អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កូតឌីវ័រ​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក​សង្គ្រាម​មែន​ឬ ?

សំឡេង ០៥:៤៤
ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ ជួប​ប្រជុំ​គ្នា​ស្តីពី​វិបត្តិ​កូតឌីវ័រ​ថ្ងៃ​ទី ២៣ ធ្នូ ២០១០
ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ ជួប​ប្រជុំ​គ្នា​ស្តីពី​វិបត្តិ​កូតឌីវ័រ​ថ្ងៃ​ទី ២៣ ធ្នូ ២០១០ Reuters/Denis Balibouse
ដោយ៖ អៀង សុខម៉ិញ
២៣ នាទី

ស្ថានភាព​នៅ​ប្រទេស​កូតឌីវ័រ នៅ​តែ​ជាប់​គាំង ​ លោក​ បាក់បូ ប្រធានាធិបតី​ផុត​អាណត្តិ​នៅ​តែ​ធ្វើ​មិន​ដឹង​មិន​ឮ នឹង​ការ​អំពាវ​នាវ​របស់​សហគមន៍​អន្តរជាតិ ហើយ​បន្ត​កាន់​អំណាច​យ៉ាង​ពេញ​ដៃ​ដដែល។ ​គំនាប​ការទូត ​សេដ្ឋកិច្ច​ នៅ​តែ​បាន​បន្ត​ធ្លាក់​លើ​រដ្ឋាភិបាល​ខុស​ច្បាប់​របស់កូតឌីវ័រ​នេះ។ អង្គការ​សិទ្ធិមនុស្ស​​របស់​អង្គការ​សហប្រជាជាតិ សហគមន៍​អាហ្វ្រិក​ខាង​លិច បាន​រៀប​ចំ​ជំនួប​ប្រជុំ​វិសាមញ្ញ​​​ឡើង​ដើម្បី​ដោះ​ស្រាយ​វិបត្តិ​កូតឌីវ័រ។

ផ្សាយពាណិជ្ជកម្ម

 

ម្សិលមិញ អង្គការ​សហប្រជាជាតិ បាន​​​អនុម័ត លើ​សេចក្តី​សម្រេច​ចិត្ត​មួយ​ បរិហារ​​​ រដ្ឋាភិបាល​លោក​បាក់បូ ថា​កំពុង​តែ​កាន់​អំណាច​ដោយ​ខុស​ច្បាស់ សាបព្រោះ​អំពើ​ហិង្សា និង​បាន​​​បង្ខំ​ឲ្យ​លោក​បាក់បូ ប្រគល់កៅអី​ប្រមុខ​រដ្ឋ​ទៅ​ឲ្យ​ប្រធានាធិបតីស្រប​ច្បាប់។

បន្ទាប់​ពី​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ និង​ធនាគារ​កណ្តាល​ពិភពលោក ម្សិលមិញ សហភាព​សេដ្ឋកិច្ច ​និង​រូបិយវត្ថុ​អាហ្វ្រិក​ខាង​លិច ក៏​បាន​សម្តែង​ការ​គាំទ្រ​លោក​ប្រធានាធិបតី​ វ៉ាត់តារ៉ា​ ដោយ​បាន​​​ស្នើ​សុំ​ឲ្យ​ធនាគារ​កណ្តាល​នៃ​រដ្ឋ​អាហ្វ្រិក​ខាង​លិច ធ្វើ​ការ​តែ​ជាមួយ​នឹង​រដ្ឋាភិបាល​របស់​ប្រធានាធិបតី​ស្រប​ច្បាប់របស់​ប្រទេស​កូតឌីវ័រ​ លោក​វ៉ាត់តារ៉ា មួយ​​ប៉ុណ្ណោះ។ គឺ​មាន​ន័យ​ថា លោក បាក់បូ នឹង​មិន​អាច​ប៉ះពាល់​ ចាត់​ចែង​លើ​ថវិកា​ជាតិបាន គ្មាន​លទ្ធភាព​បើក​ប្រាក់​បៀរវត្ស​ដល់​មន្ត្រី​រដ្ឋការ។

ចំណែក​​​សហគមន៍​សេដ្ឋកិច្ច​នៃបណ្តា​​រដ្ឋ​អាហ្វ្រិក​ខាង​លិច​ Cédéao ក៏​បាន​បើក​​​ជំនួប​ប្រជុំ​​វិសាមញ្ញ​ ជា​លើក​ទីពីរ​ ដើម្បី​ដោះ​ស្រាយ​វិបត្តិ​នៅ​កូតឌីវ័រ។ លើក​ទី​មួយ​ធ្វើ​ឡើង​នៅថ្ងៃ​ទី ៧​ធ្នូ តែ​កាលណោះ​ពុំ​ទទួល​បាន​លទ្ធផល​អ្វី​ទេ។ ប៉ុន្តែ​លើក​នេះ សម័យ​ប្រជុំ​នឹង​ផ្តោត​ទៅ​លើ​ការ​ដាក់​ទណ្ឌកម្ម​លើ​លោក​ បាក់បូ ផង និង​ក៏​ទំនង​ជា​ផ្តល់​តម្លែ​ដល់​ការ​ប្រើ​កម្លាំង​ប្រឆាំង​នឹងលោក​បាក់បូ​។ ការ​ប្រជុំ​នេះ​ប្រព្រឹត្ត​ទៅ ក្នុង​ខណៈ​ពេល​ដែល​ភាគី​លោក​វ៉ាត់តារា​ បាន​ស្នើ​សុំ​ឲ្យ​សហគមន៍​អន្តរជាតិ​ផ្តួល​រំលំ​លោក​បាក់បូ ចេញ​ពី​អំណាច។
សហរដ្ឋ​អាមេរិក ក៏​បាន​ពិភាក្សា​ជាមួយ​នឹង​សហគមន៍​អាហ្វ្រិក​រួច​ហើយ ចំពោះ​លទ្ធភាព​នៃ​ការ​បង្កើន​ទ័ព​មួក​ខៀវ​នៅ​ក្នុង​ប្រទេស​កូតឌីវ័រ​នេះ។

កង​កម្លាំង​អង្គការ​សហប្រជាជាតិ​ ​ពុំ​មាន​សមត្ថភាព​អ្វី​សម្រាប់​ច្បាំង​ទេ។ ប៉ុន្តែ​​ដំណោះ​ស្រាយ​វិបត្តិ​កូតឌីវ័រ តាមរយៈ​ការ​ប្រើ​កម្លាំង​ទ័ព ឬ​ ដោយ​ធ្វើ​​សង្គ្រាម គឺ​ជា​សេណារីយូ ដែល​គេ​គិត​ថា​អាច​ទៅ​រួច ! ដូច​ការ​ប្រកាសរបស់​នាយករដ្ឋមន្ត្រី​ស្រប​ច្បាប់ កូតឌីវ័រ នៅ​ថ្ងៃ ម្សិលមិញ។ ព្រោះ​រាល់​​គំនាប​​ការទូត និង​សេដ្ឋកិច្ច ហាក់​មិន​បាន​ធ្វើ​​​រដ្ឋាភិបាល​លោក​បាក់បូ ហាក់​គ្មាន​រង្គោះ​រង្គើ​សោះ។ ធនាគារ​ពិភពលោក មូលនិធី​រូបិយវត្ថុ​អន្តរជាតិ បាន​នាំ​គ្នា​បិទ​ខ្ទប់​ថវិកា នៅ​ខាង​ក្នុង​ប្រទេស​ ការ​ដឹក​ជញ្ជូនគ្រឿង​ឧបភោគ​បរិភោគ​ តាម​ផ្លូវ​គោក និង​ផ្លូវ​ដែក​ រវាង​ពី​ទីក្រុង​ ប៊ូអាគេ ភាគ​ខាង​ជើង​ មក​រដ្ឋធានី​ អាប៊ីហ្សង់ ត្រូវ​កាត់​ផ្តាច់។ ម្សិលមិញ​លោក​បាក់បូ​ បាន​ថែម​ទាំង​បញ្ចេញ​ប្រាក់​ប្រមាណ​៨០​ពាន់​លាន​ហ្វ្រង់​កូតឌីវ័រ ដើម្បី​បើក​ប្រាក់​ខែ ជូន​បុគ្គលិក​រដ្ឋ។ អ្នក​វិភាគ​ខ្លះ សង្ស័យ​​ថា រដ្ឋាភិបាល​លោក​បាក់បូ ដែល​ឯកា​បំផុត​ នៅ​លើ​ឆាក​អន្តរជាតិ អាច​នឹង​បង្កើត​ប្រាក់​ខ្លួន​ឯង​ផង។ ទោះ​បី​នេះ​ជា​ដំណើរ​ការ​វែងឆ្ងាយ​និង​សាំ​ញ៉ាំ​សម្រាប់​ក្រសែ​ភ្នែក​​ធនាគារ​ក៏​ដោយ។

ការ​ព្រួយ​បារម្ភ​ខ្លាំង នឹង​ផ្តោត​ទៅ​លើ​ថ្ងៃ​ទី ២៩​ធ្នូ នៅ​ពេល​ដែល​ក្រុម​លោក បាក់បូ ប្រកូក​ប្រកាស​ ធ្វើ​បាតុកម្ម ​ នៅ​ទីក្រុងអាប៊ីហ្សង់។ ទោះ​បី​ជា​លោក Charles Blé Goudé មនុស្ស​ខ្លាំង​របស់​លោក​បាក់បូ ដែល​ជា​អ្នក​ផ្តួច​ផ្តើម​គំនិត បាន​អះអាង​ថា​ជា​បាតុកម្ម​ ដោយ​សន្តិវិធី។

ដើម្បី​បញ្ចៀស​​អំពើ​ហិង្សា ប្រទេស​បារាំង​​ដែល​ជា​អតីត​ប្រទេស​ធ្លាប់​ធ្វើ​អាណានិគម​លើ​ប្រទេស​កូតឌីវ័រ បាន​ប្រកាស​នៅ​ថ្ងៃ​នេះ ជា​ថ្មី​ម្តង​ទៀត​បើក​ច្រ​ក​ចុង​ក្រោយ​ឲ្យ​លោក​បាក់បូ ដើរ​ចេញ​ពី​តំណែង​ដោយ​កិត្តិយស ជា​ថ្នូរ​នឹង​ភាព​ស្ងប់​ស្ងាត់​សន្តិភាព​ក្នុង​ប្រទេស៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ