ទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល នៅក្រុងម៉ូស្គូ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
បើគោលដៅចំបងចោទដោយលោកNetanyahu គឺបញ្ហាទំនាក់ទំនងទ្វេភាគីជាមួយរុស្ស៊ី នៅតាមទិសឲ្យរុស្ស៊ីចូលរួមក្នុងការជីកបូមឧស្ម័នដែលមានរកឃើញ នៅតាមបាតឆ្នេរសមុទ្រអ៊ីស្រាអែល នោះសម្រាប់រុស្ស៊ីវិញ គឺឆ្លៀតឱកាសនេះដើរជាថ្មីតួនាទីខ្លួន ជាអន្តរការីជួយដោះស្រាយអធិករណ៍រ៉ាំរ៉ៃ រវាងគូសត្រូវប៉ាឡេស្ទីន-អ៊ីស្រាអែល។ ជាពិសេស ទាំងមេដឹកនាំរដ្ឋអំណាចប៉ាឡេស្ទីនលោក Abbas ក៏កំពុងស្ថិតនៅម៉ូស្គូដែរ។
សេចក្តីរាយការណ៍របស់ កែវ ឆាយា ពីទីក្រុងម៉ូស្គូ
មូលហេតុមួយនៃការធ្វើដំណើរលើកនេះ របស់លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Netanyahu មកកាន់ក្រុងម៉ូស្គូ គឺដើម្បីលើកឡើងវិញទំនាក់ទំនងជាមួយរុស្ស៊ីក្នុងជាន់ថ្នាក់កំពូល ក្រោយពីលោកប្រធានាធិបតីរុស្ស៊ី Medvedev មិនបានបំពេញបានដូចចិត្តឯណា ទស្សនកិច្ចដែលមានគ្រោងប្រព្រឹត្តទៅនៅអ៊ីស្រាអែល កាលពីខែមករាឆ្នាំនេះ ដោយមកពីបុគ្គលិកក្រសួងការបរទេសអ៊ីស្រាអែលកាលណោះ បានធ្វើកូដកម្មទាមទារដំឡើងប្រាក់ខែ ហើយគ្មាននរណារៀបចំពិធីការសំរាប់ទទួលភ្ញៀវជាន់ខ្ពស់រុស្ស៊ី។
ក្នុងក្របខ័ណ្ឌនៃទស្សនកិច្ចការងារ ដែលប្រព្រឹត្តទៅតែមួយថ្ងៃនេះគត់ លោក Netanyahu ត្រូវជួបចរចាជាមួយលោកនាយករដ្ឋមន្ត្រី Pouutineផង លោកប្រធានាធិបតី Medvedevផង។
នាកិច្ចចរចាជាមួយលោកនាយករដ្ឋមន្ត្រីរុស្ស៊ី Pouutine តាមដែលកាសែតក្រុងម៉ូស្គូ លេខថ្ងៃនេះ ចុះផ្សាយឲ្យដឹង លោក Netanyahuនឹងផ្តោតការយកចិត្តទុកដាក់ទៅលើបញ្ហាទាក់ទាញរុស្ស៊ីដែលសម្បូណ៌ពិសោធន៍ខាងជីកបូមឧស្ម័ន ឲ្យចូលរួមក្នុងការជីកបូមនេះ ពីអណ្តូងឧស្ម័ន ដែលមានរកឃើញតាំងពីប៉ុន្មានឆ្នាំមុនម៉្លេះ នៅតាមបាតសមុទ្របណ្តោយឆ្នេរប្រទេសអ៊ីស្រាអែល ក្នុងសមុទ្រមេឌីទែរ៉ាណេ។ សាច់រឿង គឺអំពីការតថ្លៃគ្នាជុំវិញទំហំប្រាក់ពន្ធ ដែលក្រុមហ៊ុនរុស្ស៊ីត្រូវបង់ទៅក្នុងថវិកាអ៊ីស្រាអែល ចំពោះអាជីវកម្មនេះ ពីព្រោះភាគីអ៊ីស្រាអែលរមែងទារឲ្យបង់ពន្ធនោះខ្ពស់ជ្រុល ទាល់តែក្រុមហ៊ុនរុស្ស៊ីគ្មានផលប្រយោជន៍ធ្វើការជីកបូមឧស្ម័ននោះឡើយ។
រីឯនៅពេលទទួលជួបលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Netanyahu តាមដែលវិមានក្រេមឡាំងប្រកាសឲ្យដឹង លោកប្រធានាធិបតីរុស្ស៊ី Medvedev នឹងសង្កត់ធ្ងន់ទៅលើតួនាទីរុស្ស៊ី ជាអន្តរការីមួយ ក្នុងការរៀបរយអធិករណ៍រ៉ាំរ៉ៃ រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ក្នុងផ្ទៃនៃព្រឹត្តិការណ៍ដែលកំពុងបោកកញ្ជ្រោកនៅតំបន់ដើមបូព៌ា និងនៅទ្វីបអាហ្វ្រិកខាងជើងជាពិសេសនៅប្រទេសលីប៊ី។ ពួកនយោបាយវិទូ នៅទីនេះ កត់សំគាល់ថា ឥឡូវជាឱកាសល្អសម្រាប់រុស្ស៊ីដើរតួនេះ កាលដែលអន្តរការី៣ទៀត ពោលគឺស.រ.អា សហភាពអឺរ៉ុប និង អ.ស.ប.កំពុងជាប់ដៃរវល់នឹងស្ថានការណ៍នៅលីប៊ី។
ក្នុងដំណោះស្រាយនេះ ទីក្រុងម៉ូស្គូបានបញ្ជាក់ជាថ្មី ពីគោលជំហរខ្លួនដូចតទៅ គឺថា ៖
- សំរាប់អ៊ីស្រាអែល គឺត្រូវបញ្ឈប់ការសាងសង់ភូមិដ្ឋានអាណានិគមJuif នៅលើទឹកដីប៉ាឡេស្ទីន
- សំរាប់ប៉ាឡេស្ទីន គឺកុំអាលប្រកាសជាឯកតោភាគីអីនូវ “រដ្ឋប៉ាឡេស្ទីនឯករាជ្យ” ដរាបណាដែលកិច្ចចរចាជាមួយអ៊ីស្រាអែលពុំទាន់ចប់សព្វគ្រប់នៅឡើយ ហើយរដ្ឋបែបនេះ នៅមិនទាន់ទទួលស្គាល់ដោយមហាសន្និបាតអង្គការសហប្រជាជាតិទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ