ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ប្រាប់ថា ឆ្នាំនេះទឹកធំជាងឆ្នាំមុនៗ
ចុះផ្សាយនៅថ្ងៃ៖
ប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តរងគ្រោះដោយសារទឹកជំនន់ ពិសេសនៅខេត្តសៀមរាប បាត់ដំបង និងបន្ទាយមានជ័យ បានត្អូញត្អែរពីជំនន់ទឹកភ្លៀង ដែលកំពុងជន់លិចតំបន់មួយចំនួនក្នុងខេត្ត ថាបានប៉ះពាល់ដល់ការងារ និងការប្រកបអាជីវកម្មរបស់ពួកគាត់។ ប្រជាពលរដ្ឋបានបង្ហាញពីភាពភ័យព្រួយកង្វល់ពីជំនន់ទឹកភ្លៀង ដែលពួកគាត់អះអាងថា មានសភាពធ្ងន់ធ្ងរជាងឆ្នាំមុនៗ។
ជំនន់ទឹកភ្លៀងកំពុងបន្តវាយលុកបណ្ដាខេត្តភាគពាយ័ព្យនៃប្រទេសកម្ពុជា។ នៅខេត្តសៀមរាប ភ្លៀងធ្លាក់ជាប់ៗគ្នា ពីថ្ងៃទី២ ដល់ថ្ងៃទី៥តុលា បានធ្វើឲ្យទឹកភ្លៀងជន់លិចផ្លូវមួយចំនួនក្នុងខេត្ត។ នេះបើតាមការឲ្យដឹងពីកញ្ញា ហ្វុង មគ្គុទេសទេសចរណ៍ នៅខេត្តសៀមរាប។ កញ្ញាឲ្យដឹងបន្ថែមថា ការបាក់ទំនប់តាកៅ នៅតំបន់អង្គរធំ បានធ្វើឲ្យទឹកហូរចូលមកតំបន់ឧទ្យានអង្គរ ក្នុងនោះរួមមានវង់ធំ និងផ្លូវពីប្រាសាទអង្គរធំ មកកាន់ប្រាសាទអង្គរវត្ត។
ដោយឡែក នៅប្រាសាទអង្គរវត្តវិញ ទឹកបានជន់លិចស្រះទឹកទាំងពីរ នៅសងខាងប្រាសាទ។ ក្រៅពីនេះ ប្រាសាទមួយចំនួនទៀតនៅខេត្តសៀមរាប រួមមានប្រាសាទបន្ទាយស្រី ប្រាសាទព្រះខ័ន្ធ និងប្រាសាទនាគព័ន្ធជាដើម សុទ្ធតែត្រូវបានទឹកលិចត្រឹមៗកជើង។ ដោយឡែក នៅក្នុងក្រុងសៀមរាបថ្ងៃនេះ ដោយសារតែមិនមានភ្លៀង ទឹកបានស្រកទៅវិញ ស្ទើរតែទាំងអស់ហើយ។
ចំណែកនៅខេត្តបន្ទាយមានជ័យឯណោះវិញ ក្រុងប៉ោយប៉ែតទាំងមូល បានគ្របដណ្ដប់ទៅដោយជំនន់ទឹកភ្លៀង។ អ្នកស្រី វ៉ាន់នី ជាអាជីវករនៅផ្សាររ៉ុងក្លឿ ក្រុងប៉ោយប៉ែត ឲ្យដឹងថា តូបរបស់គាត់នៅឯផ្សារ ត្រូវទឹកលិចអស់ហើយ មិនអាចឲ្យគាត់បើកលក់ដូរដូចធម្មតាបានទេ។ អ្នកស្រីឲ្យដឹងថា ក្រុងប៉ោយប៉ែតលិចលង់ដោយទឹកជំនន់អស់រយៈពេល៥ថ្ងៃ នេះបើរាប់ទាំងថ្ងៃទី៧តុលានេះទៀត។ អាជីវករផ្សាររ៉ុងក្លឿ ដែលខកខានមិនបានលក់ដូររូបនេះ មិនសង្ឃឹមថាទឹកនឹងស្រកទៅវិញក្នុងពេលឆាប់ៗនេះទេ បើទោះបីជាថ្ងៃនេះ មិនទាន់មានភ្លៀងក៏ដោយ។ មិនមានភ្លៀង តែផ្ទៃមេឃនៅតែស្រទុំជាប់ជានិច្ច។
ដោយឡែក ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក៏កំពុងទទួលរងការគម្រាមកំហែងពីជំនន់ទឹកភ្លៀងដែរ។ កញ្ញាយ៉ាង រស្មី ប្រជាពលរដ្ឋនៅក្រុងសិរីសោភ័ណ បានសម្ដែងការព្រួយបារម្ភពីផ្ទះរបស់កញ្ញា ដែលទើបតែត្រូវទឹកលិច បន្ទាប់ពីភ្លៀងមួយមេយ៉ាងធំ កាលពីយប់មិញ។ ទឹកលិចផ្ទះពិតមែន ប៉ុន្តែ នៅក្នុងក្រុងមិនទាន់លិចនៅឡើយទេ។
អាជីវករលក់គ្រឿងសំណង់ នៅផ្សារបឹងឈូក ក្រុងបាត់ដំបង លោក ស្បោង ចាន់ថុល ឲ្យដឹងថា ទឹកលិចក្រុងបាត់ដំបង៣ថ្ងៃមកហើយ មិនទាន់ស្រកនៅឡើយទេ។ ទឹកស្ទឹងសង្កែ បានឡើងប្របមាត់ស្ទឹងហើយ។ ហើយក៏បានច្រាលចេញតាមលូ ចូលក្រុង។ ផ្សារបឹងឈូក នៅក្រុងបាត់ដំបង ត្រូវទឹកលិចលើជង្គង់។ មានភ្លៀងមួយមេកាលពីយប់មិញ ប៉ុន្តែ រហូតមកទល់ព្រឹកនេះ មេឃនៅតែខ្មៅស្រអាប់ មិនស្រឡះ។ ហើយលោកចាន់ថុល នៅតែបារម្ភខ្លាចមានភ្លៀង ដែលអាចនឹងធ្វើឲ្យទឹកជន់លិចផ្ទះរបស់គាត់ នៅផ្សារបឹងឈូក។
នៅខេត្តក្រចេះ ដែលជាខេត្តនៅជាប់ដងទន្លេមេគង្គ ទឹកជំនន់បានស្រកទៅវិញហើយ។ នេះបើតាមការឲ្យដឹងពីលោក អ៊ុច ចាន់ស៊ីណែត មន្ដ្រីពន្ធដារខេត្តក្រចេះ។ លោកបន្តឲ្យដឹងថា ទឹកជំនន់បានលិចផ្សារក្រុងក្រចេះ អស់ពេលប្រាំថ្ងៃ មុននឹងស្រកទៅវិញកាលពីបីថ្ងៃមុន។ ហើយស្ថានភាពទឹកជំនន់នៅក្នុងក្រុងពេលនេះ ហាក់មិនមានអ្វីគួរបារម្ភឡើយ។
ទឹកស្រកនៅក្រុងក្រចេះ ប៉ុន្តែ ស្រុកសំបូរ ខេត្តក្រចេះឯណោះវិញកំពុងរងគ្រោះដោយសារទឹកជំនន់។ លោកជំនិត វិជិតភក្ដី មន្ដ្រីសុរិយោដីនៅស្រុកសំបូរ ឲ្យដឹងពីស្ថានភាពទឹកជំនន់នៅស្រុកសំបូរថា ឃុំមួយចំនួនដែលនៅជាប់ទន្លេ ដូចជាឃុំកំពង់ចាម និងឃុំស្រែជិះ សុទ្ធតែត្រូវទឹកលិចទាំងអស់។ ហើយផ្លូវចម្ងាយប្រមាណ១គីឡូម៉ែត្រ ពីសំបូរ ទៅក្រចេះ ក៏ត្រូវទឹកហូរកាត់ផងដែរ។ លោកភក្ដីបញ្ជាក់ថា ក្នុងអំឡុងរដូវទឹកឡើងដូច្នេះ ទឹកលិចឃុំមួយចំនួននៅជាប់ទន្លេ វាជារឿងធម្មតាទេ។ ប៉ុន្តែ លោកបានកត់សម្គាល់ដែរថា ទឹកឆ្នាំនេះ ធំជាងឆ្នាំមុនៗ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ