន៍​និយម ទាំង​ប្រព័ន្ធ​បោះឆ្នោត​មិន​សុក្រឹត​សោះ​ឡើយ ប៉ុន្តែ​ការ​នេះ មិន​រំខាន​អាមេរិក​ឲ្យ​បង្រៀន​ប្រទេស​ឯ​ទៀត​ឡើយ។

ប្រតិកម្ម​ពី​ខាង​ក្រុង​វ៉ាស៊ីនតោន មាន​បន្លឺ​ឡើង​យប់មិញ​តែ​ម្តង។ អ្នកនាំ​ពាក្យ​ផ្លូវការ​នៃ​ក្រសួង​ការបរទេស​អាមេរិក​លោក Mark Toner បាន​ថ្លែង​ថា​របាយការណ៍​រុស្ស៊ី​បែប​នេះ អំពី​សិទ្ធិមនុស្ស អាច​ជា​យន្តការ​ដែល​មាន​ប្រយោជន៍ បើ​នៅ​ពេល​តាក់តែង​វា​យោង​ទៅ​លើ​ប្រភព​ដែល​ត្រឹមត្រូវ ជា​សត្យានុម័ត។ ប្រាកដ​ណាស់​ដែល​ភាគី​អាមេរិក នឹង​សិក្សា​របាយការណ៍​នេះ​ឲ្យ​បាន​លំអិត។ លោក Mark Toner សង្កត់​ធ្ងន់​ថា ទោះ​យ៉ាង​ណា​ក្តី ក៏​អាមេរិក​មិន​ចាត់ទុក​ជា​ការលូក​ដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ខ្លួន​ឡើយ ការ​ដែល​រដ្ឋាភិបាល​បរទេស​បុគ្គល ឬ អង្គការ​បរទេស​ធ្វើការ​ទិតៀន​អំពី​ស្ថានការណ៍​សិទ្ធិមនុស្ស​នៅ​ស.រ.អា. ពីព្រោះ​សង្គម​អាមេរិក​មាន​តម្លាភាព​បើក​ចំហ ហើយ​ស.រ.អា.​ផ្ទាល់​តែង​ប្រព្រឹត្ត​ល្អ​ទេ​តើ ក្នុង​វិស័យ​គោរព​សិទ្ធិមនុស្ស។

ទាក់ទង​នឹង​របាយការណ៍​រុស្ស៊ី​នោះ កាសែត​ក្រុង​ម៉ូស្គូ​ឈ្មោះ Vedomodti ដែល​ជា​មុខមាត់​នៃ​មជ្ឈដ្ឋាន​សហគ្រិន​រុស្ស៊ី ចេញ​ចំណង​ជើង​ថា “នយោបាយ​ផ្តល់​ថាមពល​ថ្មី​ដល់​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី ដែល​ត្រូវ​បាន​ចាប់​ផ្តើម​ដោយ​លោក​ប្រធានាធិបតី​អូបាម៉ា រស់រាន​មិន​បាន​ដល់​ចុង​អាណត្តិ លោក មេដវេដេវ ដែល​ជា​សមភាគី​រុស្ស៊ី​របស់​គាត់​ឯណា ក្រោយ​ពី​មាន​ដំណឹង​ថា “បុរស​ខ្លាំង” នៅ​រុស្ស៊ី​ ឈ្មោះ ពូទីន នឹង​វិល​ត្រឡប់​ទៅ​វិមាន​ក្រេមឡាំង​វិញ"៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI