អ្នកសរសេរអត្ថបទតាមអ៊ីធ័រណែតប្រឆាំងបីនាក់ត្រូវជាប់ទោសធ្ងន់
Bloggers ឬ អ្នកសរសេរអត្ថបទតាមអ៊ីធ័រណែតប្រឆាំងបីនាក់ ដែលក្នុងនោះមានម្នាក់បានទទួលការគាំទ្រជាសាធារណៈដោយប្រធានាធិបតីអាមេរិកលោកបារ៉ាក់អូបាម៉ា បានត្រូវតុលាការនៃទីក្រុងហូជីមីញ កាត់ទោសនៅថ្ងៃចន្ទទី២៤កញ្ញានេះ ឲ្យជាប់ពន្ធនាគារពី៤ទៅ១២ឆ្នាំ ពីបទបានធ្វើការឃោសនាប្រឆាំងនឹងរដ្ឋវៀតណាម។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ក្នុងចំណោមBloggers ឬ អ្នកសរសេរអត្ថបទតាមអ៊ីធ័រណែតវៀតណាមដែលជាអ្នកប្រឆាំងទាំងបីនាក់ ម្នាក់មានឈ្មោះល្បីជាងគេគឺលោក Nguyen Van Hai ដែលធ្លាប់បានត្រូវតុលាការកាត់ទោសនៅខែកញ្ញាឆ្នាំ២០០៨ ឲ្យជាប់ពន្ធនាគារ២ឆ្នាំកន្លះ ពីបទបានលួចពន្ធដារ ហើយនៅថ្ងៃចន្ទនេះ បានត្រូវតុលាការនៃទីក្រុងហូជីមីញកាត់ទោសឲ្យជាប់ពន្ធនាគារ១២ឆ្នាំ ហើយនិងជាប់ឃុំឃាំង៥ឆ្នាំបន្ថែមទៀតនៅក្នុងគេហដ្ឋានដែលឋិតនៅក្រោមការឃ្លាំយាម។
លោកស្រី Ta Phong Tan អតីតនគរបាលវៀតណាមដែលម្តាយបានដុតសម្លាប់ខ្លួននៅខែកក្ដដាកន្លងទៅ បានត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ១០ឆ្នាំ ហើយនិងជាប់ឃុំឃាំង៣ឆ្នាំបន្ថែមទៀតនៅក្នុងគេហដ្ឋាន។
ចំណែកឯលោក Phan Thanh Hai ដែលបានទទួលស្គាល់កំហុសរបស់ខ្លួន នាឱកាសជំនុំកាត់ក្តី ដែលមានរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះនៅព្រឹកថ្ងៃចន្ទនេះ បានត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ៤ឆ្នាំ ហើយនិងជាប់ឃុំឃាំង៣ឆ្នាំបន្ថែមទៀតនៅក្នុងគេហដ្ឋាន។
គួរកត់សម្គាល់ពីការឆ្លើយការពារខ្លួនរបស់ លោក Nguyen Van Hai ឬ Dieu Cay ដែលបានឆ្លើយថា “ខ្ញុំពុំដែលប្រឆាំងនឹងរដ្ឋវៀតណាមឡើយ ប៉ុន្តែខ្ញុំសម្ដែងការពុំពេញចិត្តនឹងអំពើអយុត្តិធម៌ អំពើពុករលួយ ទង្វើផ្តាច់ការ ដែលពុំតំណាងរដ្ឋវៀតណាមឡើយ ប៉ុន្តែវាជាទង្វើរបស់ជនមួយក្រុម”។
“ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ”។ នេះជាសេចក្តីថ្លែងប្រកាសរបស់ លោក Nguyen Van Hai មុននឹងសំឡេងរបស់គាត់ ដែលបានត្រូវរៀបចំផ្សាយបន្តសម្រាប់អ្នកកាសែតនិងអ្នកការទូត បានត្រូវគេកាត់ផ្តាច់។
រីឯលោកចៅក្រមNguyen Phi Long យល់ថា ជនជាប់ចោទបានឆ្លៀតយកប្រជាប្រិយភាពរបស់ខ្លួនមកសរសេរអត្ថបទផ្សាយតាមអ៊ិនធ័រណែតដើម្បីវាយប្រហារទៅលើអ្នកដឹកនាំ ទិតៀនបក្ស ហើយនិងបំផ្លាញសេចក្តីទុកចិត្តរបស់ប្រជាជនមកលើរដ្ឋ”។
ចំណែកឯលោកប្រធានាធិបតីអាមេរិក បារ៉ាក់អូបាម៉ា ដែលធ្លាប់បាននៅខែឧសភាកន្លងទៅ រំលឹកដល់ករណី លោក Nguyen Van Hai ឬ Dieu Cay បានថ្លែងថា “យើងពុំត្រូវភ្លេចអ្នកកាសែតដូចជាករណីរបស់ លោក Nguyen Van Hai ឬ Dieu Cay ដែលបានត្រូវគេចាប់ឃុំខ្លួននៅឆ្នាំ២០០៨ នៅខណៈពេលដែលមានការបង្ក្រាបនៅក្នុងប្រទេសវៀតណាម ប្រឆាំងនឹងអ្នកកាសែត”។
សូមបញ្ជាក់ថា ក្រុមអ្នកការពារសិទ្ធិមនុស្សមានដូចជា Human Rights Watch និង Amnesty International បានធ្វើការទាមទារជាច្រើនលើកហើយ ឲ្យរបបគ្រប់គ្រងកុម្មុយនិស្តវៀតណាមដោះលែង Bloggers ឬ អ្នកសរសេរអត្ថបទតាមអ៊ីធ័រណែតវៀតណាមដែលជាអ្នកប្រឆាំងទាំងបីនាក់នេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ