ឥណ្ឌូនេស៊ី

ភ្នំភ្លើង​មេរ៉ាពី​បង្ក​មហន្តរាយ​ថ្មី

រូបភាព​ភ្នំភ្លើង​មេរ៉ាពី​កំពុង​​ផ្ទុះបញ្ចេញ​ផ្សែង​ខ្មៅ​ខ្មួលខ្មាញ់
រូបភាព​ភ្នំភ្លើង​មេរ៉ាពី​កំពុង​​ផ្ទុះបញ្ចេញ​ផ្សែង​ខ្មៅ​ខ្មួលខ្មាញ់ REUTERS/Andry Prasetyo

មាន​ស្លាប់​យ៉ាង​ហោច​ណាស់​៥៤​នាក់ និង​របួស​ជា​ង​១០​នាក់ ដោយ​ហេតុ​ភ្នំភ្លើង​មេរ៉ាពី​បាន​ផ្ទុះជា​ថ្មីម្តង​ទៀត នៅ​ថ្ងៃ​សុក្រ​នេះ​។ កម្លាំង​ផ្ទុះ​លើក​​នេះ​មាន​លក្ខណៈ​សាហាវ​ជាង​លើក​មុនៗ ​រហូត​​បង្ក​ឲ្យ​មាន​ភាព​ភ័យ​ស្លន់​ស្លោពេញ​មួយ​យប់។ ភូមិ​មួយ​ដែល​នៅ​ចម្ងាយ​ប្រមាណ​ជាង​១៨​គីឡូម៉ែត្រ​ពី​មាត់​ភ្នំភ្លើង​ត្រូវ​បំផ្លាញ​ខ្ទេចខ្ទី។

ផ្សាយពាណិជ្ជកម្ម

សេចក្តី​រាយការណ៍​របស់ អៀង សុខម៉ិញ

ការ​ផ្ទុះ​ភ្នំភ្លើង​យប់​មិញ​នេះ មាន​កម្លាំង​ខ្លាំង​ជាង​​លើក​មុនៗទាំង​អស់ គិត​ចាប់​ពី​ពេល​ដែល​មេរ៉ាពី​ផ្តើម​មាន​សកម្មភាព​ ក្នុង​ដំណាក់​កាល​ផ្ទុះ​​នៅ​ថ្ងៃទី​២៦​តុលាមក។ បើ​តាម​ក្រុម​អ្នក​សង្គ្រោះ​ មាន​ស្លាប់​យ៉ាង​ហោច​ណាស់ ៥៤​នាក់ ប៉ុន្តែ​នេះ​គ្រាន់​តែ​ជា​តុល្យការ​បណ្តោះ​អាសន្ន​ប៉ុណ្ណោះ ព្រោះ​នៅ​មាន​តំបន់​ខ្លះ​ទៀត​ គេ​មិន​ទាន់​អាច​ចូល​ទៅ​សង្គ្រោះ​បាន​ទេ ដោយ​ហេតុ​មាន​ផ្សែង​ពុល​ក្រាស់​ពេក។ ជា​សរុប តាំង​ពី​ថ្ងៃទី​២៦​តុលា​មក កម្ទេច​ភ្នំ​ភ្លើង និង​ផ្សែង​ខ្មៅ បាន​ផ្តាច់​ជីវិត​មនុស្ស​អស់​៩៨​នាក់។

ប្រជាជន​ជាង​១០​ម៉ឺន​នាក់​ត្រូវ​ជម្លៀស​ចេញ​ជា​បន្ទាន់​ ជា​ពិសេស​ភូមិ​ដែល​​នៅ​តាម​ជើង​ និង​ចង្កេះ​ភ្នំ។ ​ថ្ងៃ​នេះ អាជ្ញាធរ​ឥណ្ឌូនេស៊ី​បាន​សម្រេច​ពន្លាត​តំបន់​គ្រោះ​ថ្នាក់​ ពី​១៥​គីឡូម៉ែត្រ​ទៅ​ ២០​គ.ម. ពី​មាត់​ភ្នំ​ភ្លើង។

ចាត់​ទុក​ថា​ជា​ភ្នំភ្លើង​ដ៏​គ្រោះ​ថ្នាក់​បំផុត​មួយ​ នៅ​ឥណ្ឌូនេស៊ី មេរ៉ាពី (ភ្នំភ្លើង ​ជា​ភាសា​ឥណ្ឌូនេស៊ី) ដែល​មានមាត់​ភ្នំភ្លើង​នៅ​កម្ពស់​២៩១៤​ម៉ែត្រ និង​ ​ដែលស្ថិត​ក្នុង​តំបន់​​មាន​មនុស្ស​រស់​នៅ​ច្រើន ​ធ្លាប់​ភ្ញាក់​ និង​ផ្ទុះ​​ចំនួន​៧០​លើក​មក​ហើយ ហើយ​គ្រោះ​ថ្នាក់​ខ្លាំង​ជាង​គេ​បំផុត ​គឺ​នៅ​ឆ្នាំ ១៩៣០។ កាលណោះ​ភ្នំភ្លើង​បាន​សម្លាប់​ជីវិតមនុស្ស​អស់​​១៤០០​នាក់។

ការ​ផ្ទុះ​លើក​នេះ បាន​កើត​ឡើង​នៅ​ពាក់​កណ្តាល​អាធ្រាត​ បំផ្លាញ​ភូមិ​អាហ្កូមុលីយ៉ូ ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​១៨​គម.​ពី​មាត់​ភ្នំភ្លើង ខ្ទេច​ទាំង​ស្រុង។ ពពកផ្សែង​​ខ្មៅ និង​ខ្យល់​អាកាស​ អាប់​អួរ​ ពិបាក​ដក​ដង្ហើម កំពុង​គ្រប​ដណ្តប់​លើ​ក្រុង​តំបន់​ជុំ​វិញ​​ក្នុង​រង្វង់​៣០​គីឡូម៉ែត្រ​ពី​មេរ៉ាពី។

ប្រធានាធិបតី​ឥណ្ឌូនេស៊ី ដែល​បា​ន​ចុះ​ទៅ​សួរ​សុខ​ទុក្ខ​ប្រជាជន​រង​គ្រោះ​ដល់​ទី​កន្លែង បាន​អំពាវ​នាវ​ឲ្យ​គ្រប់​គ្នា​មាន​អំណត់ ព្រោះ​ដំណាក់​កាល​ផ្ទុះ​អាច​អូស​បន្លាយ​ជា​ច្រើន​សប្តាហ៍​ទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI