ប្រទេសវេណេស៊ុយអេឡាបណ្តេញមន្ត្រីការទូតអាមេរិក៣រូប ចេញពីទឹកដីខ្លួន
កាលពីថ្ងៃចន្ទម្សិលមិញនេះ ប្រធានាធិបតីវេណេស៊ុយអេឡា នីកូឡា ម៉ាឌុយរ៉ូ បានប្រកាសបណ្តេញមន្ត្រីការទូតអាមេរិក៣រូប ចេញពីទឹកដីវេណេស៊ុយអេឡា។ លោកម៉ាឌុយរ៉ូ បានចោទពួកគេទាំង៣ ថាបានធ្វើសកម្មភាពខុសច្បាប់ ក្នុងទិសដៅបង្កមហន្តរាយក្នុងទឹកដីវេណេស៊ុយអេឡា។ គណបក្សប្រឆាំង បានចោទរដ្ឋាភិបាល ថាបានបណ្តេញមន្ត្រីទូតអាមេរិក ដើម្បីបិទបាំងភាពសមត្ថភាពរបស់ខ្លួន ក្នុងការគ្រប់គ្រងប្រទេសតែប៉ុណ្ណោះ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ក្នុងចំណោមមន្ត្រីការទូតអាមេរិក៣រូប ដែលត្រូវបានប្រធានាធិបតីវេណេស៊ុយអេឡា ប្រកាសបណ្តេញចេញពីប្រទេស នៅថ្ងៃចន្ទម្សិលមិញនេះ មានភារធារីអាមេរិកមួយរូប គឺលោក Kelly Keiderling ស្ថិតក្នុងជួរអ្នកការទូតខ្ពស់ជាងគេ នៅវេណេស៊ុយអេឡា។ គួររំលឹកថា សហរដ្ឋអាមេរិកគ្មានឯកអគ្គរដ្ឋទូតក្នុងប្រទេសនេះទេ។ លោក Keiderling ត្រូវបានតែងតាំងជាប្រធានបេសកម្មជំនួយ កាលពីឆ្នាំ២០១១ នៅក្រុងការ៉ាកាស។
មន្ត្រីទូតអាមេរិកទាំងបីរូប មានពេលតែ៤៨ម៉ោង ប៉ុណ្ណោះ បន្ទាប់ពីការប្រកាសរបស់រដ្ឋាភិបាល ដើម្បីចាកចេញពីវេណេស៊ុយអេឡា។
ប្រធានាធិបតីវេណេស៊ុយអេឡា នីកូឡា ម៉ាឌុយរ៉ូ បានចោទជនជាតិអាមេរិកទាំងបីរូប ថាបានជំរុញអោយមានសកម្មភាពវិច្ឆេទកម្ម ក្នុងប្រទេស។ លោក ម៉ាឌុយរ៉ូ លើកឡើងថា ពួកគេទាំងនេះបានទាក់ទងជាមួយក្រុមស្តាំនិយមជ្រុលក្នុងប្រទេស ហើយបានផ្តល់ថវិកា និងជំរុញលើកទឹកចិត្តក្រុមនោះអោយបំផ្លាញប្រព័ន្ធអគ្គិសនី និងសេដ្ឋកិច្ចជាតិវេណេស៊ុយអេឡា។ លោក ម៉ាឌុយរ៉ូ លើកឡើងទៀតថា លោកមានភស្តុតាងចោទប្រកាន់ទាំងនេះ នៅក្នុងដៃ។ ហើយថែមទាំងប្រាប់ទៀតថា លោកមិនខ្ចីខ្វល់ពីសកម្មភាពរបស់រដ្ឋាភិបាលលោកអូបាម៉ា នោះទេ។
កាលពីកន្លះឆ្នាំមុន វេណេស៊ុយអេឡាក៏ធ្លាប់បានបណ្តេញសេនានុព័ន្ធយោធាអាមេរិកពីររូប រួចមកហើយដែរ។ ប្រធានាធិបតីម៉ាឌុយរ៉ូ តែងតែចោទប្រកាន់អាមេរិក ថាបានធ្វើសង្គ្រាមសេដ្ឋកិច្ច បង្កអោយវេណេស៊ុយអេឡារងការខ្វះខាត និងធ្វើអោយមានការកាត់ផ្តាច់ចរន្តអគ្គិសនីក្នុងប្រទេសទៀតផង។
ដោយឡែក លោក ម៉ាឌុយរ៉ូ ក៏ធ្លាប់បង្ហាញការសង្ស័យថា អាមេរិកប្រហែលជាបានបង្កអោយអតីប្រធានាធិបតីវេណេស៊ុយអេឡា អ៊ុយហ្កូ ឆាវេស ស្លាប់បាត់បង់ជីវិត។ ក្រុងវ៉ាស៊ីនតោនបានតបទៅវិញថា ការចោទប្រកាន់នេះមិនទំនងអ្វីបន្តិចសោះឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ