វៀតណាម

យោធា​ប្រើ​កម្លាំង​បាយ​បង្ក្រាប​ចលនា​បាតុកម្ម​របស់​ជនជាតិ​ភាគ​តិចម៉ុង (Hmong)

ជនជាតិ​ភាគតិច Hmong នៅ​វៀតណាម
ជនជាតិ​ភាគតិច Hmong នៅ​វៀតណាម Nguồn: wikipedia

ជនជាតិ​ភាគតិច ម៉ុង(Hmong) ជាង​បី​ពាន់​នាក់ បាន​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​​បាតុកម្ម​​ដ៏​កម្រ​មួយ នៅ​ខេត្ត ឌៀនបៀន ខេត្ត​ដាច់​ស្រយាល នៅ​ភាគ​ពាយ័ព្យ​​ប្រទេស​វៀតណាម ​ជាប់​ព្រំប្រទល់​ជាមួយ​នឹង​ប្រទេស​ចិន និង​ឡាវ។ ប៉ុន្តែ​ពួក​គេ​ត្រូវ​បាន​ទាហាន​បំបែក ដោយ​កម្លាំង​ហិង្សា។ ភ្លាមៗ​នេះ គេ​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​ទាក់ទង​នឹង​ចំនួន​ជន​រង​គ្រោះ​ ដែល​អាច​កើត​មាន​ជា​យថាហេតុ​នៅ​ឡើយ​ទេ។ ប៉ូលិស​និង​ទាហាន​វៀតណាម បារម្ភ​​ថា​ចលនា​បាតុកម្ម​នឹង​អាច​មាន​ជា​បន្ត​នៅ​ថ្ងៃ​ស្អែក​ទៀត។

ផ្សាយពាណិជ្ជកម្ម

បាតុកម្ម​របស់​ពួក​ជន​ជាតិ​ភាគ​តិចម៉ុងដែល​​កម្រកើត​មាន​​បំផុត និង​ដែល​មាន​ការ​គ្រប់​គ្រង​យ៉ាង​ល្អ​នេះ បាន​ប្រព្រឹត្ត​ទៅ​ពីរ​បី​ថ្ងៃ​មក​ហើយ នៅ​ក្នុង​ខេត្ត​ឌៀនបៀន ដើម្បី​ទាមទារ​​ស្វ័យភាព និង​សេរីភាព​ខាង​ជំនឿ​សាសនា។ អង្គការ​​អាមេរិក​ដែល​គាំទ្រ​ជនជាតិ​​ម៉ុង បាន​លើក​ឡើង​ថា​មាន​ស្លាប់​​២៨​នាក់ និង​បាត់​ខ្លួន​ជាង​មួយ​រយ​នាក់ ប៉ុន្តែ​គ្មាន​ព័ត៌មាន​ឯករាជ្យម្ចាស់​ការ​​ណាមួយ​បញ្ជាក់​ពី​តុល្យការ​នេះ​ទេ។

នេះ​ជា​លើក​ទី​មួយ​ហើយ គិត​ចាប់ពី​ឆ្នាំ​២០០៤​មក ដែល​​ពួក​​ម៉ុង បាន​ធ្វើ​បាតុកម្ម​ក្នុង​ទ្រង់​ទ្រាយ​ធំ​ដូច្នេះ។ ប្រភព​យោធា​​​បាន​ទទួល​ស្គាល់ថា​ស្ថានការណ៍​កំពុង​តែ​យ៉ាប់​យឺន​ខ្លាំង។ យោធា​ត្រូវ​តែ​ធ្វើ​អន្តរាគមន៍​បង្ក្រាប​ ដើម្បី​កុំ​ឲ្យ​ចលនា​បះបោរ​នេះ រីក​រាលដាល​បាន។

សូម​ជម្រាប​ថា ជនជាតិ​ភាគ​តិច​​ម៉ុង អ្នក​កាន់​គ្រិស្ត​សាសនា​ ប្រូតេស្តង់ មាន​គ្នា​ប្រមាណ​តែ​៨​សែន​នាក់​ប៉ុណ្ណោះ (៥សែន​នាក់​នៅ​វៀតណាម និង​បីសែន​នាក់​នៅ​ប្រទេស​ឡាវ)។ ពួក​គេ​តែង​​ទទួល​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ ពី​សំណាក់​របប​កុម្មុយនិស្ត​វៀតណាម និង​ឡាវ ព្រោះ​សំរាប់​អាជ្ញាធរ​ពីរ​ប្រទេស​នេះ ជនជាតិ​ភាគតិច​​ម៉ុង ដែល​ធ្វើ​សកម្មភាព​ទ័ព​ព្រៃ គឺ​ជា​ពួក​ក្បត់​ជាតិ ធ្លាប់​បាន​ចូល​ដៃ​​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក ក្នុង​សម័យ​សង្គ្រាមនៅ​វៀតណាម ឆ្នាំ ១៩៦៤-១៩៧៥។ ចំណែក​នៅ​ក្នុង​ប្រទេស​ឡាវ​វិញ ដើម្បី​បញ្ចេញ​សកម្មភាព​ប្រឆាំង​នឹង​រដ្ឋាភិបាល​​ក្រុង​វៀងចន្ទ ពួក​ម៉ុង​នេះ​​បាន​បង្ក​ភេរវកម្ម​បំផ្ទុះ​គ្រាប់​បែក​ជា​បន្ត​បន្ទាប់ នៅ​ក្នុង​អំឡុង​ឆ្នាំ​២០០៣-​២០០៤។

ក្រោម​​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល ពួក​ម៉ុង​ជា​ច្រើន​រយ​នាក់​ ព្រម​ទាំង​ជន​ជាតិ​ភាគ​តិច​ផ្សេងៗ​ទៀត​បាន​នាំ​គ្នា​ភៀស​ខ្លួន ខ្លះ​ទៅ​កាន់​ប្រទេស​ថៃ និង​ខ្លះ​ទៀត​មក​ប្រទេស​កម្ពុជា ដើម្បី​បាន​ទៅ​រស់​នៅ​សហរដ្ឋ​អាមេរិក។ នៅ​ឆ្នាំ​២០០៤ ដោយ​មាន​ការ​បង្ក្រាប​ដ៏​សាហាវ​ ពួក​​ម៉ុង​ ប្រមាណ​​១៧០០​នាក់ បានរត់​មក​នៅ​កម្ពុជា​ ប៉ុន្តែ​មួយ​ភាគ​ធំ​មិន​បាន​ទទួល​សិទ្ធិ​ទៅ​ជ្រក​កោន​នៅ​សហរដ្ឋ​អាមេរិក​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI