សម្ពាធតានតឹង នៃដំណើរទស្សនកិច្ច របស់ប្រធានាធិបតីប៉ាគីស្តង់នៅអឺរ៉ុប
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
បន្ទាប់ពីប៉ារីស នៅថ្ងៃពុធទី ៤ សីហា ស្អែកនេះ លោកប្រធានាធិបតីប៉ាគីស្តង់ អាស៊ីហ្វ អាលី ហ្សាដារី នឹងបន្តដំណើរទស្សនកិច្ចរបស់លោក នៅប្រទេសអង់គ្លេស។ សម្រាប់ក្រុងអ៊ីស្លាមាបាត ទស្សនកិច្ចនៅទីក្រុងឡុងដ៍ ប្រព្រឹត្តទៅក្រោមសម្ពាធមួយដ៏តានតឹង ដ្បិតនាយករដ្ឋមន្ត្រីអង់គ្លេស លោក ដេវីត កាមឺរ៉ូន ដែលលោក ហ្សាដារី នឹងត្រូវជួបសន្ទនា បានចោទប្រកាន់ប៉ាគីស្តង់ថា បានគាំទ្រពួកភេរវនិយមតាលីបង់។ ហើយពេលជួបជាមួយនឹងប្រធានាធិបតីបារាំង ក្រុងប៉ារីសនិងអ៊ីស្លាម៉ាបាត ហាក់ពុំមានពិភាក្សាលើសំណុំរឿងអ្វីជាដុំកំភួនទេ។
សេចក្តីរាយការណ៍របស់ អៀង សុខម៉ិញ
បារាំងប្រាថ្នាចង់ឃើញប៉ាគីស្តង់ ក្លាយជាភ្ញៀវដ៏ល្អមួយរបស់បារាំង មានកិច្ចសហប្រតិបត្តិការល្អ ដើម្បីសុវត្ថិភាពនុយក្លេអ៊ែរ និងជាអ្នកទទួលទិញបច្ចេកវិទ្យានុយក្លេអ៊ែរស៊ីវិល ដែលប្រទេសបារាំងជាអ្នកនាំចេញដ៏ធំមួយ។ យោងតាមអ្នកនាំពាក្យបារាំង លោក នីកូឡា សាកូហ្ស៊ី ប្រធានាធិបតីបារាំង បានផ្តល់កម្លាំងចិត្ត និងសន្យានឹងពង្រឹងភាពជាដៃគូ ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវនិយម។ តែជោគវាសនារបស់អ្នកកាសែតបារាំងពីររូបដែលត្រូវគេចាប់ខ្លួនអាហ្វហ្កានិស្តង់ និងភេរវកម្មសម្លាប់ជនជាតិបារាំង១១នាក់ នៅក្រុង ការ៉ាហ្ស៊ីត កាលពីឆ្នាំ២០០២ មិនបានត្រូវលើកយកពិភាក្សាទេ។ ជំនួបរវាងលោក សាកូហ្ស៊ី និង លោក ហ្សាដារី ម្សិលមិញ ក៏មិនបានលើកឡើងអំពីសំណុំរឿងរកាំរកូសពាក្យសំដីរវាងអង់គ្លេសនិងប៉ាគីស្តង់ដែរ។
ប៉ុន្តែដំណើរទស្សនកិច្ចនៅក្រុងឡុងដ៍ នៅថ្ងៃស្អែក ទំនងជានឹងមានសភាពស្មុគស្មាញជាង។ ពីរបីថ្ងៃមកហើយ ដែលនយោបាយក្រុងអ៊ីស្លាម៉ាបាត ទទួលរងការរិះគន់យ៉ាងខ្លាំង។ ក្នុងពេលធ្វើទស្សនកិច្ចនៅប្រទេសឥណ្ឌា លោកនាយករដ្ឋមន្ត្រីអង់គ្លេស បានថ្លែងចោទប្រកាន់ប៉ាគីស្តង់ខ្លាំងៗ ខុសពីទម្លាប់ ថា ប៉ាគីស្តង់កំពុងលេងល្បិចចាប់ត្រីដៃពីរ ដោយដៃម្ខាងទទួលជំនួយពីអន្តរជាតិដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវនិយម តែដៃម្ខាងទៀតហុចឲ្យពួកតាលីបង់។
សំណើនេះបានធ្វើឲ្យក្រុងអ៊ីស្លាម៉ាបាតខឹងសម្បារ តែលោក ដេវីត កាមឺរ៉ូន មិនផ្លាស់ប្តូរពាក្យសំដីឡើយ។ ដើម្បីបង្ហាញពីការមិនពេញចិត្ត ប្រមុខស៊ើបការសម្ងាត់ប៉ាគីស្តង់ បានសម្រេចមិនបន្តដំណើរទស្សនកិច្ចជាមួយប្រធានាធិបតីទៅកាន់ប្រទេសអង់គ្លេសទេ។ ចំណែកឯកអគ្គរដ្ឋទូតអង់គ្លេស ប្រចាំក្រុងអ៊ីស្លាម៉ាបាត ត្រូវបានប្រមុខការទូតប៉ាគីស្តង់កោះហៅឲ្យចូលជួបដែរ កាលពីម្សិលមិញ។
ម្យ៉ាងវិញទៀត ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីប៉ាគីស្តង់នៅបារាំង និងអង់គ្លេសនេះ ធ្វើឡើងជួនចំពេលដែលឯកសារសម្ងាត់អាមេរិក បានធ្លាយចេញតាមអ៊ីនធឺណែត បញ្ជាក់ពីទំនាក់ទំនងរវាងប៉ាគីស្តង់ និងពួកភេរវនិយម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ