អាមេរិកដកឯកអគ្គរដ្ឋទូតរបស់ខ្លួនចេញពីទីក្រុងដាម៉ាស
ទំនាក់ទំនងការទូតអាមេរិក និងស៊ីរីបានឡើងតឹងមួយកម្រិតទៀត នៅពេលក្រសួងការបរទេសអាមេរិកបានហៅឯកអគ្គរដ្ឋទូត របស់ខ្លួន ឲ្យចាកចេញពីប្រទេសស៊ីរី។ លោក Robert Ford ដែលធ្លាប់រិះគន់ខ្លាំងៗ ដាក់រដ្ឋាភិបាលលោកBachar Al assad បានចាកចេញពីប្រទេសស៊ីរី កាលពីថ្ងៃអាទិត្យមុននេះ ក្នុងមូលហេតុ ដើម្បី សន្តិសុខផ្ទាល់ខ្លួន។ ប្រតិកម្មតបវិញ រដ្ឋាភិបាលស៊ីរីវិញទើបបានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួន ប្រចាំអាមេរិក ឲ្យត្រលប់ចូលប្រទេសវិញ នៅថ្ងៃចន្ទទី ២៤ តុលា ២០១១។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
យោងតាមទូរទស្សន៍រដ្ឋស៊ីរី ទីក្រុងដាម៉ាសបានហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនឲ្យត្រលប់ចូលប្រទេសវិញ ដើម្បីពិភាក្សាបន្ទាន់ជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាល។ ការប្រកាសមានយ៉ាងខ្លី មិនលម្អិត។ នៅភាគីអាមេរិក មន្រ្តីស្ថានទូតដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា ឯកអគ្គរដ្ឋទូតអាមេរិកលោកRobert Ford ចាកចេញពីស៊ីរីជារៀងរហូត គឺមិនត្រលប់មកធ្វើជាឯកអគ្គរដ្ឋទូតអាមេរិក នៅស៊ីរីទៀតទេ។ អ្នកនាំពាក្យក្រសួងការបរទេសវិញបានប្រាប់អ្នកកាសែតថា គេមិនទាន់ដឹងទេថា តើពេលណាលោក Robert Ford អាចត្រលប់ទៅ ប្រទេសស៊ីរីវិញ។
លោក Robert Fordបានចាកចេញពីស៊ីរី ដោយសារតែមានការគំរាមកំហែងដ៏គួរឲ្យជឿជាក់មួយទៅលើសុវត្ថិភាពផ្ទាល់ខ្លួនរបស់គាត់។ ដូច្នេះ លោក Robert Fordអាចត្រលប់ទៅស៊ីរី នៅពេលណាដែលអាមេរិកវាយតម្លៃឃើញថា មិនមានការគំរាមសន្តិសុខដល់លោក Robert Fordតទៅទៀត។
លោក Robert Ford ទើបតែទៅធ្វើជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំស៊ីរី កាលពីខែមករាដើមឆ្នាំនេះ។ ចាប់តាំងពីមានចលនាទាមទារ នៅក្នុងប្រទេសស៊ីរី លោក Robert Ford ដែលនិយាយភាសាអារ៉ាប់យ៉ាងស្ទាត់ជំនាញ បានប្រជែងបញ្ហាជាមួយរដ្ឋាភិបាលរបស់លោកBachar Al assad ជាញយដង ដោយលោកបានបង្ហាញមុខក្នុងចលនាតវ៉ារបស់ក្រុមប្រឆាំងស៊ីរី។ លោកធ្លាប់ចុះទៅមើលប្រជាជនក្នុងទីក្រុងដែលរងការវាយបង្រ្កាបខ្លាំងរបស់រដ្ឋាភិបាលស៊ីរី។ សកម្មភាពគាំទ្រពួកក្រុមប្រឆាំងបានធ្វើឲ្យអាជ្ញាធរស៊ីរី និងពួកនិកាយនិយម គាំទ្ររដ្ឋាភិបាលស៊ីរីមិនពេញចិត្តទេ។
កាលពីខែកញ្ញាមុននេះ លោកធ្លាប់រងការគប់ពងមាន់ និងប៉េងប៉ោះពីសំណាក់ក្រុមគាំទ្ររដ្ឋាភិបាលស៊ីរី នៅពេលលោកចូលជួបអ្នកតំណាងក្រុមប្រឆាំង។ បន្ទាប់មក គាត់ និងមន្រ្តីទូតអាមេរិកផ្សេងទៀត ត្រូវជាប់គាំង មិនអាចចេញពីស្ថានទូតបាន ដោយសារតែពួកក្រុមគាំទ្ររដ្ឋាភិបាលស៊ីរីបានឡោមព័ទ្ធសា្ថនទូតអាមេរិក ក្នុងទីក្រុងដាម៉ាស។
នៅក្រោយឧប្បត្តិហេតុទាំងអស់នេះ ប្រមុខការទូតអាមេរិក លោកស្រីហ៊ីឡារី គ្លីនតុនបានទាមទារឲ្យរដ្ឋាភិបាលស៊ីរីការពារសុវត្ថិភាពមន្រ្តីទូតអាមេរិកាំង។ នៅថ្ងៃចន្ទម្សិលមិញ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបាននិយាយថា អាមេរិកសង្ឃឹមទីក្រុងដាម៉ាសនឹងឈប់ញុះញង់ឲ្យគេស្អប់លោក Robert Fordតទៅទៀត។
កន្លងមក ដើម្បីដាក់គំនាបរដ្ឋាភិបាលស៊ីរី ឲ្យបញ្ឈប់ការបង្រ្កាបហិង្សាទៅលើប្រជាជន អាមេរិកបានទណ្ឌកម្មសេដ្ឋកិច្ចទៅលើមេដឹកនាំស៊ីរី។ នៅពេលនេះ ទំនាក់ទំនងការបរទេសរវាងអាមេរិក និងស៊ីរីក៏កាន់តែល្អក់កករទៀត។ ប៉ុន្តែ យ៉ាងណាក៏ដោយ អាមេរិកមិនទាន់បង្ហាញពីជម្រើស ប្រើអន្តរាគមន៍យោធានៅស៊ីរី ដូចដែលគេបានធ្វើទៅក្នុងប្រទេសលីប៊ីកន្លងមកទេ។ រហូតមកដល់ពេលនេះ គណបក្សប្រឆាំងស៊ីរីនៅតែចង់ តវ៉ាតាមផ្លូវសន្តិភាពដើម្បីទាមទារ ឲ្យរដ្ឋាភិបាលធ្វើកំណែទម្រង់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ