រុស្ស៊ី-អ៊ីស្រាអែល

ប្រធានាធិបតី​រុស្ស៊ី បាន​ផ្តើម​ទស្សនកិច្ច​នៅអ៊ីស្រាអែល

រដ្ឋមន្ត្រី​ក្រសួងការបរទេស​អ៊ីស្រាអែល​លោក​ Avigdor Lieberman(ឆ្វេងទីពីរ)​កំពុងស្តាប់​លោកប្រធានាធិបតីរុស្ស៊ី​​ពូទីន​ក្នុងពិធីសម្ពោធ​មួយនៅ​អ៊ីស្រាអែល​២៥មិថុនា២០១២​
រដ្ឋមន្ត្រី​ក្រសួងការបរទេស​អ៊ីស្រាអែល​លោក​ Avigdor Lieberman(ឆ្វេងទីពីរ)​កំពុងស្តាប់​លោកប្រធានាធិបតីរុស្ស៊ី​​ពូទីន​ក្នុងពិធីសម្ពោធ​មួយនៅ​អ៊ីស្រាអែល​២៥មិថុនា២០១២​ REUTERS/Jack Guez

អ៊ីស្រាអែល​ដែល​លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន​ បាន​អញ្ជើញ​ទៅ​ដល់​ថ្ងៃ​នេះ​ក្រោយ​ពី​អាក់​ខាន​អស់​៧​ឆ្នាំ​មក​ ជា​ដំណាក់​ទី​១​នៃ​ទស្សនកិច្ច​របស់​គាត់​ ដ្បិត​ស្អែក​គាត់​នឹង​បន្ត​ដំណើរ​ទៅ​កាន់​ ប៉ាឡេស្ទីន​ និង​​រាជាណាចក្រ​ហ្ស័កដានី។​​ ទស្សនកិច្ច​នេះ​​ ​ស​ឲ្យ​ឃើ​ញ​ថា​ម៉ូស្គូ​ សកម្ម​ជា​ថ្មី​នយោបាយ​បរទេស​របស់​ខ្លួន​នៅ​តំបន់​ដើម​បូព៌ា​ក្រោយពី​លោក​ពូទីន​ត្រឡប់​ទៅ​កាន់​​អំណាច​​កំពូល​​នៅ​វិមាន​ក្រេមឡាំង​វិញ​កាល​ពី​១​ខែ​កន្លះ​មុន។​

ផ្សាយពាណិជ្ជកម្ម

ដោយ​ហេតុ​ថា ​កម្ម​វិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ជា​ក្តី​កង្វល់​ធំ​បំផុត​រ​បស់​អ៊ីស្រាអែល​ បាន​ជា​តាំង​ពី​មុន​ផ្តើម​​ធ្វើ​កិច្ចចរចា​ថ្ងៃ​នេះ ​ជា​មួយ​លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន​ លោក​​នាយក​រដ្ឋមន្ត្រី​​ អ៊ីស្រាអែល​ Netanyahou ​ថ្លែង​ថា​អ៊ីរ៉ង់​ត្រូវតែ​បញ្ឈប់​ទាំង​ស្រុង​ការ​ផលិត​ធាតុ​នុយក្លេអ៊ែរ​ ហើយ ដឹកធាតុនេះ ចេញឲ្យអស់តែម្តងពីអ៊ីរ៉ង់។

ជាការរំលឹក ក្នុងជំនួបទ្វេភាគី ពេលថ្មីៗ ជាមួយលោកប្រធានាធិបតីអាមេរិកអូបាម៉ា លោក​ពូទីន​ បានបញ្ជាក់ពីគោលជំហររុស្ស៊ី ដែលថា អ៊ីរ៉ង់មានសិទ្ធិ​ អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​សម្រាប់គោលដៅស៊ីវិលប៉ុន្តែ​ដោយ​ស្ថិត​នៅក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង របស់​”ទីភ្នាក់ងារ​ អន្តរជាតិខាងថាមពលបរមាណូ” AIEA។

អាទិភាពទស្សនកិច្ចលោកពូទីន ក៏សំដៅ ស្តារឡើងវិញ កិច្ចចរចាអ៊ីស្រាអែល-ប៉ាឡេស្ទីន ក្នុងលក្ខណៈដែល ភាគីអ៊ីស្រាអែលត្រូវឈប់សាងសង់ ភូមិករសម្រាប់អាណានិគមជន Juif នៅលើដែនដីប៉ាឡេស្ទីន ហើយភាគីប៉ាឡេស្ទីន ត្រូវបញ្ចៀសកុំឲ្យមានអំពើភេរវកម្មប្រព្រឹត្ត ចេញ ពីដែនដីប៉ាឡេស្ទីន ទៅលើអ៊ីស្រាអែល។

លោកពូទីន និងលោក Netanyahou ក៏ ធ្វើការផ្លាស់ប្តូរមតិយ៉ាងល្អិតល្អន់ ជុំវិញចង្កោមនៃ សហប្រតិបត្តិការរុស្ស៊ី-អ៊ីស្រាអែល លើវិស័យថាមពល ទូរគមនាគមន៍ បច្ចេកវិជ្ជាឈានមុខ អវកាស ឧទាហរណ៍ តាំងពីឆ្នាំ១៩៩៥មក រុស្ស៊ីបានបង្ហោះ សាតេលីតរបស់ អ៊ីស្រាអែល បាន ៧គ្រឿងទៅហើយ។ ខាងវិស័យសេដ្ឋកិច្ច គូភាគី សោមនស្សដូចគ្នា ដោយឃើញទំហំ ពាណិជ្ជកម្ម​​របស់ខ្លួន ក្នុងឆ្នាំ២០១១កន្លងទៅ បានកើនឡើង១០,៥% បើប្រៀបទៅ​នឹង​១​ឆ្នាំ​មុន​ លុះដល់ទឹកប្រាក់ ជិត៣.០០០លានដុល្លារអាមេរិកឯណោះ។

ថ្ងៃនេះ ក្នុងក្របខ័ណ្ឌទស្សនកិច្ចខ្លួន លោកពូទីន បានសម្ពោធយ៉ាងឱឡារិក ដោយរួមជាមួយ លោកប្រធានាធិបតីអ៊ីស្រាអែល Peres គឺ រូបសំណាកជាកិត្តិយស​ដល់ជ័យ​ជំនះ​កងទ័ព​ក្រហម​ របស់សហភាពសូវៀត លើប្រទេសអាល្លឺម៉ង់ណាស៊ីនិយម របស់ហ៊ីត្លែរ។

ព្រឹកស្អែក លោកប្រធានាធិបតីរុស្ស៊ីពូទីន នឹងជួបចរចា ជាមួយលោកប្រធាន​រដ្ឋបាល​ប៉ាឡេស្ទីន​ Mahmud Abbas រួចនៅពេល រសៀលស្អែក គឺជាមួយ ព្រះចៅហ្ស័កដានី Abd Allah –II ក្រោម បាវចនា ឆ្ពោះទៅចាក់ឫសសន្តិភាព ឲ្យបានស្ថិតស្ថេរ នៅតំបន់ដើមបូព៌ា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI