អាមេរិក-ជ៉ុន

ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​​ការពារជាតិ​អាមេរិកាំងនៅជប៉ុន

រដ្ឋមន្ត្រី​ក្រសួងការពារជាតិអាមេរិកាំង Leon Panetta នៅមូលដ្ឋានកងទ័ពជើងអាកាសជប៉ុន Yokota ជាយទីក្រុង​Tokyo​ថ្ងៃទី​២៤​តុលា​២០១១។
រដ្ឋមន្ត្រី​ក្រសួងការពារជាតិអាមេរិកាំង Leon Panetta នៅមូលដ្ឋានកងទ័ពជើងអាកាសជប៉ុន Yokota ជាយទីក្រុង​Tokyo​ថ្ងៃទី​២៤​តុលា​២០១១។ REUTERS/Yuriko Nakao

លោក​​រដ្ឋមន្រ្តី​​ក្រសួង​​ការពារ​​ជាតិ​​អាមេរិកាំង ​Leon Panetta ​បាន​​ទៅ​​ដល់​​ប្រទេស​​ជប៉ុន​​នៅ​​ថ្ងៃ​​ចន្ទ​​ទី​​២៤​​តុលា​​នេះ​ ដើម្បី​​បំពេញ​​ទស្សនកិច្ច​​ចំនួន​​ពី​រ​​ថ្ងៃ។​ លោក ​​Panetta​ បាន​​បញ្ជាក់​​ជា​​ថ្មី​​ថា​ សហរដ្ឋ​អាមេរិក​​នឹង​​បន្ត​​ធានា​​ការពារ​​សន្តិសុខ​​របស់​​ប្រទេស​​ជប៉ុន​​ត​​ទៅ​​ទៀត។​ 

ផ្សាយពាណិជ្ជកម្ម

«គោលដៅ​នៃ​ទស្សនកិច្ច​របស់​ខ្ញុំ គឺ​បញ្ជាក់​ប្រាប់​ប្រទេស​ជប៉ុន​ជា​ថ្មី​ថា សហរដ្ឋអាមេរិក​នៅ​តែ​ជា​មហា​អំណាច​នៃ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក»។ នេះ​គឺ​ជា​សំដី​របស់​លោក​Leon Panetta នៅ​ចំពោះ​​មុខ​អ្នក​កាសែត ពេល​ដែល​លោក​បាន​ទៅ​ដល់​មូលដ្ឋាន​យោធា​អាមេរិកាំង នៅ​Yokota ប៉ែក​ខាង​លិច​នៃ​ទីក្រុង​តូក្យូ។

លោក​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​អាមេរិកាំង​បាន​បន្ថែម​ថា«សហរដ្ឋអាមេរិក​នឹង​បន្ត​ពង្រឹង​វត្តមាន​របស់​ខ្លួន​នៅ​ក្នុង​តំបន់​ត​ទៅ​ទៀត»។ សារ​របស់​លោក​Panetta មាន​គោលដៅ​ពីរ។ ទីមួយ គឺ​ធ្វើ​ឲ្យ​ជប៉ុន​ដែល​ជា​សម្ព័ន្ធមិត្ត​មាន​ការ​កក់​ក្តៅ​ក្នុង​ចិត្ត។

ទីពីរ គឺ​បញ្ជាក់​ប្រាប់​ប្រទេស​ចិន​និង​កូរ៉េ​ខាង​ជើង ថា​សហរដ្ឋអាមេរិក​នឹង​បន្ត​ធានា​ការពារ​សន្តិសុខ​​នៃ​ប្រទេស​មិត្ត​របស់​ខ្លួន​ត​ទៅ​ទៀត។ សូម​ជម្រាប​ថា កងទ័ព​អាមេរិកាំង​ដែល​ឈរ​ជើង​នៅ​ប្រទេស​ជប៉ុន​មាន​ចំនួន​ប្រមាណ​៥០ ០០០​នាក់ ហើយ​បើ​បូក​សរុប​ទាំង​អស់ ទាហាន​អាមេរិកាំង​ដែល​ប្រចាំ​ការ​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​មាន​ចំនួន​៨ ៥០០០​នាក់។

លោក​Panetta ត្រូវ​ជួប​ជាមួយ​លោក​នាយករដ្ឋមន្រ្តី លោក​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ និង​លោក​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស នៃ​ប្រទេស​ជប៉ុន។ ជាមួយ​ភាគី​ជប៉ុន លោក​Panetta​ត្រូវ​លើក​ឡើង​អំពី​ប្រព័ន្ធ​ខែល​មីស្ស៊ីល​ប្រឆាំង​មីស្ស៊ីល និង​បញ្ហា​កម្មវិធី​នុយក្លែអ៊ែរ​របស់​កូរ៉េ​ខាង​ជើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI