រុស្ស៊ី-វ៉េណេស៊ុយអេឡា

រុស្ស៊ី នឹង​ផ្តល់​ឥណទាន ៤ពាន់​លាន​ដុល្លារ​ទៀត​ទៅ​ឲ្យ​វ៉េណេស៊ុយអេឡា

លោក Hugo chavez  និងលោក  Igor Sechin
លោក Hugo chavez និងលោក Igor Sechin REUTERS/Gil Montano

នេះ ជា​លទ្ធផល​មួយ​នៃ​កិច្ចចរចា ទើប​ចប់​ទៅ​នៅ​ទីក្រុង Caracas រវាង​លោក​ប្រធានាធិបតី​វ៉េណេស៊ុយអេឡា (Hugo Chavez) និង​ឧបនាយក​រដ្ឋមន្ត្រី​រុស្ស៊ី​ ទទួល​បន្ទុក​ខាង​ប្រទេស​អាមេរិកឡាទីន លោក Igor Sechin ដែល​បាន​ទៅ​កាន់​ប្រទេស​វ៉េណេស៊ុយអេឡា ជាបន្ទាន់ ទៅ​តាម​ការផ្ទុកផ្តាក់​របស់​លោក​នាយក​រដ្ឋមន្ត្រី ពូទីន ដ្បិត ទីក្រុង​ម៉ូស្គូ បារម្ភ​ខ្លាច​បាត់បង់​វ៉េណេស៊ុយអេឡា ជា​សម្ព័ន្ធមិត្ត​ខ្លួន​នៅ​អាមេរិក​ឡាទីន មក​ពី​សុខភាព​លោក Hugo Chavez ដែល​ជា​មហាមិត្ត​របស់​រុស្ស៊ី កំពុង​ឆ្លងកាត់ ជម្ងឺ​មហារីក។

ផ្សាយពាណិជ្ជកម្ម

ថ្លែង​បន្ទាប់ពី ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សមស្រប នៅក្រុង Caracas លោក​ប្រធានាធិបតី Hugo Chavez បាន​ប្រកាស​ឲ្យ​ដឹងថា ពី​ក្នុង​ទឹកប្រាក់ ៤.០០០​លាន​ដុល្លារ​នោះ រុស្ស៊ី​នឹង​ផ្តល់​ឲ្យ​២.០០០​លាន​ដុល្លារ គឺ​ក្នុង​ឆ្នាំ​ក្រោយ-​ឆ្នាំ​២០១២ ហើយ​២.០០០​លាន​ដុល្លារ​ទៀត គឺ​ក្នុង​ឆ្នាំ​២០១៣។

 
គួររំលឹកថា ក្នុងឆ្នាំ២០១០​កន្លងទៅ វ៉េណេស៊ុយអេឡា​បាន​ទទួល​ទៅ​ហើយ ពី​រុស្ស៊ី​នូវ​ឥណទាន ២២០០ លានដុល្លារ​ សម្រាប់​ទិញ​អាវុធ​ពី​រុស្ស៊ី ក្រោយពី​ក្នុង​ឆ្នាំ​២០០៩ លោក Hugo Chavez ដោយ​សំដែង​សាមគ្គី​ជាមួយ​រុស្ស៊ី​បាន​ប្រកាស​ទទួល​ស្គាល់​ដែរ​ឯករាជ្យ​នៃ​ដែនដី​អបគម​របស់​រដ្ឋ Georgie គឺ​ដែនដី Abkhazie និង Ossetie ខាងត្បូង។

មិនតែប៉ុណ្ណោះ នាពេលចុង​ក្រោយ រុស្ស៊ី និង វ៉េណេស៊ុយអេឡា សហការ​គ្នា​យ៉ាង​សកម្ម នៅ​តាម​មុខ​ព្រួញ ជីក​បូម​ប្រេងកាត​នៅ​វ៉េណេស៊ុយអេឡា ជា​ប្រទេស​ជាប់​ចំណាត់​ថ្នាក់​ទី​៥ ខាង​លក់​ឥន្ធនៈ​នេះ​ទៅ​ក្រៅ។ គូ​ភាគី ចេះ​បង្កើត​បាន​ជា​សហគ្រាស​ចម្រុះ​ខាង​ជីក​បូម​ប្រេង ក្រោម​ឈ្មោះ ថា Petromiranda ដែល​ទៅ​ទល់​ខែ​ឧសភា​ឆ្នាំ​២០១២ នឹង​ជីក​បាន​ប្រេង​ក្នុង​១​ថ្ងៃៗ បរិមាណ ៥០.០០០ បារីល ដើម្បី​ក្នុង​អនាគត​ចំពោះ​មុខ​ឈាន​ឡើង​ដល់ ៤៥០.០០០ បារីល ក្នុង​១​ថ្ងៃ។ ហើយ​ក្នុង​១០​ឆ្នាំ​ទៅមុខ រុស្ស៊ី​គ្រោង​បញ្ចូល​វិនិយោគ​ដល់​ទៅ ១២.០០០​លាន​ដុល្លារ ទៅ​ក្នុង​វិស័យ​ជីក​បូមប្រេង នៅ​វ៉េណេស៊ុយអេឡា។

“ប៉ុន្តែ​ស្ថានការណ៍​គ្រោះថ្នាក់ ស្រាប់​តែ​ចោទ​នៅ​ពី​មុខ​រុស្ស៊ី ដោយ​មកពី លោក Hugo Chavez ក្នុង​ឋានៈ​ជា​មហាមិត្ត​របស់​ម៉ូស្គូ ប្រចាំ​នៅ​អាមេរិក​ឡាទីន ស្រាប់តែ​អភ័ព្វ​ធ្លាក់​ខ្លួន​ឈឺ រោគ​មហារីក ពីព្រោះ​ផលវិបាក​នៃ​ជម្ងឺ​នេះ គ្មាន​នរណា​អាច​ទស្សន៍ទាយ​ជា​មុន​ឡើយ”។ -​ការនេះ ថ្លែង​ដោយ ​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​ក្នុង​រដ្ឋាភិបាល​រុស្ស៊ី ទៅ​កាសែត​ក្រុង​ម៉ូស្គូ Kommersant លេខ​ថ្ងៃ​នេះ។ ប្រភព​នោះ​លម្អិត​ថា បើ​លោក Hugo Chavez ស្រាប់​តែ​ចាក​ចេញ​ពី​ឆាក​នយោបាយ​ទៅ​នោះ វ៉េណេស៊ុយអេឡា ដែល​ធ្លាប់​កុម៉្មង់​ទិញ​អាវុធ​ពី​រុស្ស៊ី មុន​ឆ្នាំ​២០០៩ ក្នុង​ទឹក​ប្រាក់​ដល់​ជាង ៦.០០០​លាន​ពាន់​ ដោយ​បង់​លុយ​ដល់​ដៃ​មិន​គ្រាន់តែ លែង​ទិញ​អាវុធ​ពី​រុស្ស៊ី​ប៉ុណ្ណោះ​ទេ​ តែ​ក៏​មិន​អាច​សង​មក​រុស្ស៊ី​វិញ នូវ​ឥណទាន​ដែល​មាន​ផ្តល់​ឲ្យ​ខ្ចី​ទៅ​ហើយ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI