អ៊ីរ៉ាក់ អាមេរិក
អាមេរិកដកទ័ពខ្លួនឲ្យអស់ពីអ៊ីរ៉ាក់ នៅចុងឆ្នាំ២០១១នេះ
ប្រធានាធិបតីអាមេរិកបានប្រកាសកាលពីថ្ងៃសុក្រទី ២១ តុលា ដកទ័ពអាមេរិក ពីទឹកដីអ៊ីរ៉ាក់ ឲ្យអស់ នៅចុងឆ្នាំ ២០១១នេះ។ ទាហានអាមេរិកនៅអ៊ីរ៉ាក់មានជាង ១សែន ៧ម៉ឺននាក់ នៅឆ្នាំ ២០០៨។ ប៉ុន្តែ រហូតមកដល់ឆ្នាំ ២០១១ ទាហានអាមេរិកបានថយចុះមក នៅត្រឹមប្រមាណ ៤ម៉ឺននាក់។ ជាមួយនឹងការដកទ័ពចុងក្រោយរបស់អាមេរិកដែលកំពុងឈរជើងនៅអ៊ីរ៉ាក់ លោកប្រធានាធិបតីអូបាម៉ាបានបិទទំព័រសង្រ្គាមជិត ៩ឆ្នាំរបស់អាមេរិក នៅអ៊ីរ៉ាក់។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ផ្សាយពាណិជ្ជកម្ម
ប្រធានាធិបតីអាមេរិកបានប្រកាសកាលពីថ្ងៃសុក្រទី ២១ តុលា ដកទ័ពអាមេរិក ពីទឹកដីអ៊ីរ៉ាក់ ឲ្យអស់ នៅចុងឆ្នាំ ២០១១នេះ។ ទាហានអាមេរិកនៅអ៊ីរ៉ាក់មានជាង ១សែន ៧ម៉ឺននាក់ នៅឆ្នាំ ២០០៨។ ប៉ុន្តែ រហូតមកដល់ឆ្នាំ ២០១១ ទាហានអាមេរិកបានថយចុះមក នៅត្រឹមប្រមាណ ៤ម៉ឺននាក់។ ជាមួយនឹងការដកទ័ពចុងក្រោយរបស់អាមេរិកដែលកំពុងឈរជើងនៅអ៊ីរ៉ាក់ លោកប្រធានាធិបតីអូបាម៉ាបានបិទទំព័រសង្រ្គាមជិត ៩ឆ្នាំរបស់អាមេរិក នៅអ៊ីរ៉ាក់។
កិច្ចព្រមព្រៀងដែលអាមេរិក និងអ៊ីរ៉ាក់បានចុះជាមួយគ្នា នៅឆ្នាំ២០០៨ បានបញ្ជាក់ ថា អាមេរិកនឹងដកទ័ពខ្លួនឲ្យពីអ៊ីរ៉ាក់ឲ្យអស់ នៅត្រឹមចុងឆ្នាំ ២០១១។ ដោយពិតទៅ កងទ័ពអាមេរិកបានបញ្ចប់បេសកកម្មយោធារបស់ខ្លួន នៅអ៊ីរ៉ាក់ តាំងពីឆ្នាំ ២០១០ម្ល៉េះ ប៉ុន្តែ ទ័ពអាមេរិកមិនអាចចាកចេញអស់ពីអ៊ីរ៉ាក់ភ្លាមៗ ដោយសារតែរដ្ឋាភិបាលអ៊ីរ៉ាក់ថ្មី និងក្រសួងការពារជាតិអាមេរិកត្រូវពិភាក្សាគ្នា ពីការទុកទ័ពអាមេរិកជាង៣ពាន់នាក់ឲ្យនៅបណ្តុះបណ្តាលកងទ័ព អ៊ីរ៉ាក់ នៅក្រោយការដកចេញទាំងស្រុងទ័ពអាមេរិកពីទឹកដីអ៊ីរ៉ាក់។
កាលពីពេលថ្មីៗនេះ ការចរចារវាងភាគីទាំងពីរបានជាប់គាំងដោយមកពី ទីក្រុងបាកដាដ និងមន្ទីរបញ្ចកោណអាមេរិកនិយាយមិនត្រូវគ្នា។ ទីក្រុងបាកដាដចង់ឲ្យអាមេរិកបន្សល់ទុកទ័ពខ្លះដើម្បី បណ្តុះបណ្តាលទាហានរបស់ខ្លួន ជាពិសេសទាហានទ័ពជើងអាកាស និងជើងទឹក ដើម្បីឲ្យពួកគេមានសមត្ថភាពប្រើប្រាស់សព្វាវុធដែលអ៊ីរ៉ាក់ទិញពី អាមេរិក។ អាមេរិកយល់ព្រមរក្សាទុកទ័ពរបស់ខ្លួនជាង ៣ពាន់នាក់នៅក្នុងទឹកដីអ៊ីរ៉ាក់ នៅក្រោយឆ្នាំ ២០១១ ប៉ុន្តែ អ៊ីរ៉ាក់ក៏ត្រូវ ចេញអភ័យឯកសិទ្ធិ ឲ្យទាហានអាមេរិក ដែលនឹងការពារទាហានអាមេរិកឲ្យរួចផុតពីរាល់ការចោទប្រកាន់ ឧក្រិដ្ឋកម្មសង្រ្គាម។ សំណើរបស់អាមេរិកត្រូវសភាអ៊ីរ៉ាក់បដិសេធមិនព្រមធ្វើតាម។
អាមេរិកទាមទារឲ្យអ៊ីរ៉ាក់ចេញអភ័យឯកសិទ្ធិដល់ទាហានអាមេរិក ព្រោះពេលនេះ រដ្ឋាភិបាលចម្រុះអ៊ីរ៉ាក់កំពុងស្វែងរកកាត់ទោសទាហានអាមេរិកណាដែលបាន ប្រលូកនៅក្នុងការបាញ់សម្លាប់ជនស៊ីវិលអ៊ីរ៉ាក់។
អាមេរិកដកទ័ពចេញពីអ៊ីរ៉ាក់ គឺបានប្រយោជន៍នយោបាយទៅទាំងសងខាង។ នៅអាមេរិក លោកអូបាម៉ាបានប្រកាសថា លោកបានរក្សាការសន្យារបស់លោកដែលថា នឹងដកទ័ពអាមេរិកពីអ៊ីរ៉ាក់ ឲ្យអស់មុនឆ្នាំ ២០១១។ ការនាំទ័ពអាមេរិកឲ្យត្រលប់មកជួបជុំគ្រួសារវិញ ជារឿងសំខាន់ ដែលលោកត្រូវបង្ហាញដល់ប្រជាជនអាមេរិក នៅមុនការបោះឆ្នោត អាណត្តិក្រោយ ឆ្នាំ ២០១២ ដែលលោកនឹងឈរឈ្មោះជាបេក្ខជនប្រធានាធិបតីជាថ្មីទៀត។
នៅភាគីអ៊ីរ៉ាក់វិញ រដ្ឋាភិបាលអ៊ីរ៉ាក់ចង់ណាស់ឲ្យអាមេរិកនៅសល់ទ័ពខ្លះដើម្បី រក្សាសន្តិសុខ និងធានាបង្ហាត់ទាហានអ៊ីរ៉ាក់ ដែលនៅមានសមត្ថភាពទន់ខ្សោយ ប៉ុន្តែ សមាជិករដ្ឋាភិបាលដែលមួយចំនួនមកពីនិកាយChiites ចង់ឲ្យទ័ពអាមេរិកចាកចេញពីអ៊ីរ៉ាក់ជាដាច់ខាត គឺត្រូវបញ្ឈប់ត្រួតត្រាអ៊ីរ៉ាក់តទៅទៀត។ ពួកនិកាយ Chiites និយមជ្រុលខ្លះ ដែលបានចាត់ទុកអាមេរិកឈ្លានពានអ៊ីរ៉ាក់ ចាប់តាំងពីឆ្នាំ ២០០៣ ឧស្សាហ៍វាយប្រហារទៅលើមូលដ្ឋានទ័ពអាមេរិក។ ពួកគេបានប្តេជ្ញាហើយថា នឹងទៅបំផ្ទុះគ្រាប់បែកសម្លាប់ជនជាតិអាមេរិក រហូតដល់អាមេរិកដកកងទ័ពខ្លួនឲ្យចេញអស់ពីទឹកដីអ៊ីរ៉ាក់។
បើទោះបីជាទាហានអាមេរិកដកចេញអស់ពីអ៊ីរ៉ាក់ ក៏អំពើហិង្សានៅតែកើតមាន នៅអ៊ីរ៉ាក់។ ព្រោះថា ពួក និកាយនិយមជ្រុលChiites និងពួកនិកាយSunnitដែលជាបណ្តាញរបស់អាល់កៃដាតែងតែវាយប្រហារទៅលើ កម្លាំងការពារអ៊ីរ៉ាក់។ បំណងរបស់ពួកគេគឺចង់បង្ហាញថា រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តីNuri al Malikiបច្ចុប្បន្ន គ្មានសមត្ថភាពគ្រប់គ្រង និងរក្សាសន្តិសុខក្នុងប្រទេសបានទេ។
សម្រាប់ប្រធានាធិបតីអាមេរិក អ៊ីរ៉ាក់អាច កសាងប្រជាធិបតេយ្យដោយខ្លួនឯង។ ទាហានអ៊ីរ៉ាក់ដែលបានប្រើប្រាស់អាវុធអាមេរិក ក៏មានសមត្ថភាពប្រយុទ្ធប្រឆាំងនឹងពួកបះបោរជ្រុលនិយមក្នុងប្រទេស បានដែរ។ អ៊ីរ៉ាក់ពេលនេះ មានយន្តហោះចម្បាំងអាមេរិក ធុន F 16 ចំនួន ១៨គ្រឿង ហើយ អ៊ីរ៉ាក់គ្រោងនឹងទិញយន្តហោះចម្បាំងបន្ថែមពីអាមេរិកចំនួន ១៨គ្រឿងទៀត។
នៅឆ្នាំ ២០០៣ អាមេរិកយកលេសថា មានអាវុធគីមី ដើម្បីបើកប្រតិបត្តិការយោធាខ្លួន នៅក្នុងប្រទេសអ៊ីរ៉ាក់។ ទីបំផុតអាមេរិករបស់លោកBush បានផ្តួលអំណាចលោកសាដាម ហ៊ូសេន និងបានចាប់ខ្លួនលោកសាដាមបញ្ជូនទៅកាត់ទោសព្យួរកនៅតុលាការអ៊ីរ៉ាក់។ ប៉ុន្តែ បញ្ហាមិននៅបញ្ចប់ត្រឹមណេះទេ។ រហូតមកដល់ពេលនេះ អាវុធគីមីដែលអាមេរិកអះអាងដើម្បីបង្កសង្រ្គាមនៅអ៊ីរ៉ាក់ មិនត្រូវបានគេរកឃើញ។ ផ្ទុយទៅវិញ គេឃើញតែអំពើភេរវកម្ម និងអំពើហិង្សាសម្លាប់មនុស្សដែលកើតមានកាន់តែច្រើន ចាប់តាំងពីអាមេរិកទៅត្រួតត្រា អ៊ីរ៉ាក់។
ប្រជាជនអ៊ីរ៉ាក់មកពីនិកាយSunnit និងChiites មើលឃើញថា អាមេរិកកំពុងឈ្លានពានចូលទឹកដីអ៊ីរ៉ាក់។ ពួក Sunnit ជាដើមបានចូលដៃជាមួយបណ្តាញអាល់កៃដាដើម្បីប្រឆាំងអាមេរិក។ អំពើបំផ្ទុះគ្រាប់បែកសម្លាប់មនុស្សកើតមានសឹងមិនលោះថ្ងៃ។ រហូតមកដល់ពេលនេះ ប្រជាជនស៊ីវិលអ៊ីរ៉ាក់ ដែលស្លាប់នៅក្នុងអំពើភេរវកម្មរបស់ពួកជ្រុលនិយម និងការវាយប្រហាររបស់ទាហានអាមេរិកលើពួកឧទ្ទាម បានឡើងដល់ជាង ១សែននាក់។
ការខាតបង់ក៏កើតមានដែរ នៅខាងអាមេរិក។ រហូតមកដល់ពេលនេះ ទ័ពអាមេរិកជាង ៤៥០០នាក់ស្លាប់ នៅក្នុងសង្រ្គាមអ៊ីរ៉ាក់។ ក្នុងស្ថានភាពសេដ្ឋកិច្ចមិនល្អ ប្រជាជនអាមេរិក មិនសប្បាយចិត្តនឹងឃើញរដ្ឋចំណាយលុយរបស់ខ្លួន ទៅលើសង្រ្គាមនៅបរទេសទេ។ អាមេរិកបានចំណាយលុយជាង ៧០០ពាន់លានដុល្លារសម្រាប់តែសង្រ្គាមនៅអ៊ីរ៉ាក់។ ប៉ុន្តែ បើតាមក្រសួងថវិកាអាមេរិក ការកាត់បន្ថយទ័ពអាមេរិក នៅអ៊ីរ៉ាក់កន្លងមក បានធ្វើឲ្យអាមេរិកអាចសន្សំបា្រក់បានតែជាង ៦ពាន់លានដុល្លារតែប៉ុណ្ណោះ ព្រោះថា អាមេរិកនៅតែចំណាយលុយសម្រាប់ព្យាបាលទាហានអាមេរិកដែលរងរបួសដោយសង្រ្គាម និងសម្រាប់កម្មវិធីធ្វើសមាហរកម្មទាហានអាមេរិកចូលទៅក្នុងសង្គម ក្រោយពីត្រលប់ពីធ្វើសង្រ្គាម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ