ពិភពអារ៉ាបថ្កោលទោសភាពយន្តប្រមាថសាសនាអ៊ីស្លាម អន្តរជាតិថ្កោលទោសអំពើហិង្សា
សហរដ្ឋអាមេរិក មិនដកខ្លួនចេញជាដាច់ខាត ! នេះជាការប្រកាសរបស់លោក ប្រធានាធិបតីអាមេរិក ក្នុងពេលដែល ពិភពអារ៉ាបទាំងមូលកំពុងផ្ទុះកំហឹង រាលដាលជាអំពើហិង្សានៅស្ទើរគ្រប់ជ្រុងនៃភពផែនដី ប្រឆាំងផលប្រយោជន៍អាមេរិក។ អាមេរិកដែលបានផលិតខ្សែភាពយន្តមានលក្ខណៈប្រមាថដោយចំហសាសនាអ៊ីស្លាម។ ពេលនេះអាមេរិកកំពុងពង្រឹងសុវត្ថិភាពនៅតាមស្ថានទូត និងស្ថានកុងស៊ុល ដោយបានបញ្ជូនទាហានជើងទឹក១០០នាក់ទៅយ៉េមែន និងលីប៊ី។ មន្ទីរបញ្ចកោណ ក៏អាចនឹងបញ្ជូនទាហានម៉ារីន ទៅកាន់ស៊ូដង់ដែរ។ បាតុកម្មប្រឆាំងនឹងភាពយន្តជេរប្រមាថសាសនាអ៊ីស្លាម នេះត្រូវសហគមន៍អន្តរជាតិ អង្គការសហប្រជាជាតិថ្កោលទោសគ្រប់គ្នាៗ និងអំពាវនាវឱ្យមានស្ងប់ស្ងាត់។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
តាំងពីក្រុងហ្សាការតា ដល់ក្រុងបាកដាដ ដោយឆ្លងកាត់ក្រុង ខាទុំ Khartoum និង ក្រុងណួកសុត Nouakchott ពិភពអារ៉ាបទាំងមូលកំពុងពុះកញ្ជ្រោលដោយកំហឹង នាំគ្នាធ្វើបាតុកម្ម នៅថ្ងៃសុក្រម្សិលមិញ ស្ទើរនៅគ្រប់ជ្រុងនៃពិភពលោក ប្រឆាំងនឹងខ្សែភាពយន្តផលិតនៅអាមេរិក « l'Innoncence des musulmans » ដែលមានលក្ខណៈជេរប្រមាថសាសនាអ៊ីស្លាម។
កំហឹងនាំដល់ហិង្សា និងការប៉ះទង្គិចគ្នារវាងក្រុមបាតុករនិងកងកម្លាំងរក្សាសន្តិសុខដាក់ពង្រាយដើម្បីការពារបេសកកជនអាមេរិក ដែលជាសរុបមានស្លាប់យ៉ាងហោចណាស់ ៧នាក់ ៖ បីនាក់នៅក្រុងខាទុំប្រទេសស៊ូដង់ ពីរនាក់នៅទុយនី ប្រទេសទុយនីស៊ី ម្នាក់នៅក្រុងគែរ ប្រទេសអេហ្ស៊ីប និងម្នាក់ទៀតនៅលីបង់។ ក៏មានការប៉ះទង្គិចគ្នាដែរនៅក្រុងស៊ីដនេ ប្រទេសអូស្ត្រាលី តាមរយៈការគប់ដប គប់ថ្មទៅលើកងកម្លាំងសន្តិសុខយាមកុងស៊ុលអាមេរិក។
អាមេរិក ដែលនឹងមិនដកខ្លួនថយជាដាច់ខាត នៅចំពោះមុខអំពើហិង្សា ! នេះជាប្រសាសន៍របស់លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីផុតអាណត្តិ នៅចំពោះមុខសាកសពឯកអគ្គរដ្ឋទូតអាមេរិក ស្លាប់នៅបិនហ្កាហ្ស៊ីប្រទេសលីប៊ីដោយស្នាដៃពួកអ៊ីស្លាមជ្រុលនិយម។ ទន្ទឹមនឹងការអំពាវនាវឱ្យមានភាពស្ងប់ស្ងាត់ចេះទប់កំហឹង អាមេរិកក៏បានបញ្ជូនយោធា (ទ័ពម៉ារីន) ប្រមាណមួយរយនាក់ទៅដាក់ពង្រាយនៅប្រទេស យ៉េមែន និង លីប៊ី បំរុងទុកជាស្រេច ក្នុងករណីបាតុករខឹងរាលដាលធ្វើផ្ទុះហេតុការណ៍ធ្ងន់ធ្ងរ។ នេះបើតាមការអះអាងរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក Leon Panetta។ យោធាជើងទឹក៥០នាក់ផ្សេងទៀត ក៏នឹងអាចបញ្ជូនទៅកាន់ប្រទេសស៊ូដង់ដែរប្រសិនបើចាំបាច់។
បាតុករអ៊ីស្លាមនាំគ្នាថ្កោលទោសការជេរប្រមាថសាសនា ចំណែកសហគមន៍អន្តរជាតិថ្កោលទោសអំពើហិង្សា។ សហភាពអឺរ៉ុបបានស្នើសុំឱ្យអាជ្ញាធរប្រទេសពាក់ព័ន្ធនឹងចលនាហិង្សាប្រឆាំងភាពយន្តអាមេរិកទាំងអស់ធានាឱ្យបានសុវត្ថិភាពអ្នកការទូតបរទេស ជាពិសេសអាមេរិក និងអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់អំពើហិង្សា រក្សាសន្តិភាពនិងការអត់ធ្មត់។ សំរាប់ក្រុមប្រឹក្សាសន្តិសុខវិញ សមាជិកអចិន្ត្រៃយ៍ និងមិនអចិន្ត្រៃយ៍ទាំង១៥ប្រទេសបានអនុម័តថ្កោលទោសយ៉ាងចាស់ដៃទង្វើហិង្សាទាំងនោះថា មិនសមហេតុផល និងបានរំលឹកឱ្យម្ចាស់ផ្ទះទាំងឡាយគោរពកាតព្វកិច្ច និងគោលការណ៍ជាមូលដ្ឋាន រក្សាការពារ បុគ្គលិក មន្ត្រី និងអចលនទ្រព្យរបស់ស្ថានទូតនិងស្ថានកុងស៊ុល៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ