អាមេរិកបង្ខំរុស្ស៊ីឲ្យសហការជាមួយក្រុមប្រឹក្សាសន្តិសុខនៃអ.ស.ប.ដើម្បីដាក់ទណ្ឌកម្មដាម៉ាស
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ការដាក់សម្ពាធរបស់សហគមន៍អន្តរជាតិកាន់តែមានទម្ងន់ធ្ងន់ឡើងៗនៅក្រុមប្រឹក្សាសន្តិសុខនៃអ.ស.ប.ដើម្បីកុំឲ្យភាពស្ងាត់ស្ងៀមវាតទីនៅទីនេះតទៅទៀត ប្រឈមមុខនឹងការវាយបង្រ្កាបសម្លាប់យ៉ាងរង្គាលនៅក្នុងប្រទេសស៊ីរី តាំងពីច្រើនខែកន្លងមកហើយ។ បន្ទាប់ពីប្រទេសបារាំងថ្កោលទោសថា“ ការស្ងៀមស្ងាត់នេះ ជាការគួរឲ្យអាម៉ាសមុខ” ឥឡូវនេះ សហរដ្ឋអាមេរិកវិញម្តងដែលចាប់ផ្តើមសុំឲ្យក្រុមប្រឹក្សាសន្តិសុខ បិទបញ្ចប់ភាពស្ងៀមស្ងាត់នេះ ដោយទាមទារឲ្យរុស្ស៊ីចូលរួមក្នុងសកម្មភាពមួយដើម្បីប្រឆាំងនឹងប្រទេសស៊ីរី។
វ៉ាស៊ីនតោន ដំឡើងសំឡេងដាក់ម៉ូស្គូ ប៉ុន្តែសំឡេងនេះនៅតែមិនសូវមានទម្ងន់ធ្ងន់ដូចជាខាងបារាំងឡើយ។ ពីព្រោះនៅថ្ងៃចន្ទមុននេះ ប៉ារីស បានវាយតម្លៃថា “ភាពស្ងាត់ឈឹងគ្មានសកម្មភាពអ្វីសោះ នៅក្នុងក្រុមប្រឹក្សាសន្តិសុខ ជារឿងមួយ”គួរឲ្យខ្មាសអៀន” -ក្រុមប្រឹក្សាសន្តិសុខដែលរុស្ស៊ីកំពុងធ្វើជាប្រធានផ្លាស់វេន។ សហរដ្ឋអាមេរិកវិញ គ្រាន់តែបញ្ជាក់ថា “ជំហរស្ងាត់ស្ងៀមរបស់ក្រុមប្រឹក្សាសន្តិសុខ ជារឿងមួយដែលគេមិនគួរឲ្យជឿ”។ ស្របគ្នានេះដែរ វ៉ាស៊ីនតោនបានអំពាវនាវដល់ភាគីដៃគូរបស់ខ្លួនទាំងអស់នៅក្នុងក្រុមប្រឹក្សាសន្តិសុខ ឲ្យចាត់ចែងជាបន្ទាន់ នូវ វិធានការនានាដើម្បីប្រឆាំងប្រទេសស៊ីរី។
ចំណែក លោកស្រី Victoria Nuland អ្នកនាំពាក្យនៃក្រសួងការបរទេសអាមេរិក បានថ្លែងថា “ ជារឿងមួយ ដែលគេពុំអាចយល់បានឡើយ ចំពោះប្រទេសមួយ ដែលជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ អោបដៃនៅស្ងៀម មិនគាំទ្រចំពោះការអំពាវនាវរបស់ចលនាអ្នកប្រឆាំងនៅស៊ីរី ខណៈដែល អ.ស.ប. បានអះអាងប្រាប់ថា “ការវាយបង្ក្រាបគាបត្បៀត នៅក្នុងប្រទេសស៊ីរី បានសម្លាប់ជីវិតមនុស្សអស់ជាង៥០០០នាក់ទៅហើយ។
ម្យ៉ាងទៀត កាលពីខែ តុលាកន្លងផុតទៅនេះ ប្រទេសរុស្ស៊ី និងចិន បានប្រើសិទ្ធិវេតូប្រឆាំងរបស់ខ្លួន ដើម្បីកម្ចាត់គម្រោងនៃសេចក្តីសំរេចចិត្តមួយ របស់ក្រុមប្រឹក្សាសន្តិសុខ ដែលបានថ្កោលទោសរបបលោកប្រធានាធិបតី Bachar el-Assad។ ផ្ទុយទៅវិញ ទីក្រុងម៉ូស្គូ បែរជា និយាយផ្ទុយថា ”ខ្លួនមានការព្រួយបារម្ភចំពោះអំពើហិង្សានានាដែលបង្កឡើងដោយពួកអ្នកប្រឆាំងនឹងរដ្ឋាភិបាលស៊ីរីទៅវិញ។ ហើយនៅថ្ងៃអង្គារម្សិលមិញនេះទៀត រុស្ស៊ីបានវិនិច្ឆ័យថា “ ផ្ទុយនឹងសីលធម៌” ការដែលលោកខាងលិច បានចោទប្រកាន់មកលើប្រទេសខ្លួន ក្នុងការបិទខ្ទប់សេចក្តីសំរេចចិត្តខាងលើនេះ ក៏ប៉ុន្តែលោកខាងលិចខ្លួនឯងហ្នឹង ក៏ធ្លាប់បដិសេធ មិនព្រមធ្វើការដាក់សម្ពាធដែរទៅលើពួកជនជ្រុលនិយមស៊ីរី”។
“គឹ របប ASSAD ទេ ដែលធ្វើផ្ទុយនឹងសីលធម៌ នោះ ”នេះជាការឆ្លើយតបទៅរុស្ស៊ី វិញ យ៉ាងសាមញ្ញ របស់អ្នកនាំពាក្យនៃក្រសួងការបរទេសអាមេរិក លោកស្រី Victoria Nuland៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ