ជិតដល់ពេលបោះឆ្នោត លោកអាភីស៊ីតធ្វើការវាយបកគូបដិបក្សនយោបាយខ្លួន
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នាយករដ្ឋមន្ត្រីថៃ លោក អាភីស៊ីតវាចាជីវ៉ា (Abhisit Vejjajiva ) នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ បានធ្វើការវាយបកដោយប្រមាថមើលងាយទៅលើគូបដិបក្សនយោបាយរបស់ខ្លួន ជាពិសេសទៅលើអតីតនាយករដ្ឋមន្ត្រីថៃថាក់ស៊ីនស៊ីណាវ៉ាត្រដើម្បីប៉ុនប៉ង ផ្តល់សន្ទុះយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកនាមុនថ្ងៃបោះឆ្នោត ទី ៣ កក្កដា។
គណបក្សប្រជាធិបតេយ្យ របស់លោកនាយករដ្ឋមន្ត្រីបច្ចុប្បន្ន អាភីស៊ីតវេចាជីវ៉ា នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ បានធ្វើ មីទ្ទិញមួយក្នុងយុទ្ធនាការឃោសនាបោះឆ្នោតទ្រង់ទា្រយធំមួយនៅចំកណ្តាលទីក្រុងបាងកក ទីកន្លែង ដែលក្រុមបាតុករអាវក្រហម ធ្លាប់ បានកាន់កាប់នៅខែមេសាឆ្នាំ២០១០ ។ ក៏នៅទីនោះហើយ- ដែលមានការ ប្រឈមមុខគ្នាយ៉ាងកាចសាហាវបំផុត រវាងពួកទាហានថៃនិងក្រុមបាតុករប្រឆាំងរដ្ឋាភិបាលអាភីស៊ីតដែលបណ្តាលឲ្យមនុស្សស្លាប់ជាង៩០នាក់និងរបួស១៩០០នាក់។
នៅចំពោះមុខបក្សព័ន្ធគណបក្សប្រជាធិបតេយ្យជាង៣ម៉ឺននាក់ លោកអាភីស៊ីត បានថ្លែងការពារចំណាត់ការរបស់លោក នៅក្នុងអំពើហិង្សានយោបាយ កាលពីខែមេសាឆ្នាំ២០១០ នោះ និងបានធ្វើការវាយប្រហារចំៗ ទៅលើលោក ថាក់ស៊ីនដែលជាវីរជនរបស់ក្រុមអាវក្រហម ដោយបានអំពាវនាវអ្នកបោះឆ្នោត ជម្រះចិត្តឲ្យអស់ពីឥទ្ធិពលលោកថាក់ស៊ីន។ មិនតែប៉ុណ្ណោះ លោកអាភីស៊ីត បានសង្កត់ធ្ងន់ទៀតថា “បើអ្នកបោះឆ្នោត មិនគាំទ្រគណបក្សប្រជាធិបតេយ្យដែលកំពុងគ្រប់គ្រងរដ្ឋអំណាចនោះទេ” នៅពេលអនាគត ពលរដ្ឋថៃ នឹងក្លាយទៅជាចំណាប់ខ្មាំង របស់ពួកជនដែលស្រឡាញ់អំពើហិង្សា។
ដោយហេតុតែបច្ចុប្បន្ននេះ គណបក្សភឿថៃ ឬ ក្រុមអាវក្រហម មានប្រជាប្រិយភាពខ្លាំងក្លា ទើបពួកប្រជាធិបតេយ្យ ខិតខំធ្វើការវាយសម្រុកដាក់សម្ពាធទៅលើបក្សប្រឆាំងថៃ ដោយ ចោទប្រកាន់ថា ជាប់ពាក់ព័ន្ធនឹងអំពើហិង្សានយោបាយដ៏ធ្ងន់ធ្ងរកាលពីឆ្នាំមុនដែលប្រទេសថៃទំនើបនេះ ពុំធ្លាប់ឆ្លងកាត់។
ស្របគ្នានេះដែរ នៅថ្ងៃព្រហ្បតិ៍២៣មិថុនាម្សិលមិញ ឧបនាយករដ្ឋមន្ត្រីថៃ ទទួលបន្ទុកផ្នែកសន្តិសុខ លោក Suthep Thaugsuban បាន សង្កត់ពាក្យដដែលៗថា “ បោះឆ្នោតឲ្យគណបក្សភឿថៃ គឺ មានន័យថា បានជ្រើសយក ពួកភេរវជន មកធ្វើជាអ្នកតំណាងរាស្រ្ត” !។ ពាក្យសំដីនេះ គឺលោកស៊ូថេប ចង់លេបខាយសំដៅទៅលើ ពួកមេដឹកនាំអាវក្រហមដែលជាប់ចោទពីបទភេរវកម្មនិងទៅលើ បេក្ខជននៃគណបក្សប្រឆាំងដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ