អង្គភាពប្រឆាំងអំពើពុករលួយជំរុញក្រសួងអោយតាក់តែងក្រមសីលធម៌
អង្គភាពប្រឆាំងអំពើពុករលួយ កំពុងពិភាក្សាជាមួយក្រសួងមួយចំនួនដើម្បីស្នើអោយក្រសួងទាំងនោះតាក់តែងអត្ថបទក្រមសីលធម៌របស់ខ្លួន។ នេះជាវិធានការមួយដែលប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោក ឱម យ៉ិនទៀង អះអាងថា ជាការបង្ការអំពើពុករលួយ។ ក្រមសីលធម៌គឺជាសំណើមួយក្នុងចំណោមសំណើចំនួន២ដែលអង្គភាពប្រឆាំងអំពើពុករលួយកំពុងធ្វើការជាមួយក្រសួងទាំងនោះ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
អង្គភាពប្រឆាំងអំពើពុករលួយកំពុងធ្វើការងារជាមួយក្រសួងមួយចំនួនដើម្បីពិនិត្យឡើងវិញនូវបទបញ្ជាផ្ទៃក្នុងនៃក្រសួងទាំងនោះ។ គោលដៅគឺដើម្បីឈានទៅរារាំងមន្ត្រីមិនអោយប្រព្រឹត្តអំពើពុករលួយ។
នៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃទី២៧កញ្ញា លោកឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ប្រាប់ថា អង្គភាពរបស់លោកកំពុងធ្វើការជាមួយក្រសួងណាដែលមានសិទ្ធិចេញអាជ្ញាប័ណ្ណធ្វើអាជីវកម្ម។ បើតាមប្រសាសន៍របស់លោកឱម យ៉ិនទៀង អង្គភាពប្រឆាំងអំពើពុករលួយចង់អោយក្រសួងទាំងនោះ មានបទបញ្ជាផ្ទៃក្នុងរឹងមាំទីមួយនិងទី២ ត្រូវមានអត្ថបទក្រមសីលធម៌។ ចំពោះលោកឱម យ៉ិនទៀង វិធានការទាំងពីរនេះ គឺជាវិធានការគោល វិធានការក្តៅក្នុងការបង្ការអំពើពុករលួយ។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានពន្យល់ប្រាប់អោយដឹងថា វិធានការទាំងនេះហើយដែលនឹងបំពេញចន្លោះប្រហោង នូវ ចំណុចដែលច្បាប់មិនបានហាមឃាត់ ហើយដែលវាអនុញ្ញាតអោយមន្ត្រីប្រព្រឹត្តអំពើពុករលួយនោះ។
ដើម្បីតាក់តែងបទបញ្ជាផ្ទៃក្នុង និងក្រមសីលធម៌សម្រាប់ក្រសួងទាំងនោះ អង្គភាពប្រឆាំងអំពើពុករលួយនឹងអញ្ជើញអ្នកជំនាញបរទេសដើម្បីជួយក្នុងការតាក់តែងអត្ថបទទាំងនោះដែរ។
ក្នុងរយៈពេល៨ខែដើមឆ្នាំនេះ អង្គភាពប្រឆាំងអំពើពុករលួយ បានទទួលបណ្តឹងចំនួន៨០០បណ្តឹង។ បណ្តឹងទាំងនោះទាក់ទងច្រើននឹងអំពើសូកប៉ាន់ ដែលពាក់ព័ន្ធក្នុងប្រព័ន្ធតុលាការ និងការកាប់ព្រៃឈើជាដើម។
គួររម្លឹកថា អង្គភាពប្រឆាំងអំពើពុករលួយក៏ធ្លាប់ប្រកាសសហការជាមួយគណបក្សនយោបាយកាលពីពេលមុនបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដើម្បីតាមដានការចំណាយក្រៅផ្លូវការលើសេវាសាធារណៈនៅតាមឃុំសង្កាត់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ