កម្ពុជា-សហរដ្ឋអាមេរិក

អាមេរិក​ផ្តល់​ជំនួយ​ជាង ៣៥​លាន​ដុល្លារ សម្រាប់​វិស័យ​សុខភាព និង​អប់រំ​នៅ​កម្ពុជា

ពិធី​ចុះ​ហត្ថលេខា​លើ​ការផ្តល់​ជំនួយ​​សរុបជាង ៣៥ លានដុល្លារ ដែល​អាមេរិក​ផ្តល់​ឲ្យ​កម្ពុជា​សម្រាប់​វិស័យ​អប់រំ និង​វិស័យ​សុខាភិបាល នៅកម្ពុជា កាល​ពី​រសៀលថ្ងៃ​ទី២៥តុលា ឆ្នាំ២០១១
ពិធី​ចុះ​ហត្ថលេខា​លើ​ការផ្តល់​ជំនួយ​​សរុបជាង ៣៥ លានដុល្លារ ដែល​អាមេរិក​ផ្តល់​ឲ្យ​កម្ពុជា​សម្រាប់​វិស័យ​អប់រំ និង​វិស័យ​សុខាភិបាល នៅកម្ពុជា កាល​ពី​រសៀលថ្ងៃ​ទី២៥តុលា ឆ្នាំ២០១១ ©ក្រសួងការបរទេស

អាមេរិក​បាន​ផ្ដល់​ជំនួយ​សរុប​ជាង ៣៥ លាន​ដុល្លារ ដើម្បី​ជួយ​ដល់​វិស័យ​អប់រំ និង​វិស័យ​សុខាភិបាល នៅក្នុង​ប្រទេស​កម្ពុជា។ ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ផ្តល់​ជំនួយ​នោះ បាន​ធ្វើឡើង កាលពី​រសៀល​ថ្ងៃ​ទី​២៥​តុលា​នេះ។ ចាប់តាំងពី​ឆ្នាំ​២០០៣ សហរដ្ឋអាមេរិក បាន​ផ្តល់​ជំនួយ​ដល់​វិស័យ​អប់រំ និង​សុខាភិបាល សរុប​ចំនួន​ជាង ៣៣០ លាន​ដុល្លារ។

ផ្សាយពាណិជ្ជកម្ម

ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ផ្តល់​ជំនួយ​របស់​អាមេរិក តម្លៃ​ជាង ៣៥ លាន​ដុល្លារ សម្រាប់​វិស័យ​អប់រំ និង​វិស័យ​សុខាភិបាល នៅ​កម្ពុជា បាន​ធ្វើឡើង​ដោយ​លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ដ្រី​ក្រសួង​ការបរទេស និង​សហ​ប្រតិបត្ដិការ​អន្ដរជាតិ ជាមួយ​លោក Flynn Fuller នាយក​បេសកកម្ម នៃ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ដើម្បី​អភិវឌ្ឍន៍​អន្ដរជាតិ USAID ដោយ​មាន​លោក Jeff Daigle ​ភារធារី​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ នៅ​កម្ពុជា ចូលរួម ក្នុងនាម​ជា​សាក្សី កាលពី​រសៀល​ថ្ងៃ​ទី​២៥​តុលា ឆ្នាំ​២០១១។

លោក ហោ ណាំហុង បានចាត់ទុក​ជំនួយ​របស់​សហរដ្ឋអាមេរិក ថា​សំខាន់​ណាស់​លើ​វិស័យ​សុខាភិបាល និង​អប់រំ ពិសេស​នៅ​ជនបទ ហើយ​ចូលរួម​ចំណែក ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ ដែល​ជា​ទិសដៅ និង​ដែល​ជា​អាទិភាព​ទីមួយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា។

ចំណែក​លោក Jeff Daigle ភារធារី​ស្ថានទូត​សហរដ្ឋអាមេរិក ប្រចាំ​នៅ​កម្ពុជា បាន​ថ្លែង​ទៅកាន់​ក្រុមអ្នកកាសែត​ថា ជំនួយ​របស់​សហរដ្ឋ​អាមេរិក​ភាគច្រើន ផ្តោត​លើ​វិស័យ​អប់រំ ដែល​ជា​វិស័យ​អាទិភាព​របស់​រដ្ឋាភិបាល​កម្ពុជា ហើយ​វិស័យ​នេះ នឹង​ជួយ​ផ្តល់​ធនធាន​មនុស្ស សម្រាប់​ប្រទេស​កម្ពុជា។

ជំនួយ​របស់​អាមេរិក ដែល​បាន​ចុះ​កិច្ចព្រមព្រៀង នៅថ្ងៃនេះ ជា​ការចុះហត្ថលេខា​លើក​ទី​១០​ ដែល​សហរដ្ឋអាមេរិក បាន​ជួយ​ដល់​កម្ពុជា​លើ​វិស័យ​អប់រំ និង​វិស័យ​សុខាភិបាល។ ចាប់តាំងពី​ឆ្នាំ​២០០៣ សហរដ្ឋអាមេរិក បាន​ផ្តល់​ជំនួយ​ជាង ៣៣០ លាន ដើម្បី​ជួយ​ដល់​កម្ពុជា​លើ​វិស័យ​សុខាភិបាល និង​អប់រំ។

ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា បាន​ប្រកាស​ថា ជំនួយ​ជាង ៣០ លាន​ដុល្លារ សម្រាប់​វិស័យ​សុខាភិបាល​នៅ​កម្ពុជា ត្រូវ​ប្រើ​សំរាប់​កាត់បន្ថយ​អត្រា​ឆ្លង និង​ផលប៉ះពាល់​នៃ​ជម្ងឺអេដស៍ ជម្ងឺរបេង ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការគាំពារ​សុខភាព​របស់​មាតា និងទារក និង​សុខភាព​បន្ដ​ពូជ ជាដើម។ ចំណែក​ជំនួយ​លើ​វិស័យ​អប់រំ ដែល​អាមេរិក​ផ្ដល់​ថវិកា​ចំនួន​ជាង ១,៥៥ លាន​ដុល្លារ នឹង​ត្រូវ​ប្រើ​សំរាប់​គាំទ្រ​ដល់​កម្មវិធី​ផ្នែក​អប់រំ ធ្វើឱ្យ​ប្រសើរឡើង​នូវ​គុណភាព​នៃការបង្រៀន និង​ពង្រីក​លទ្ធភាព​ចូល​សាលារៀន រួម​ទាំង​ជួយ​ដល់​ជនជាតិ​ភាគតិច អ្នកបាត់បង់​លទ្ធភាព​ពលកម្ម។ល។

បន្ថែម​ទៅលើ​សកម្មភាព​ក្នុង​វិស័យ​សុខាភិបាល និង​អប់រំ ស្ថានទូត​អាមេរិក បានប្រកាសថា ទីភ្នាក់ងារ USAID ថែម​ទាំង​ជួយ​ដល់​កម្មវិធី​ជា​ច្រើន​ទៀត សំរាប់​ជា​ប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់ ដូចជា​កម្មវិធី​សិទ្ធិមនុស្ស នីតិរដ្ឋ អភិបាលកិច្ច​ល្អ និង​វិមជ្ឍការ ការគ្រប់គ្រង​ធនធាន​ធម្មជាតិ កំណើន​សេដ្ឋកិច្ច និង​ការប្រឆាំង​ការជួញដូរ​មនុស្ស​ ជាដើម។

ទីភ្នាក់ងារ USAID រំពឹងថា នៅ​ឆ្នាំ​២០១១ អាមេរិក​នឹង​ផ្ដល់​ថវិកា​សរុប​ចំនួន ៦៤,៨៧ លាន​ដុល្លារ​សហរដ្ឋ ដល់​ប្រទេស​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI