រុស្ស៊ី-ម៉ុងហ្គោលី

ទស្សនកិច្ច​លោក​ប្រធានាធិបតី​ម៉ុងហ្គោលី Elbegdorj នៅ​រុស្ស៊ី

លោក​ប្រធានាធិបតី​ម៉ុងហ្គោលី (ឆ្វេង) និង​ប្រធានាធិបតី​រុស្ស៊ី ថ្ងៃ​ទី ៣១ ឧសភា ២០១១
លោក​ប្រធានាធិបតី​ម៉ុងហ្គោលី (ឆ្វេង) និង​ប្រធានាធិបតី​រុស្ស៊ី ថ្ងៃ​ទី ៣១ ឧសភា ២០១១ © Reuters

នា​កិច្ចចរចា​ថ្ងៃនេះ នៅម៉ូស្គូ ជាមួយ​លោក​ប្រធានាធិបតី​រុស្ស៊ី Medvedev សាច់​រឿង គឺ​អំពី​បញ្ហា​សេដ្ឋកិច្ច ជាពិសេស​គឺ​វិស័យ​រ៉ែ​អ៊ុយរ៉ានីញ៉ូម។ រ៉ែ​ដែល​មាន​យ៉ាង​សម្បូណ៌ នៅ​លើ​ទឹក​ដី​ម៉ុងហ្គោលី ព្រម​ទាំង​ការ​កែ​ឲ្យ​ទំនើប​ឡើង បណ្តាញ​ផ្លូវ​ដែក​នៅ​ម៉ុងហ្គោលី ក៏ដូច ជា​បញ្ហា​ផ្តល់​ឥណទាន​ថ្មី​ឲ្យ​ម៉ុងហ្គោលី​ខ្ចី។ បញ្ហា​អន្តរជាតិ ក៏​ស្ថិត​នៅ​ក្នុង​របៀប​វារៈ​ប្រចាំ​ថ្ងៃ​ដែរ។

ផ្សាយពាណិជ្ជកម្ម

 

ជា​បឋម​ខាង​វិស័យ​រ៉ែ​អ៊ុយរ៉ានីញ៉ូម ៖ ប្រមុខ​រដ្ឋ​រុស្ស៊ី​និង​ម៉ុងហ្គោលី ធ្វើការ​ពិភាក្សា​ទៅ​លើ​ការបង្កើត​ឡើង​ជា​ក្រុមហ៊ុន​ចម្រុះ ខាង​ស្វែង​រុក​រក​ខាង​ជីក​យក និង​ខាង​សម្រិតសម្រាំង​រ៉ែ​អ៊ុយរ៉ានីញ៉ូម គឺ​ក្នុង​បរិបទ​នៃ​ការជួយ​ជ្រោមជ្រែង ពី​ខាង​រុស្ស៊ី​ដល់​ការ​អភិវឌ្ឍន៍​ឧស្សាហកម្ម​ធាតុ​អ៊ុយរ៉ានីញ៉ូម​នៅ​ម៉ុងហ្គោលី។ រ៉ែអ៊ុយរ៉ានីញ៉ូម​ដែល​បង្កប់​ក្នុង​ដី​ម៉ុងហ្គោលី ត្រូវ​គេ​ប្រមាណ​ឃើញ ក្នុង​ទំហំ ៣០.០០០​តោន។

សម្រាប់​បង្កើត​ក្រុមហ៊ុន​ចម្រុះ​នេះ រុស្ស៊ី​បាន​ផ្តល់​ប្រាក់​ឲ្យ​ម៉ុងហ្គោលី​ខ្ចី ១៧២​លាន​ដុល្លារ​អាមេរិក ដើម្បី​បង់​ថ្លែ​ហ៊ុន​៥១% ជា​ចំណែក​របស់​ម៉ុងហ្គោលី។ រួច​ពេល​ដែល លោក​នាយក​រដ្ឋមន្ត្រី​រុស្ស៊ី ពូទីន បំពេញ​ទស្សនកិច្ច​នៅ​ម៉ុងហ្គោលី កាលពី​ខែ​ធ្នូ​ឆ្នាំ​ទៅ​មិញ ក៏​មាន​ចុះ​ជា​កិច្ចព្រមព្រៀង​កាត់​បំណុល​នោះ​អស់​៩៧,៨% លុះ​នៅ​សល់​តែ​៣​លាន​៨​សែន​ដុល្លារ ដែល​ម៉ុងហ្គោលី ត្រូវ​សង​មក​រុស្ស៊ី​វិញ។ ​មិន​តែ​ប៉ុណ្ណោះ រុស្ស៊ី​បាន​សន្យា​ផ្តល់​ឲ្យ​ម៉ុងហ្គោលី​ខ្ចី ១២៥​លាន​ដុល្លារ​ទៀត ៖ ពិត​ជា​បញ្ហា​នេះ​ឯង ដែល​ជា​កម្មវត្ថុ​មួយ​ដែរ​នៃ​កិច្ចចរចា​ថ្ងៃ​នេះ។

ដោយហេតុថា ប្រទេស​ម៉ុងហ្គោលី គ្មាន​ច្រក​ចេញ​ទៅ​សមុទ្រ រុស្ស៊ី​នឹង​ជួយ​សង់​បណ្តាញ​ផ្លូវ​ដែក​ថ្មីៗ សម្រាប់​ម៉ុងហ្គោលី​មាន​លទ្ធភាព​នាំ​ផលិតផល​រ៉ែ​សព្វ​បែប​យ៉ាង​របស់​ខ្លួន ចេញ​ទៅ​ក្រៅ ដោយ​ឆ្លង​កាត់​តាម​ដែនដី​រុស្ស៊ី ទៅ​កាន់​ផែ​សមុទ្រ នៅ​តំបន់​ចុង​បូព៌ា​រុស្ស៊ី។ ក្នុង​គោលដៅ​នេះ រុស្ស៊ី​នឹង​លក់​ទៅ​ឲ្យ​ម៉ុងហ្គោលី គឺ​ក្បាល​រទេះភ្លើង មាន​កម្លាំង​ខ្លាំង។

តាម​ការ​ឲ្យ​ដឹង​នៃ​វិមាន​ក្រេមឡាំង ពេល​ពិភាក្សា​បញ្ហា​អន្តរជាតិ គូ​ភាគី​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ស្ថានការណ៍​នៅ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក ដោយ​រុស្ស៊ី​សន្យា​គាំទ្រ​ឲ្យ​ម៉ុងហ្គោលី បាន​ចូល​ជា​សមាជិក​នៃ​អង្គការ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​តំបន់​នេះ ហៅ​កាត់​ថា APEC រួច​ម៉ុងហ្គោលី ពី​ចំណែក​ខ្លួន​វិញ គឺ​គាំទ្រ​ឲ្យ​រុស្ស៊ី​បាន​ចូល​ជា​សមាជិក​“អង្គការ​ពាណិជ្ជកម្ម​ពិភពលោក” ​ហៅ​ថា WTO។

ជាតុល្យាការ​កិច្ចចរចា​ថ្ងៃ​នេះ ទន្ទឹម​នឹង​ការ​ចុះ​ឯកសារ​សេដ្ឋកិច្ច​ទ្វេ​ភាគី​មួយ​ចំនួន ប្រមុខ​រដ្ឋ​ទាំងពីរ ក៏​នឹង​ចេញ “សេចក្តី​ថ្លែង​ការណ៍​រួម​នយោបាយ រុស្ស៊ី-ម៉ុងហ្គោលី”៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI