អំពើហិង្សានៅ រដ្ឋរ៉ាគីនធ្វើឲ្យភូមារងសម្ពាធជាថ្មីពីសហគមន៍អន្តរជាតិ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សហគមន៍អន្តរជាតិ និងអង្គការការពារសិទ្ធិមនុស្សបានដាក់គំនាប នៅថ្ងៃអង្គារនេះទៅលើរដ្ឋាភិបាលភូមា ឲ្យបញ្ចប់អំពើហិង្សា ដែលផ្ទុះឡើងរវាងសហគមន៍អ៊ីស្លាម និងអ្នកកាន់ពុទ្ធសាសនា នៅរដ្ឋរ៉ាគីន។ នៅបង់ក្លាដែសវិញ ឆ្មាំសមុទ្របានស្ទាក់ និងបំបែរទូកដឹកប្រជាជនអ៊ីស្លាមមកពីរដ្ឋរ៉ាគីន ឲ្យត្រលប់ចូលទៅភូមាវិញ។
ទូកបីគ្រឿងដឹកប្រជាជនអ៊ីស្លាមប្រមាណ១០០នាក់ ត្រូវពួកឆ្មាំទន្លេបង់ក្លាដែស ស្ទាក់ នៅព្រលឹមថ្ងៃអង្គារនេះ មិនឲ្យបើកចូលទៅចតនៅច្រាំង ក្នុងទឹកដីបង់ក្លាដែស។ តាំងពីថ្ងៃចន្ទមក ឆ្មាំទន្លេបង់ក្លាដែសបានពង្រឹងការយាមសន្តិសុខ នៅក្នុងទន្លេ Naf ដែលជាព្រំដែនទឹករវាងភូមា និងបង់ក្លាដែស ដោយបានឃាត់ទូក ១១គ្រឿងរបស់ប្រជាជនអ៊ីស្លាម និងបានបញ្ជាឲ្យពួកគេបើកត្រលប់ចូលទៅភូមាវិញ។ តាមអាជ្ញាធរបង់ក្លាដែស ពួកប្រជាជនអ៊ីស្លាមទាំងនេះដែលភាគច្រើនជាស្ត្រី និងកុមារបានរត់គេចចេញពីអំពើហិង្សាដែលកំពុងផ្ទុះឡើង នៅរដ្ឋរ៉ាគីន ភាគខាងលិចប្រទេសភូមា។
អំពើហិង្សាសាសនាដែលផ្ទុះនៅរដ្ឋរ៉ាគីន កាលពីថ្ងៃសុក្របានសម្លាប់មនុស្ស ៧នាក់ និងធ្វើឲ្យរបួសមនុស្ស១៧នាក់។ ផ្ទះជាច្រើនរយខ្នងត្រូវបានដុតបំផ្លាញ។ កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីភូមា លោកថេន សេនបានប្រកាសដាក់រដ្ឋរ៉ាគីនរបស់ភូមាទៅក្នុងស្ថានភាពប្រកាសអាសន្ន និងប្រកាសប្រើច្បាប់អាជ្ញាសឹកដើម្បីរៀបចំសណ្តាប់ធ្នាប់ឡើងវិញ។
កាលពីថ្ងៃសុក្រ ជម្លោះដ៏ហិង្សា រវាងសហគមន៍អ្នកកាន់ពុទ្ធសាសនា និងអ៊ីស្លាមបានរីករាលដាលចូលទៅរដ្ឋធានីSittwe និងភូមិជិតខាង រហូតធ្វើឲ្យអង្គការសហប្រជាជាតិសម្រេចដកមន្រ្តីរបស់ខ្លួនជាបណ្តោះអាសន្ន ចេញពីតំបន់គ្រោះថ្នាក់។ សហរដ្ឋអាមេរិកវិញ តាមរយៈលោកស្រីរដ្ឋមន្រ្តីការបរទេស ហ៊ីឡារី គ្លីនតុន បានបង្ហាញក្តីព្រួយបារម្ភពីអំពើហិង្សាសាសនានៅក្នុងប្រទេសភូមា ទាមទារឲ្យរដ្ឋាភិបាលស៊ីវិលភូមាថ្មីចាត់វិធានការបន្ទាន់ដើម្បីបញ្ចប់អំពើហិង្សាសាសនា។
អំពើហិង្សានៅរដ្ឋរ៉ាគីនបានផ្ទុះឡើង បន្ទាប់ពីអ្នកកាន់ពុទ្ធសាសនាមួយក្រុមបានវាយសម្លាប់ប្រជាជនអ៊ីស្លាម១០នាក់ កាលពីថ្ងៃទី ៣មិថុនា ដើម្បីសងសឹកឲ្យក្មេងស្រីកាន់សាសនាព្រះពុទ្ធម្នាក់ ដែលបានត្រូវគេសន្និដ្ឋាន ថា បានរំលោភ និងសម្លាប់ដោយបុរសអ៊ីស្លាម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ