ប្រទេសថៃធ្វើបត្យាប័ន បញ្ជូនឈ្មួញលក់អាវុធជាតិរុស្ស៊ីទៅឲ្យអាមេរិក
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
បន្ទាប់ពីចំណាយពេល ជាង២ឆ្នាំ ឈឺក្បាលលើសំណុំរឿងដ៏ចម្រូងចម្រាស រដ្ឋាភិបាលថៃបានសម្រេចបញ្ជូនឈ្មួញលក់អាវុធ ជនជាតិរុស្ស៊ី ទៅអាមេរិក ទៅតាមការទាមទារឲ្យធ្វើបត្យាប័នពីរដ្ឋបាលលោកអូបាម៉ា។ នៅរសៀលថ្ងៃអង្គារនេះ Viktor Boutត្រូវក្រៀកដំណើរដោយប៉ូលិសថៃ ចូលទៅក្នុងយន្តហោះពិសេសមួយសំដៅទឹកដីអាមេរិក។ តុលាការអាមេរិកដែលចង់យក ឈ្មួញលក់អាវុធ ជនជាតិរុស្ស៊ី ទៅកាត់ទោស ពីបទលក់អាវុធខុសច្បាប់ ទៅឲ្យបណ្តាអង្គការភេរវនិយមក្នុងពិភពលោក។
សេចក្តី រាយការណ៍របស់ឈាង បុប្ផា
Viktor Bout ដែលគេដាក់ឈ្មោះថា ជាឈ្មួញមរណៈ បានចាកចេញពីទឹកដីថៃ នៅម៉ោងមួយ រសៀលថ្ងៃអង្គារនេះ។ ប្រតិបត្តិការធ្វើបត្យាប័ន Viktor Bout ត្រូវបានធ្វើឡើងបែបបន្ទាន់ និងក្រោមការយាមដ៏តឹងរ៉ឹងពីប៉ូលិសជាតិថៃ។ ពោលគឺបន្ទាប់ពី ខុទ្ទកាល័យនាយករដ្ឋមន្រ្តីថៃ ចុះហត្ថលេខាបញ្ជូនចេញភ្លាម Viktor Bout ត្រូវបានដឹកចេញពីពន្ធនាគារ មកទីស្នាក់ការអន្តោប្រវេសន៍ និងបន្ទាប់មក ត្រូវគេប្រគល់ទៅឲ្យប៉ូលិសអាមេរិកដែលកំពុងរង់ចាំ ក្នុងយន្តហោះធ្វើដំណើរពិសេស។ សូម្បីភរិយារបស់ជនជាប់ចោទក៏មិនមានឱកាសបាននិយាយពាក្យចុងក្រោយទៅកាន់ប្តីរបស់ខ្លួនដែរ។ មេធាវី Viktor Bout បាននិយាយថា គេពិបាកនឹងនិយាយការពារ នៅពេលViktor Bout ត្រូវគេបញ្ជូនទៅដល់ទឹកដីអាមេរិក។
នៅពេលនេះ រដ្ឋាភិបាលថៃបានប្រគល់ភារៈទៅឲ្យអាមេរិកជាអ្នកចាត់ចែងបន្តសំណុំរឿងឈ្មួញរត់ពន្ធអាវុធ និងដកដៃចេញពីសំណុំរឿងដែលបង្កឲ្យមានការថ្នាំងថ្នាក់ចិត្តខ្លាំងពីរុស្ស៊ី។ រុស្ស៊ីដែលធ្លាប់បានទាមទារឲ្យតុលាការថៃដោះលែង Viktor Bout បានរិះគន់ និងចាត់ទុកការបញ្ជូនជនជាតិរបស់ខ្លួនទៅអាមេរិកថា ជារឿងខុសច្បាប់។ រដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ីបានសន្យា នៅថ្ងៃនេះដែរថា នឹងចាត់គ្រប់វិធានការដើម្បីការពារតាមផ្លូវច្បាប់ប្រជាពលរដ្ឋរបស់ខ្លួន។
គួរដឹងថា ទីក្រុងម៉ូស្គូមិនចង់ឲ្យរដ្ឋាភិបាលក្រុងបាងកកប្រគល់ Viktor Bout ទៅឲ្យអាមេរិកទេ ព្រោះរុស្ស៊ីបារម្ភខ្លាច Viktor Bout និយាយទំលាយរឿងអាថ៌កំបាំងខ្លះដែលអាចពាក់ព័ន្ធនឹងរុស្ស៊ី។
Viktor Bout ឬឈ្មួញមរណៈត្រូវគេចាប់ខ្លួនបាន កាលពីឆ្នាំ ២០០៨ ក្នុងអំឡុងពេលដែល ប៉ូលិសសំងាត់អាមេរិក សហការជាមួយអាជ្ញាធរថៃ បានបន្លំខ្លួនធ្វើជាអតិថិជនទិញអាវុធសម្រាប់ទ័ពព្រៃFarc នៅប្រទេសកូឡុំប៊ី។ ប៉ុន្តែ នៅខែសីហាមុននេះ តុលាការថៃបានសម្រេចធ្វើបត្យាប័ន ឈ្មួញរត់ពន្ធអាវុធរុស្ស៊ី ទៅឲ្យអាមេរិក បន្ទាប់ពីខ្លួនមិនមានភស្តុតាងគ្រប់គ្រាន់ដើម្បីចោទពីបទលាងលុយកខ្វក់។
នៅអាមេរិក Viktor Bout អាយុ ៤៣ឆ្នាំ ដែលត្រូវអាមេរិកចោទពីបទលក់អាវុធ ទៅឲ្យអង្គការភេរវនិយម ជាពិសេសលក់ទៅឲ្យក្រុមទ័ពព្រៃ នៅអាហ្វ្រិក អាមេរិកខាងត្បូង និងនៅដើមបូព៌ា នឹងត្រូវប្រឈមមុខនឹងការផ្តន្ទាទោសឲ្យជាប់គុកអស់មួយជីវិត។ ប៉ុន្តែ Viktor Bout អតីតទាហានកងទ័ពអាកាសសូវៀតនៅតែនិយាយការពារខ្លួនថា ជាអ្នករកស៊ីត្រឹមត្រូវតាមច្បាប់ និងមិនដឹងលឺពីការលក់អាវុធអ្វីឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ