អាមេរិកនិងអាហ្វហ្កានីស្ថានសំរេចបានផ្នែកខ្លះៗនៃកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគី
សារព័ត៌មានបារាំងបានចុះផ្សាយនៅថ្ងៃអាទិត្យនេះថា អាមេរិកនិងអាហ្វហ្កានីស្ថាន បានព្រមព្រៀងគ្នាលើចំនុចមួយចំនួន ទាក់ទងកិច្ចព្រមព្រៀងសុវត្ថិភាពសន្តិសុខទ្វេភាគីជុំវិញវត្តមានអាមេរិកនៅអាហ្វហ្កានីស្ថាន។ មុននឹងសំរេចបានផ្នែកខ្លះៗនៃកិច្ចព្រមព្រៀងនេះ ប្រមុខការទូតអាមេរិក ចន ឃែររី បានពិភាក្សយ៉ាងស្វិតស្វាញ រយៈពេល២ថ្ងៃ ជាមួយប្រធានាធិបតីអាហ្វហ្កានីស្ថាន ហាមីឌ កាហ្សៃ។ ទោះយ៉ាងនេះក្តី ភាគីទាំង២នៅមិនទាន់ដោះស្រាយចេញនូវបញ្ហាអភ័យឯកសិទ្ធរបស់កងទ័ពអាមេរិក នៅអាហ្វហ្កានីស្ថាននោះទេ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅប្រទេសអាហ្វហ្កានីស្ថាន នៅថ្ងៃសុក្រនិងថ្ងៃសៅរ៍ម្សិលមិញ ប្រមុខការទូតអាមេរិក ចន ឃែររី បានពិភាក្សាជាមួយប្រធានាធីបតីអាហ្វហ្កានីស្ថាន ស្តីពីកិច្ចព្រមព្រៀងសុវត្ថិភាពសន្តិសុខទ្វេភាគី។
កិច្ចព្រមព្រៀងសន្តិសុខទ្វេភាគីនេះ សំដៅត្រួតពិនិត្យវត្តមានអាមេរិកនៅអាហ្វហ្កនីស្ថាន នៅចុងឆ្នាំ២០១៤ ពេលដែលបេសកកម្មកងទ័ពអង្គការអូតង់ត្រូវបញ្ចប់។ ភាគីប្រទេសទាំងពីរបានឈានទៅដល់កិច្ចព្រមព្រៀងមួយចំនួន ពិសេសបញ្ហាទាក់ទងបែបបទនៃអន្តរាគមន៍ទាហានអាមេរិក។ ប៉ុន្តែ បញ្ហាទាក់ទងអភ័យឯកសិទ្ធកងទ័ពអាមេរិក នៅមិនទាន់ដោះស្រាយបានទេ។
ក្រុងវ៉ាស៊ីនតោនចង់អោយតុលាការអាមេរិកជាអ្នកកាត់ទោសកងទ័ពអាមេរិកដែលជាប់សង្ស័យក្នុងបទឧក្រិដ្ឋនៅអាហ្វហ្កានីស្ថាន គឺមិនមែនតុលាការអាហ្វហ្កានីស្ថានជាអ្នកសំរេចនោះទេ។ ប្រធានាធិបតីអាហ្វហ្កានីស្ថានបានលើកឡើងថា បញ្ហានេះគឺស្ថិតនៅក្រោមការសំរេចរបស់បណ្តាមេដឹកនាំកុលសម្ព័ន្ធ និងអ្នកតំណាងសង្គមនានានៅអាហ្វហ្កានីស្ថាន ដែលក្រុងកាប៊ូលហៅថា Loya Jirga នោះ។
ទោះយ៉ាងនេះក្តី ប្រមុខការទូតអាមេរិកបានសំដែងអាកប្បកិរិយាអោយគេគិតថា ប្រធានាធិបតីកាហ្សៃ បានយល់ព្រមនូវចំណុចនេះ ជាមួយអាមេរិក ដោយនៅរង់ចាំតែការសំរេចចុងក្រោយ ពីអ្នកទទួលខុសត្រូវនៅអាហ្វហ្កានីស្ថានទាំងនោះប៉ុណ្ណោះ។
ដោយឡែក អាជ្ញាធរក្រុងកាប៊ូល បានបដិសេធមិនព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដែលអនុញ្ញាតអោយទ័ពអាមេរិកធ្វើប្រតិបត្តិការតាមទំនើងចិត្តខ្លួន ក្នុងទឹកដីអាហ្វហ្កានីស្ថាន ពិសេសប្រតិបត្តិការកំចាត់ក្រុមអាល់កៃដា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ