អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អ៊ុយក្រែន​អះអាង​ថា​បាន​កំទេច​ក្បួន​រថក្រោះ​របស់​រុស្ស៊ី​មួយ​ភាគធំ​ដែល​លួច​ចូល​ក្នុង​ដី​អ៊ុយក្រែន

សំឡេង ០៤:៣២
រថក្រោះទាហានរុស្ស៊ី​ដែលក្រវែល​រេរ៉​ នៅតំបន់​​រ៉ូស្តូវ ក្បែរ​ព្រំដែន​អ៊ុយក្រែន​
រថក្រោះទាហានរុស្ស៊ី​ដែលក្រវែល​រេរ៉​ នៅតំបន់​​រ៉ូស្តូវ ក្បែរ​ព្រំដែន​អ៊ុយក្រែន​ REUTERS/Maxim Shemetov
ដោយ៖ ម៉ម ពិសី
២៦ នាទី

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី១៤​សីហា មាន​ពត៌មាន​លេចលឺ​ថា​ ក្បួន​រថក្រោះ​របស់​រុស្ស៊ី​ចំនួន​២៦គ្រឿង​ បាន​ចូល​មក​ក្នុង​ទឹកដី​អ៊ុយក្រែន កាត់តាម​តំបន់​ដែល​កាន់កាប់​ដោយ​ពួក​ឧទ្ទាម​ផ្តាច់​ទឹកដី។ ភាគី​អ៊ុយក្រែន​បាន​ចេញ​មុខ​មក​បញ្ជាក់​ភ្លាម​ កាល​ពី​ថ្ងៃ​សុក្រ​ថា ពិត​ជា​មាន​រថក្រោះ​រុស្ស៊ី​ដែល​បាន​លួច​ចូល​មក​ក្នុង​ដី​អ៊ុយក្រែន​ប្រាកដ​មែន ប៉ុន្តែ​ទាហាន​អ៊ុយក្រែន​បាន​ធ្វើ​ការ​វាយ​បំផ្លាញ​រថក្រោះ​ទាំងនោះ​ អស់​មួយ​ភាគ​ធំ​ហើយ។ ដំណឹង​នេះ​បាន​បន្ថែម​ភាព​តានតឹង​មួយ​កម្រឹត​ថែម​ទៀត​ រវាង​អ៊ុយក្រែន​និង​រុស្ស៊ី ដែល​កំពុង​តែ​ប្រទាញ​ប្រទង់​គ្នា​ រឿង​រថយន្ត​ដឹក​ជំនួយ​មនុស្សធម៌​រុស្ស៊ី។

ផ្សាយពាណិជ្ជកម្ម

អ្នក​យក​ពត៌មាន បរទេស ឲ្យកាសែត The Guardian និង The Telegraph ​​បាន​រាយការ​ថា​ បាន​ឃើញ​រថក្រោះ​របស់​រុស្ស៊ី​២៦គ្រឿង​ ដោយ​មាន​រថយន្ត​ដឹក​គ្រឿង​ភស្តុភារ​បើក​តាម​ផង បាន​បើក​ចូល​ទៅ​ក្នុង​ទឹកដី​អ៊ុយក្រែន​ ក្នុង​តំបន់​ដែល​បច្ចុប្បន្ន​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​ពួក​ឧទ្ទាម​និយម​រុស្ស៊ី។ បើ​តាម​ស្មាន ពត៌មាន​នេះ​អាច​ជា​ការពិត ព្រោះ​ថា​អ៊ុយក្រែន​ក៍​បាន​ចេញ​មក​បញ្ជាក់​ដែរ​​ ថា​បាន​វាយ​បំផ្លាញ​រថក្រោះ​ទាំងនោះ​ នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​ឆ្លង​ចូល​ថ្ងៃសុក្រ។ លោក​ប្រធានាធិបតី​អ៊ុយក្រែន​ ថែមទាំង​បាន​ទូរស័ព្ទ​ទៅ​និយាយ​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ទៀត​ផង​ ទាក់ទង​នឹង​បញ្ហា​នេះ។ មួយវិញទៀត នេះ​មិន​មែន​ជា​លើក​ទីមួយ​ទេ ដែល​មាន​ពត៌មាន​ថា​រុស្ស៊ី​បាន​បញ្ជូន​កម្លាំងទ័ព និង​គ្រឿង​សព្វាវុធ​ចូល​ទៅ​ក្នុង​ទឹកដី​អ៊ុយក្រែន។ កន្លង​មក​អ៊ុយក្រែន​ធ្លាប់​បាន​ចោទ​ប្រកាន់​ជាញយ​ដង​ ថា​រុស្ស៊ី​បាន​បញ្ជូន​កម្លាំងទ័ព​ចូល​ទៅ​ជួយ​ពួក​ឧទ្ទាម។ ​តែ​នេះ​ជា​លើក​ទីមួយ​ហើយ​ ដែល​មាន​អ្នក​កាសែត​បរទេស​បាន​ឃើញ និង​បាន​ផ្តល់​ពត៌មាន។

 
ដូច​សព្វ​ដង​ រុស្ស៊ី​បាន​ច្រានចោល​ទាំងស្រុង​ ចំពោះ​ការ​ចោទ​ប្រកាន់​នេះ។ លោក​រដ្ឋមន្រ្តី​ការពារ​ជាតិ​រុស្ស៊ី​ បាន​ថា​ការ​ចោទ​ប្រកាន់​របស់​អ៊ុយក្រែន​ជា​ការ​រវើរវាយ​ទាំងស្រុង។ គ្មាន​រថក្រោះ​រុស្ស៊ី​ឯណា​ចូល​ទៅ​ក្នុង​ទឹកដី​អ៊ុយក្រែន​នោះទេ។ លោក​ស្រី​ហៃឌេន ប្រធាន​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​ បាន​ថ្លែង​ថា​រុស្ស៊ី​ត្រួវ​តែ​បញ្ឈប់​រាល់​សកម្មភាព​ទាំងអស់​ ដែល​ជំរុញ​ឲ្យ​មាន​ជម្លោះ​កាន់តែ​ខ្លាំងទៅៗ​នៅ​អ៊ុយក្រែន។ លោកស្រី​បន្ត​ថា រុស្ស៊ី​គ្មាន​សិទ្ធិ​ណា​មួយ​ទៅ​បញ្ជូន​កំលាំងទ័ព​ចូល​ក្នុង​ទឹកដី​របស់​គេ​ ដោយ​គ្មាន​ការ​អនុញ្ញាត​នោះ​ទេ មិន​ថា​អ៊ុយក្រែន រឺ​ប្រទេស​ណាមួយ​ផ្សេង​ទៀត​ក៏ដោយ។ សូម​បញ្ជាក់​ថា អាមេរិក កន្លងមក​ក៏​ធ្លាប់​បាន​បរិហារ​និង​ផ្តល់​ភស្តុតាង​បញ្ជាក់​ថា​រុស្ស៊ី​បាន​បញ្ជូន​ទ័ព​ និង​អាវុធ​ធំៗ​យ៉ាង​សន្ធឹកសន្ធាប់​ចូល​ក្នុង​ទឹកដី​អ៊ុយក្រែន​ដែរ។ ចំណែក​លោក​នាយករដ្ឋមន្ត្រី​អង់គ្លេស​វិញ​ បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​ក្រុងឡុងដ៍្រ ឲ្យ​ចូលជួប​ដើម្បី​សាកសួរ​ដើមទង​ពី​បញ្ហា​នេះ។ សហភាព​អឺរ៉ុប​ក៏បាន​កោះ​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​របស់​ប្រទេស​សមាជិក​ទាំង​២៨​របស់​ខ្លួន​ផងដែរ​ ជុំវិញ​បញ្ហា​នេះ ហើយ​​ថា​សហភាព​អឺរ៉ុប​ នឹង​គាំទ្រ​ឲ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី​ បើសិន​នេះ​ជា​ការពិត​មែន។
 
ទាក់​ទិន​ទៅ​នឹង​បញ្ហា រថយន្តដឹក​ជំនួយមនុស្សធម៌រុស្ស៊ី មកទល់ពេលនេះ​នៅមិន​ទាន់​មាន​ការ​ព្រមព្រៀង​ណាមួយ​ ឲ្យ​បាន​ច្បាស់លាស់​នោះ​ទេ ព្រោះ​ថា​ភាព​មន្ទិល​សង្ស័យ​ពី​ចេតនា​អាក្រក់​របស់​រុស្ស៊ី​នៅ​ពី​ក្រោយ​ការ​បញ្ជូន​ជំនួយ​មនុស្សធម៌​នេះ មាន​កាន់​តែ​ធំទៅៗ។ ​រថយន្ត​​ដែល​រុស្ស៊ី​បញ្ជូន​ទៅ​ទាំងអស់​មាន​ប្រហែល​ជា​៣០០គ្រឿង ហើយ​មួយគ្រឿងៗ​មាន​ផ្ទុក​អ្នក​បើកបរ​ពីរ​នាក់។ ហើយ​បើ​តាម​ពត៌មាន​លេចលឺ​មក​ ថា​អ្នក​បើកបរ​ទាំងនោះ​ សុទ្ធសឹង​ជា​ទាហាន​ទាំងអស់។ ដូច្នេះ​មាន​ន័យ​ថា​ មាន​ទាហាន​រុស្ស៊ី​ជិត​៦០០នាក់​នៅ​ក្នុង​ឡាន​ទាំងអស់​នោះ។ បើ​តាម​ពត៌មាន​មួយទៀត​ថា រថយន្ត​ទាំង​នោះ​សុទ្ធសឹង​ជា​រថយន្ត​ទាហាន​ ដែល​គេ​បាន​លាប​ថ្នាំ​ពណ៌ស​បន្លំ ហើយ​មាន​ទាំង​រូបថត​បង្ហាញ​ថា​ ឡាន​ខ្លះ​គ្មាន​អីវ៉ាន់​នៅ​ក្នុង​នោះ​ទេ។ យោងតាម​អ្នក​នាំពាក្យ​យោធា​អ៊ុយក្រែន រថយន្ត​ទាំងនោះ​ ឈប់​នៅ​ចម្ងាយ​ប្រមាណ​៣០គីឡូមែត្រ​ ពី​ច្រក​ព្រំដែន​អ៊ុយក្រែន​ក្បែរ​ក្រុង​ដូនេតស្ក៍។ អ៊ុយក្រែន​បាន​បញ្ជូន​មន្ត្រី​គយ​ និង​ឆ្មាំ​ការពារ​ព្រំដែន​ជា​ច្រើននាក់​ ចាំ​ត្រួតពិនិត្យ​រថយន្ត​ទាំងនោះ ប៉ុន្តែ​នៅ​មិនទាន់​បាន​ធ្វើ​អ្វី​ទាំងអស់​ ដោយ​ត្រូវ​រងចាំ​ឯកសារ​ផ្លូវការ​របស់​កាកបាទ​ក្រហម​អន្តរជាតិ។
 
បើសិន​ជា​ពត៌មាន​អស់​ទាំងនេះ​ពិត​ប្រាដក​មែន មូលហេតុ​នៅ​ពីក្រោយទ្វើរបស់​រុស្ស៊ី​ គ្មាន​អ្វី​ក្រៅពី ចង់​លូក​ដៃ​ចូលទៅ​ជួយ​ពួក​ឧទ្ទាម​បះបោរ​នៅ​ភាគ​ខាងកើត​អ៊ុយក្រែន​នោះ​ទេ។ លោក​អគ្គលេខាធិការ​អង្គការ​អូតង់​បាន​មាន​ប្រសាសន៍​ ចោទ​រុស្ស៊ី​ដោយ​ត្រង់ៗ​ថា រុស្ស៊ី​កំពុង​តែ​ចូលដៃ​ជាមួយ​ពួក​ឧទ្ទាម បង្ក​ការបះបោរ​ផ្តាច់​ទឹកដី​ចេញ​ពី​អ៊ុយក្រែន។ ថា​មិនត្រូវ ពេល​ដែល​បាន​សម្រេច​ហើយ ទឹកដី​ទាំងនោះ​នឹង​ត្រូវ​រុស្ស៊ី​ចាត់​បញ្ចូល​ក្នុង​ចំណុះ​របស់​ខ្លួន​ ដូច​ដែល​រុស្ស៊ី​បាន​ធ្វើ​នៅ​តំបន់​គ្រីមេ​អញ្ចឹង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ