ទស្សនកិច្ចប្រមុខការទូតបារាំង នៅអាហ្វ្រិកកណ្តាល
រដ្ឋមន្ត្រីការបរទេសបារាំង Laurent Fabius បានបំពេញទស្សនកិច្ចនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល នៅថ្ងៃអាទិត្យនេះ ដើម្បីបន្តគោលដៅបារាំងក្នុងការទាក់ទាញសហគមន៍អន្តរជាតិអោយចាប់អារម្មណ៍លើវិបត្តិសន្តិសុខ និងមនុស្សធម៌ដែលកំពុងតែវាយប្រហារប្រទេសមួយនេះ។ ទស្សនកិច្ចរបស់ប្រមុខការទូតបារាំងធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអង្គការសហប្រជាជាតិបានបោះឆ្នោតលើសេចក្តីសំរេចស្នើឡើងដោយរដ្ឋាភិបាលបារាំង អោយអង្គការសហប្រជាជាតិពង្រឹងវត្តមានខ្លួននៅអាហ្វ្រិកកណ្តាល និងបញ្ជូនកងទ័ពមួកខៀវទៅអាហ្វ្រិកកណ្តាល ក្នុងពេលខាងមុខ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ក្នុងទស្សនកិច្ចនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាលនៅថ្ងៃអាទិត្យនេះ លោក Laurent Fabius រដ្ឋមន្ត្រីការបរទេសបារាំង ជួបជាមួយប្រធានាធិបតីបណ្តោះអាសន្ន Michel Djotodia នាយករដ្ឋមន្ត្រី Nicolas Tiangaye និងប្រធានក្រុមប្រឹក្សាជាតិអន្តរកាល Alexandre-Ferdinand N’Guendet។ លោក Laurent Fabius និងពិភាក្សាជាមួយប្រមុខដឹកនាំនយោបាយទាំងអស់នេះ ពីស្ថានភាពសន្តិសុខ និងប្រក្រតិទិនបោះឆ្នោត ដែលរដ្ឋាភិបាលបណ្តោះអាសន្នអាហ្វ្រិកកណ្តាលត្រូវតែគោរព។ ប្រក្រតិទិននេះ ចែងថា រដ្ឋាភិបាលអន្តរកាលមានរយៈពេលគ្រប់គ្រងប្រទេស១៨ខែ មុនពេលបោះឆ្នោត។
ប្រមុខការទូតបារាំងចង់ទាក់ទាញការចាប់អារម្មណ៍ពីសហគមន៍អន្តរជាតិ ទៅលើប្រទេសអាហ្វ្រិកដែលកំពុងស្ថិតក្បែរជ្រោះមហន្តរាយមួយនេះ។ គួររំលឹកថា សាធារណរដ្ឋអាហ្វ្រិកកណ្តាលកំពុងស្ថិតក្នុងនយោបាយអន្តរកាល បន្ទាប់ពីសម្ព័ន្ធក្រុមឧទ្ទាមឈ្មោះថា សេឡេកា Séléka បានផ្តួលអតីតប្រធានាធិបតី François Bozizéមក។ ប្រធានាធិបតី Djotodia បច្ចុប្បន្ន គឺជាប្រធានអតីតសម្ព័ន្ធក្រុមឧទ្ទាមសេឡេកានេះឯង ហើយនៅពេលនេះ លោកបានព្យាយាមស្ថិតនៅឆ្ងាយពីសម្ព័ន្ធឧទ្ទាមនេះ។
ជាច្រើនឆ្នាំមកនេះ អសន្តិសុខ និងវិបត្តិមនុស្សធម៌ ដូចជាការឆក់ប្លន់ ឃាតកម្ម ការរំលោភផ្លូវភេទជាដើមនោះ បានវាយប្រហារសាធារណរដ្ឋអាហ្វ្រិកកណ្តាល ជំរុញអោយប្រជាជន៤សែននាក់ភៀសខ្លួន។ ប្រជាជនមួយភាគបី នៃប្រជាជនសរុបជិតបួនលានកន្លះ កំពុងត្រូវការជំនួយមនុស្សធម៌បន្ទាន់។
ប្រមុខការទូតបារាំង Laurent Fabius ចង់អោយសហគមន៍អន្តរជាតិទាំងមូល ចូលរួមដោះស្រាយបញ្ហានៅអាហ្វ្រិកកណ្តាល។ បារាំងមិនចង់ចេញមុខតែម្នាក់ឯង ក្នុងការដោះស្រាយនោះទេ។
កាលពីប៉ុន្មានថ្ងៃមុននេះ អង្គការសហប្រជាជាតិបានបោះឆ្នោតលើសេចក្តីសំរេចស្នើឡើងដោយរដ្ឋាភិបាលបារាំង អោយមានការបញ្ជូនកងទ័ពមួកខៀវទៅអាហ្វ្រិកកណ្តាល ក្នុងដំណើរប្រត្តិបត្តិការការពារសន្តិភាព។
ដោយឡែក នៅភាគពាយព្យអាហ្វ្រិកកណ្តាល ការប្រឈមរវាងអតីតសម្ព័ន្ធឧទ្ទាមសេឡេកា និងក្រុមប្រដាប់អាវុធមួយ បានសម្លាប់មនុស្សប្រមាណ៥០នាក់ កាលពីថ្ងៃអង្គារដើមសប្តាហ៍នេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ