រុស្ស៊ី-អ៊ុយក្រែន

គ្រាន់​តែ​​​ក្នុង​ឆ្នាំនេះ ជំនួប​កំពូល​រុស្ស៊ី-អ៊ុយក្រែន​មាន​ដល់​ទៅ​១០​លើក​ទៅ​ហើយ

ប្រធានាធិបតី​រុស្ស៊ី (ឆ្វេង) និង​ប្រធានាធិបតី​អ៊ុយក្រែន (ស្តាំ)​ចាប់​ដៃ​គ្នា​កាលពី​ថ្ងៃ​ទី ២៦​វិច្ឆិកា ២០១០​ដើម្បី​ពង្រឹង​សហប្រតិបត្តិការ​ដែល​ធ្លាប់​បាន​កកស្ទះ​ក្នុង​អតីតកាល
ប្រធានាធិបតី​រុស្ស៊ី (ឆ្វេង) និង​ប្រធានាធិបតី​អ៊ុយក្រែន (ស្តាំ)​ចាប់​ដៃ​គ្នា​កាលពី​ថ្ងៃ​ទី ២៦​វិច្ឆិកា ២០១០​ដើម្បី​ពង្រឹង​សហប្រតិបត្តិការ​ដែល​ធ្លាប់​បាន​កកស្ទះ​ក្នុង​អតីតកាល ©Reuters

ក្នុង​ក្របខ័ណ្ឌ​ជំនួបនេះ ដែល​ប្រព្រឹត្ត​ទៅ នៅ​ដំណាក់​ប្រធានាធិបតីរុស្ស៊ី ​ឯបុរីGorki ជាយក្រុង​ម៉ូស្គូ លោក​ប្រធានាធិបតីរុស្ស៊ី Dmitri Medvedev និង សមភាគី អ៊ុយក្រែន លោក​ Viktor Yanoukovitch ​ធ្វើកិច្ច​ចរចា​នឹងគ្នា​ផង ចូលរួម​ក្នុង​សម័យប្រជុំ​នៃ គណៈកម្មការ​អន្តររដ្ឋ​ផង។ ជាលទ្ធផល នឹង​មានចុះ​កិច្ចព្រមព្រៀង​លើ​វិស័យ​អវកាស កសិកម្ម ព្រមទាំង​ពាក់ព័ន្ធ​នឹង​ស្ថានភាព​កងនាវា​រុស្ស៊ី​ប្រចាំ​សមុទ្រខ្មៅ ដែល​មាន​វត្តមាន​នៅផែ Sebastopol របស់​អ៊ុយក្រែន។

ផ្សាយពាណិជ្ជកម្ម

 

សេចក្តីរាយការណ៍​របស់​កែវ ឆាយា​ពី​ទីក្រុង​ម៉ូស្កូ

ខុសស្រឡះ​ពី​ប្រធានាធិបតី​អ៊ុយក្រែន​លើកមុន ឈ្មោះYushenko ដែល​និយម​ជ្រុល​ទៅ​​លើ​បស្ចិមលោក រហូតដល់​ស្អប់រុស្ស៊ី និង​បណ្តាល​ឲ្យ​ទំនាក់ទំនង ជាមួយ​ទីក្រុងម៉ូស្គូ​សឹង​កកស្ទះ​នៅមួយ​កន្លែង អស់​៥ឆ្នាំ​ជាប់ លោក​​ Viktor Yanoukovitch ដែល​តែ​ក្នុង រយៈពេល ៩​ខែ​កន្លង​ទៅសោះ នៃ​ឆ្នាំនេះ    តាំងពី​គាត់​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​ថ្មី   នៅ​អ៊ុយក្រែន​មក    បាន​ជួប​ជាមួយ​សមភាគី​រុស្ស៊ី​លោក Dmitri Medvedev អស់​៩​លើក​ហើយ រួច​លើកនេះ ជា​លើក​ទី ១០​តែម្តង។

តាម​សំដី​អ្នកនាំពាក្យ​វិមាន​ក្រេមឡាំង ចង្វាក់​ប្រញឹក​នៃ​សំវាទ​នយោបាយ​ឧភតោភាគី ​​មិនគ្រាន់​តែនាំ​ទៅកាន់​ការស្តារ​ឡើងវិញ​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ បែបយ៉ាង​ នាំ​ឲ្យ​រីក​ផុសផុល​ឡើង ទំហំ​ផ្តោះប្តូរ​ពាណិជ្ជកម្ម​ប៉ុណ្ណោះទេ តែ ក៏​ជំរុញ​ដល់​ដំណោះស្រាយ​ បញ្ហា​ច្រើន​ឥត​គណនា ដែល​គរ​ទុក​ពី​សម័យ​ប្រធានាធិបតីមុន​ នៅអ៊ុយក្រែន។

ក្រៅពីកិច្ច​ចរចា​នឹងគ្នាផ្ទាល់ ​ប្រមុខ​រដ្ឋ​រុស្ស៊ី និងអ៊ុយក្រែន ក៏​ចូលរួមក្នុង សម័យប្រជុំ​នៃ គណៈកម្មការ​អន្តររដ្ឋ​ ដែល​គ្រាន់​តែក្នុង​ឆ្នាំនេះ​ប្រព្រឹត្តទៅ​ជាលើកទី២ ទៅហើយ។ ស​ឲ្យ​ឃើញ​ពី​ទំហំ​នៃ​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ ជា​ពូជស្លាវ​ដូចគ្នា។ ម្ខាងៗ​ហែហម​ទៅ​ដោយ​រដ្ឋមន្ត្រី​ជាច្រើន​ក្រសួង​ បែប​យ៉ាង ការបរទេស ការពារជាតិ វប្បធម៌ ដឹកជញ្ជូន សេដ្ឋកិច្ច​ កសិកម្ម អប់រំ ហើយពីខាងរុស្ស៊ី ក៏​មាន​ការចូលរួម​ផងដែរ​ពី​ប្រធាន​ទីភ្នាក់ងារ​អវកាស​រុស្ស៊ី RosKosmos ប្រធាន​ស្ថាប័នរដ្ឋ​ផ្នែក​ថាមពល​បរមាណូ RosAtom ប្រធាន​ក្រុមហ៊ុន​យក្ស​រុស្ស៊ី​ខាង​ឧស្ម័ន Gazprom។

ថ្ងៃនេះ​គូភាគី​ក៏គ្រោង​ចុះហត្ថលេខា​លើ​អនុស្សរណៈ​មួយ​ពិសេស ស្តី​អំពី​ការសង់ស្ពាន កាត់លើ​ដៃសមុទ្រ Kertch នៅត្រង់​កន្លែង​ដែលទទឹង​វា​ខ្លីបំផុត​ប្រវែងតែ៤គ.ម ភ្ជាប់​ត្រើយ​ខាង​រុស្ស៊ី​ទៅនឹង​ត្រើយ​ខាង​អ៊ុយក្រែន។ បច្ចុប្បន្ន គឺសាឡាង​ដែលដំណើរការ ភ្ជាប់ត្រើយ​ទាំង២ នោះ។ ដៃសមុទ្រ Kertch គឺជា​លំហទឹក មានបណ្តោយ ៤១គ.ម ទទឹង​ប្រវែង​ពី៤​ដល់​៤៥គ.ម។ វាភ្ជាប់​សមុទ្រ Azov ទៅនឹង​សមុទ្រខ្មៅ។

ជំនួយការ​ប្រធានាធិបតី​រុស្ស៊ីខាង​កិច្ចការ​អន្តរជាតិ លោក Sefguei Prikhodko បាន​ថ្លែង​ឲ្យ​ដឹង​ថា ក្នុង​ជំនួប​ថ្ងៃនេះ លោក​ប្រធានាធិបតីរុស្ស៊ី Medvedev បញ្ជាក់​ជា​ថ្មី​ថា ម៉ូស្គូ​គាំទ្រ​ដល់​បេក្ខភាព​អ៊ុយក្រែន​ដែល​ប្រាថ្នា​ក្លាយ​ជា​ប្រធាន “អង្គការ​ដើម្បី​សន្តិសុខ និង​សហប្រតិបត្តិការ នៅ​ទ្វីប​អឺរ៉ុប“ ហៅកាត់​ថា OSCE នៅឆ្នាំ ២០១៣។

អង្គការ​នេះ​ដែល​សព្វថ្ងៃ ដឹកនាំ​ដោយរដ្ឋKazakhstan   នឹង​រួមប្រជុំ​ក្នុង​ជាន់ថ្នាក់​កំពូល នៅ​ថ្ងៃ ទី១ និងទី២ធ្នូ​ខាងមុខ ក្នុងក្រុង Astana រដ្ឋធានី​ប្រទេស​ម្ចាស់ផ្ទះនេះ ដើម្បីពិភាក្សា​អំពី​បញ្ហាសន្តិសុខ​ទ្វីបអឺរ៉ុប៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI